សៀមរាប៖ សំរាម បានក្លាយជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាធំៗដទៃទៀត នៅក្នុងកាលៈទេសៈដែលប្រទេសកំពុងអភិវឌ្ឍន៍។ ពេលណាមានមនុស្សច្រើន ការទុកដាក់សំរាមក៏មិនបានត្រឹមត្រូវដែរ។ ឃុំកំពង់ឃ្លាំង មានភូមិសាស្ដ្រនៅជាប់បឹងទន្លេសាប ហើយមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារកំពុងរស់នៅ។ ការលុបបំបាត់សំរាម បានក្លាយចំណុចអាទិភាពរបស់អាជ្ញាធរឃុំកំពង់ឃ្លាំង យកចិត្តទុកដាក់ខ្ពស់ ដ្បិតពួកគយល់ថា បើចង់បានការអភិវឌ្ឍ នោះគេត្រូវគិតគូរពីបរិស្ថានជាមុន។ ពួកគេមានក្ដីស្រមៃចង់ឱ្យសហគមន៍ដ៏មានសក្កានុពលផ្នែកទេសចរណ៍មួយនេះ គ្មានសំរាម និងអាចទាក់ទាញទេសចរឆ្ងាយជិតមកកម្សាន្ត បង្កើតចំណូលដល់សហគមន៍នាពេលអនាគត។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
ឃុំកំពង់ឃ្លាំង មានភូមិសាស្ដ្រជាប់នឹងបឹងទន្លេសាប ហើយប្រជាពលរដ្ឋនៅទីនោះជាង ៨០ភាគរយជាអ្នកនេសាទ។ ដោយសាររស់នៅលើផ្ទៃទឹក ដូច្នេះការទុកដាក់សំរាមរបស់ពួកគេមិនសូវបានត្រឹមត្រូវឡើយ។ ពួកគេតែងទម្លាប់បោះចោលក្នុងទឹក ហើយវាបានក្លាយជាទម្លាប់សម្រាប់កូនចៅពួកគេ។
អង្គការមូលនិធិទំពាំងស្នងឫស្សី បានចាប់ផ្តើមគម្រោងសម្អាតបរិស្ថាននៅតំបន់កំពង់ឃ្លាំង ដោយសារមើលឃើញពីផលប៉ះពាល់ និងហានិភ័យជាច្រើន ដែលកើតចេញពីសំរាម។ ខុសពីតំបន់ដទៃ ការបំពុលបរិស្ថានដោយសារសំរាម បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។
យុទ្ធនាការសម្អាតបរិស្ថានដ៏ធំមួយ ត្រូវបានធ្វើឡើងនៅឃុំកំពង់ឃ្លាំងកាលពីដើមខែធ្នូ ដោយមានការចូលរួមពីអង្គការជាតិ អន្ដរជាតិ អាជ្ញាធរ និងប្រជាសហគមន៍ដែលសរុបជាង ៩០០នាក់។ យុទ្ធនាការដោយការជិះទូក ដើម្បីការអប់រំពលរដ្ឋឱ្យយល់ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងស្គាល់តម្លៃរបស់សំរាម។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលបានធ្វើយុទ្ធនាការសម្អាតបរិស្ថាននៅកំពង់ឃ្លាំងកាលពីដើមខែធ្នូកន្លងទៅ បានឱ្យដឹងថា យុទ្ធនាការនេះរាងប្លែកបន្ដិច ប៉ុន្តែវាបានធានានិរន្តរភាពក្នុងការទុកដាក់សំរាមផងដែរ។ សំរាមដែលប្រមូលបានក៏ត្រូវបានបែងចែកជាពីរផ្នែក ដោយផ្នែកមួយត្រូវនាំយកទៅកែច្នៃធ្វើសម្ភារប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនអន្ដរជាតិ Pss Pl ជាក្រុមហ៊ុនកែច្នៃសំរាម ក៏បានចូលរួមក្នុងយុទ្ធនាការខាងលើនេះដែរ។ ហេតុផលដែលក្រុមហ៊ុននេះ ចូលរួមជាមួយយុទ្ធនាការខាងលើ ដោយសារមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។ ទឹកស្រកមិនបាននាំថង់ប្លាស្ទិក ឬសំរាមដទៃជាច្រើនទៅជាមួយទេ ផ្ទុយទៅវិញវាបានបង្កផលប៉ះពាល់ជាច្រើន ពិសេសការរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់ឃ្លាំងតែម្ដង។
