ជាតិ
​​​ន​យោ​បាយ​ជាតិ​
តាម​ភ្លើង​បៃតង​សម្តេច ហ៊ុន សែន ឬ បន្ត​គោរព​ភ្លើង​ក្រហម​លោក សម រង្ស៊ី​?
13, Dec 2018 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកនយោបាយ​កំពូល​ទាំងពីរ គឺ​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ពីរ​ផ្សេងគ្នា​ទៅកាន់​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្សប្រឆាំង​។ សម្តេច ហ៊ុន សែន ហៅ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង ឲ្យ​ដាក់សំណើ បើ​ចង់​ចូលធ្វើ​នយោបាយ​វិញ ខណៈ​លោក សម រង្ស៊ី ប្រាប់ថា «​កុំ​ចាញ់បោក​ឲ្យ​សោះ​»​។ ឯ​លោក កឹម សុខា ដែល​ក្រុម​អ្នកប្រឆាំង​ចាត់ទុកថា​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ នៅតែ​មិន​មាត់ក​នឹង​រឿង​នយោបាយ​។​


 
​សម្តេច ហ៊ុន សែន ប្រកាសថា នឹង​ពិចារណា ក្នុង​ការសុំ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ ដើម្បី​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​រូប​ណា ដែល​ដាក់សំណើ បាន​ចូលធ្វើ​នយោបាយ​វិញ​។ សម្តេច ហ៊ុន សែន អះអាងថា អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល អាច​នឹង​មានឱកាស តែ​អ្នក​ដែល​ប្រឆាំង នឹងមិន​មាន​ឡើយ​។ 
 
​ឯ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ទៅកាន់​មន្ត្រី​ទាំងអស់​របស់លោក កុំ​ឲ្យ​លង់​នឹង​ការបញ្ចុះ​បញ្ចូល​របស់​ស​ម្តេច ហ៊ុន សែន​។ លោក បាន​ហៅ​យុទ្ធសាស្ត្រ​របស់​សម្តេច ហ៊ុន សែន ថា​ជាការ​បំបែកបំបាក់​អតីត​គណបក្សប្រឆាំង​។ 
 
​លោក សម រង្ស៊ី នឹង​ចាត់ទុកជា​ជន​ក្បត់បក្ស បើ​មន្ត្រី​របស់លោក​រូប​ណា សុំ​ការអនុគ្រោះ​ពីស​ម្តេច ហ៊ុន សែន ដើម្បី​បាន​ចូលធ្វើ​នយោបាយ​វិញ​។ លោក ពន្យល់ថា ទោះជា​ទទួលបាន​សិទ្ធិ​នយោបាយ ក៏​អត់​ប្រយោជន៍​ដែរ ពីព្រោះ​ពួកគេ មិនអាច​ធ្វើ​នយោបាយ​បានឡើយ បើអតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​រស់​ឡើងវិញ​។ 
 
​ពី​ក្រៅប្រទេស លោក សម រង្ស៊ី បាន​ផ្ញើ​សារជាដ​ដែលៗ ទៅកាន់​មន្ត្រី​គ្រប់រូប​នៃ​អតីត​គណបក្សប្រឆាំង ឲ្យ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​បន្ទាប់មក ចាំ​គិតពី​សិទ្ធិ​នយោបាយ​និង​រឿង​ផ្សេងទៀត​។ សារ​ដ៏​សំខាន់​មួយទៀត​របស់លោក គឺ​ទទូច​ឲ្យ​មន្ត្រី​របស់លោក រួមគ្នា​ជា​ធ្លុង​មួយ ទើប​អាច​ទទួលបាន​ជ័យជម្នះ​។ 
 
