អន្តរជាតិ
«​បុគ្គល​ប្រចាំឆ្នាំ​» របស់​ទស្សនា​វ​ដ្តី Time គឺ​សុទ្ធតែជា​អ្នកសារព័ត៌មាន
12, Dec 2018 , 5:03 pm        
រូបភាព
ដោយ:
​ទស្សនា​វ​ដ្តី Time នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែធ្នូ បាន​បញ្ចេញ​ឈ្មោះ «​បុគ្គល​ប្រចាំឆ្នាំ​២០១៨» (PERSON OF THE YEAR 2018) របស់ខ្លួន ដើម្បី​ផ្ត​ល់ក​ត្តិ​យស​ដល់​អ្នកសារព័ត៌មាន​មួយក្រុម ដែល​ត្រូវបាន​សម្លាប់ និង​ចាប់​ឃុំឃាំង​។ ជាមួយគ្នានេះ ទស្សនា​វ​ត្តី​ដែលមាន​អាយុកាល​ជិត​១០០​ឆ្នាំនេះ បាន​ព្រមាន​ថា គោល​គំនិត​នៃ​ការពិត​ដែលមាន​សារៈសំខាន់​សម្រាប់​ប្រជាធិបតេយ្យ កំពុងស្ថិត​ក្រោម​ការធ្វើ​ទុក្ខ​បុក​ម្នេញ​។

 
​ទស្សនា​វ​ដ្តី Time ក្រោម​ចំណងជើង «​បុគ្គល​ប្រចាំឆ្នាំ​២០១៨» បាន​បញ្ចេញ​គ្រប​មុខ​របស់ខ្លួន​ចំនួន ៤ ដាច់ដោយឡែក​ពីគ្នា​។ ក្រប​មុខ​ទាំង​បួន​នេះ គឺ​ដាក់​បង្ហាញ​រូបថត​របស់​អ្នកសារព័ត៌មាន​មួយក្រុម រួមមាន​ដូចជា​៖
 
​ក្រប​មុខ​ទីមួយ​! លោកស្រី Maria Ressa ស្ថាបនិក​វេ​ប​សាយ​ព័ត៌មាន​ហ្វីលីពីន Rappler ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល លោក​ប្រធានាធិបតី​ហ្វីលីពីន រូ​ឌ្រី​ហ្គោល ឌូ​ទើ​តេ ហើយ​កាលពី​ខែវិច្ឆិកា​កន្លងទៅ រដ្ឋាភិបាល​ហ្វីលីពីន កាលពី​ខែវិច្ឆិកា បានសម្រេច​ចោទប្រកាន់​ស្ថាប័ន​ព័ត៌មាន​នេះ និង​លោកស្រី Ressa  ពីបទ​គេចវេស​ពី​បង់ពន្ធ​។ ។​


 
​ក្រប​មុខ​ទី​ពីរ​! លោក Wa Lone និង លោក Kyaw Soe Oo អ្នកសារព័ត៌មាន​ពីររូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពីបទ​បំពាន​ច្បាប់​ស្តីពី​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​។​
 
​ក្រប​មុខ​ទី​បី​! លោក Jamal Khashoggi  អ្នកសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ខែតុលា​នៅ​ស្ថាន​កុងស៊ុល​តួ​ក​គី​។ លោក Khashoggi   ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រិះគន់​ខ្លាំងៗ​លើ​ព្រះអង្គម្ចាស់ Mohammed bin Salman  ដ៏​មាន​ឥទ្ធិពល​។​
 
​ក្រប​មុខ​ទី​បួន​! បុគ្គលិក​កាសែត Capital Gazette  មាន​មូលដ្ឋាន​នៅ​រដ្ឋ Maryland  សហរដ្ឋអាមេរិក ដែល​ធ្លាប់ជា​គោលដៅ​នៃ​ការបាញ់ប្រហារ​កាលពី​ខែមិថុនា​កន្លងទៅ​។ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដល់ទី​ស្នាក់​ងារ​នេះ បាន​បណ្តាល​ឲ្យ​បុគ្គលិក​៥​ឆ្នាំ​បាត់បង់​ជីវិត​។​
 
 
 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Ben Goldberger ជំនួយការ​ផ្នែក​គ្រប់គ្រង​របស់​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី​Time បាន​គូសបញ្ជាក់ថា លោក​សង្ឃឹមថា មនុស្ស​គ្រប់គ្នា​នឹង​ទទួលបាន​សារ​មួយ​នេះ ជាការ​ក្រើនរម្លឹក​មួយ ជុំវិញ​សារៈសំខាន់​នៃ​ការការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ស្វែងរក​ការពិត​។ ហើយ​វា​ច្បាស់លាស់​ណាស់​ថា ប្រជាធិបតេយ្យ​ពុំ​អាច​ដំណើរការ​បានឡើយ បើ​គ្មាន​ការចែករំលែក​ការយល់ដឹង​ពី​ការពិត​ទេនោះ​។​
 
​ទន្ទឹមនឹងនេះ លោក Goldberger ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ពី​តួនាទី​ដ៏​សំខាន់​របស់​វី​ជ្ជា​ជិ​វៈ​សារព័ត៌មាន ក្នុងការ​ផ្តល់ព័ត៌មាន​ដែល​ចាំបាច់ សម្រាប់ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដំណើរការ​ទៅមុខ​។  ត្រង់នេះ លោក​បាន​បញ្ជាក់ថា អ្នក​ទាំងនោះ​គឺជា​អ្នក​ដែល​កំពុង​ប្រឡូក​ក្នុង​សង្គ្រាម​ដើម្បី​ការពិត និង​ក្នុង​សង្គ្រាម​ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​។ នេះ​គឺជា​ការងារ​ដ៏​មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ពិភពលោក​។​
 
​សូមបញ្ជាក់ថា ការជ្រើសរើស «​មនុស្ស​ប្រចាំឆ្នាំ​» របស់​ទស្សនា​វ​ដ្តី​Time  បានចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​១៩២៧​។ ការចុះផ្សាយ​ប្រចាំ​ឆ្នាំនេះ​គឺមាន​គោលបំណង​ដាក់​បង្ហាញ​មនុស្ស​, ក្រុម​, គោល​គំនិត ឬ​របស់​ផ្សេងៗ ដែល «​ល្អ​បំផុត ឬ​អាក្រក់​បំផុត​… បាន​ជះឥទ្ធិពល​ខ្លាំង​បំផុត​ទៅលើ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​»៕​
 

Tag:
 សារព័ត៌មាន​
  ទស្សនា​វ​ដ្តី TIME
© រក្សាសិទ្ធិដោយ thmeythmey.com