ជាតិ
លោក ប៉ាវ ស៊ីណា សប្បាយចិត្ត​ដែល​តុលាការ​ព​ន្លឿ​ន​ការកាត់ក្តី ប៉ុន្តែ​ត្រៀម​ប្ដឹងទៅ​ឧទ្ធរណ៍​
11, Dec 2018 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ​បានសម្រេច​សាលក្រម​ឲ្យ​មេដឹកនាំ​សហជីព​៦​នាក់ ដោយ​ផន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​២​ឆ្នាំ​៦​ខែ ពាក់ព័ន្ធ​សំណុំរឿង​ផ្តើមគំនិត​ដឹកនាំ​បាតុកម្ម​ឲ្យ​មាន​អំពើហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​អំឡុង​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​។ ប៉ុន្តែ​ទោស​ជាប់ពន្ធនាគារ​នេះ ត្រូវបាន​តុលាការ សម្រេច​ឲ្យ​សហជីព​ព្យួរទោស ដោយ​អាច​នៅក្រៅ​ឃុំ បំពេញការងារ​ជាធម្មតា​។ សហជីព សប្បាយ​ចិត្តនឹង​កា​រព​ន្លឿ​ន​ការកាត់ទោស​នេះ ប៉ុន្តែ​ពួកគេ​ត្រៀមខ្លួន ប្តឹងទៅ​ឧទ្ធរណ៍ ជំទាស់​សាលក្រម​សាលាដំបូង​។​

 
​លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ បាន​និយាយថា លោក​មិនអាច​ទទួលយក ការសម្រេច​របស់​តុលាការ​នេះឡើយ ព្រោះ​រូបលោក​មិនបាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​។ លោក ប៉ាវ ស៊ីណា ដែលជា​មេ​សហជីព​ម្នាក់ ក្នុងចំណោម​មេ​សហជីព​៦​នាក់ ដែល​ត្រូវបាន​តុលាការ​កាត់ទោស​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​គ្មានអ្វី​ចម្លែក​ទេ ព្រោះ​អ្នកប្ដឹង​សុទ្ធតែ​អ្នកមាន​លុយ អ្នកមានអំណាច ដូច្នេះ​ច្បាស់​ណាស់​ថា លទ្ធផល​គឺ​វា​ប្រាកដជា​បែបនេះ​។ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា សម្ដេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ពិនិត្យមើល​ហើយ​ទម្លាក់​បទ​ចោទ ប៉ុន្តែ​បែ​ជា​តុលាការ​កាត់ទោស​ទៅវិញ​។ ហើយ​ការកាត់ទោស​នេះ យើង​ក៏​ពិបាក​ទទួលយកបាន​ណាស់ ព្រោះ​ខ្ញុំ​មិនបាន​នៅ​កន្លែងកើតហេតុ ដូច​ការចោទប្រកាន់​ឡើយ សូម្បី​នៅក្នុង​កាមេរ៉ា​ទូរស័ព្ទ ដែល​គេ​ថត​បាន ក៏​គ្មាន​រូបខ្ញុំ​ដែរ​»​។​
 
​បើតាម​លោក ប៉ាវ ស៊ីណា លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ពិនិត្យមើល​លទ្ធភាព ក្នុងការ​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ជំទាស់​លើ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​។​
​មេ​សហជីព​ទាំងនោះ រួមមាន លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​,  លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​, លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​, លោក រ៉ុ​ន ឈុន  ប្រធាន​សហភាព​សហជីព​កម្ពុជា​, អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​។​អ្នក​ទាំង​៦ ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា នៅក្រោយ​ឆ្នាំ​២០១៣​។ 
 
​ក្រៅពីនេះ ចៅក្រម បាន​តម្រូវ​ឲ្យ​អ្នក​ទាំង​៦ រួមគ្នា​បង់ប្រាក់​៣០​លាន​រៀល ទៅ​ឲ្យ​មន្ត្រីនគរបាល​ពីររូប ដែលជា​ដើមបណ្តឹង​។ លើសពីនេះ ពួកគេ ក៏ត្រូវ​បង់​៥​លាន​រៀល​បន្ថែមទៀត ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​ក្រុមហ៊ុន ដែលជា​ដើមបណ្តឹង​ផងដែរ​៕

Tag:
 ប៉ាវ ស៊ីណា​
  សហជីព​
 ​ឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com