លោក ម៉ាក ហ្វីនស្ទឺលីន តំណាងក្រុមហ៊ុន Pss Pl បានលើកឡើងថា លោកបានមកដល់កំពង់ឃ្លាំងក្នុងអំឡុងខែ វិច្ឆិកា និងបានឃើញសំរាមជាច្រើន អណ្ដែតនៅក្រោមផ្ទះប្រជាពលរដ្ឋ។ ពេលនោះលោកក៏បានគិតថា គួរធ្វើអ្វីមួយទាក់ទងនឹងរឿងនេះ និងក្រោយមកក៏បានជួបពិភាក្សាជាមួយមិត្តភក្ដិ សហគមន៍ និងអង្គការក្នុងស្រុកដើម្បីកំណត់តំបន់គ្មានសំរាម ក៏ដូចជាបង្កើតរចនាសម្ព័ន្ធមួយដើម្បីដោះស្រាយរឿងសំរាមនេះ។
យុវសិស្ស អឿន សារ៉ូន អ្នកឃុំកំពង់ឃ្លាំង និងដែលបានចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅថ្ងៃនោះដែរ បានបង្ហាញអារម្មណ៍រីករាយពេលឃើញអ្នកភូមិទាំងអស់មានភាពសហការគ្នា និងយកចិត្តទុកដាក់លើបញ្ហាសំរាម ក្នុងសហគមន៍របស់ខ្លួនបែបនេះ។ កន្លងមក សារ៉ូន មើលឃើញថា ការទុកដាក់សំរាមនៅមិនទាន់ប្រសើរឡើយសម្រាប់សហគមន៍របស់នាង តែនាងចាប់ផ្តើមរីករាយជាខ្លាំងនៅពេលអ្នកភូមិចាប់ផ្តើមយល់ ចេះទុកដាក់សំរាម យល់ពីតម្លៃ និងផលប៉ះពាល់របស់សំរាម។
ជាមួយគ្នានេះដែរ សារ៉ូន ចង់ឱ្យមានកម្មវិធីអប់រំបរិស្ថានដល់សហគមន៍ខ្លួនកាន់តែច្រើន និងធ្វើជាញឹកញាប់ ដើម្បីបន្ដបញ្ជ្របចំណេះដឹងផ្នែកបរិស្ថានដល់សហគមន៍កំពង់ឃ្លាំងឱ្យកាន់តែទូលំទូលាយ។ សម្រាប់ សារ៉ូន សំរាមជាបញ្ហាសំខាន់ បើគ្មានសំរាមនោះកំពង់ឃ្លាំងនឹងអាចទាក់ទាញទេសចរកាន់តែច្រើនឱ្យទៅកម្សាន្ត។
ចំណែកឯយុវសិស្ស គា ស្រីមុំ វិញក៏យល់ដូច សារ៉ូន ដែរ។ ស្រីមុំថា នាងចង់ឱ្យអង្គការជំរុញការអប់រំបរិស្ថាន ឱ្យបានច្រើនក្នុងសហគមន៍នាង ដើម្បីឱ្យពលរដ្ឋមានការយល់ដឹងផ្នែកបរិស្ថាននេះកាន់តែច្រើន។ សម្រាប់ស្រីមុំ ពលរដ្ឋកំពង់ឃ្លាំងរកស៊ីពីផលនេសាទបានតែក្នុងខែវស្សា ហើយខែប្រាំងពួកគេរកចំណូលបានតិចតួចបំផុត។ ដូច្នេះប្រសិនបើវិស័យទេសចរណ៍នៅតំបន់នេះមានការរីកចម្រើន នោះពលរដ្ឋលែងបារម្ភចំពោះបញ្ហាជីវភាពទៀតដែរ។
សម្រាប់ស្រីមុំ នាងមានក្ដីស្រមៃចង់បានឱ្យពលរដ្ឋក្នុងសហគមន៍នាងមានចំណេះដឹង និងយល់ដឹងពីបញ្ហាសំរាមឱ្យកាន់តែទូលំទូលាយ ដើម្បីអភិវឌ្ឍន៍សហគមន៍នេះក្លាយជាគំរូល្អដល់សហគមន៍ឯទៀតដែលរស់នៅជាប់បឹងទន្លេសាប៕