​មហាជន អាច​វាយតម្លៃថា ផ្លូវ​ទាំងពីរ​នេះ ដែល​មួយ​ជា​របស់​សម្តេច ហ៊ុន សែន ហើយ​មួយ​ជា​របស់លោក សម រង្ស៊ី ជាការ​ធ្វើតេស្ត​ក្រុម​អ្នកប្រឆាំង ថា​បែកបាក់​គ្នា​ឬក៏​មិន​បែក​។ គេ ទំនងជា​កំពុង​រង់ចាំ​មើលថា តើ​ពួកគេ បន្ត​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី ឬក៏​បែកចិត្ត​ហើយ​ធ្វើតាម​ការណែនាំ​របស់​ស​ម្តេច ហ៊ុន សែន​។ 
 
​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់ (​ស្លាប់​ម្នាក់​) នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​ដកសិទ្ធិ​នយោបាយ លោក គង់ គាំ បាន​ចេញមុខ​ប្រកាស​មុនគេ ថា​នឹង​ធ្វើសំណើ​តាម​ការចង្អុលបង្ហាញរ​បស់​សម្តេច ហ៊ុន សែន ដើម្បី​សុំ​សិទ្ធិ​នយោបាយ​វិញ​។ លោក គង់ គាំ ដែល​ធ្លាប់ជា​មនុស្ស​ស្និទ្ធ​បំផុត​របស់លោក សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោក មិនអាច​បន្ត​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​នោះទេ​។ 
 
​ស្របពេល​ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្សប្រឆាំង ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​តែង​នៅ​ជិត​លោក សម រង្ស៊ី ដែរនោះ បានប្រកាសថា លោក និង​អ្នក​ដទៃទៀត មិន​ខ្ចី​ចង់បាន​សិទ្ធិ​នយោបាយ ពី​អ្នកណា​ឡើយ​។ លោក បាន​សរសេរ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ក្រៅប្រទេស​ថា តាមពិត មនុស្ស​គ្រប់រូប មាន​សិទ្ធិ​នយោបាយ​តាំងពី​កំណើត​មកម្ល៉េះ​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ តំណាងរាស្ត្រ​១១៥​នាក់ បាន​ចូលរួម​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា ហើយ​បាន​លើកដៃ​ទាំងអស់គ្នា ដើម្បី​អនុម័ត​មាត្រា​៤៥​ថ្មី (​ស្ទួន​) ឲ្យ​ក្លាយទៅជា​មាត្រា​៤៥​ថ្មី (​ស្ទួន​១)​។ មាត្រា​៤៥​ថ្មី (​ស្ទួន​) បាន​ចែងថា តុលាការ​កំពូល អាច​បញ្ឈប់​អ្នកនយោបាយ ពី​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ដូច្នេះ អ្នក​ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល ត្រូវ​រង់ចាំ​៥​ឆ្នាំក្រោយ ទើប​អាច​ចូលធ្វើ​នយោបាយ​វិញ​បាន​។ 
 
​ប៉ុន្តែ អំណាច​នៃ​មាត្រា​៤៥​ថ្មី (​ស្ទួន​១) ដែល​ទើបនឹង​កើតឡើង អាចធ្វើ​ឲ្យ​បម្រាម​នេះ ផុតរលត់​មុន​កាលកំណត់​។ មាត្រា​៤៥​ថ្មី (​ស្ទួន​១) បាន​ថ្វាយ​ព្រះរាជ​អំណាច​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ប្រោស​ព្រះរាជទាន​នីតិសម្បទា ដល់​អ្នក​ជាប់​បម្រាម ហើយ​ឲ្យ​ពួកគេ ចូលធ្វើ​នយោបាយ​វិញ​។ ហើយ​អ្នក ដែលមាន​សិទ្ធិ​ថ្វាយ​សំណើ​នេះ ទៅ​ព្រះមហាក្សត្រ គឺ​នាយករដ្ឋមន្ត្រី​។
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​១) នឹង​ចូល​ជា​ធរមាន​និង​ដាក់​ឲ្យ​អនុវត្ត នៅពេលណា ព្រះមហាក្សត្រ បានចេញ​រាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​៕ 
 

Tag:
 ទស្សនៈ​
  ច្បាប់​នយោបាយ​
  ហ៊ុន សែន​
  សម រង្ស៊ី​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com