អន្តរជាតិ
កាណាដា រក​ផ្លូវ​ឈប់​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ឃាតកម្ម​លោក Kashoggi
18, Dec 2018 , 8:39 am        
រូបភាព
​រដ្ឋាភិបាល​កាណាដា កំពុង​រិះរក​មធ្យោបាយ​ក្នុងការ​លុបចោល​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ឃាតកម្ម​លើ​អ្នកកាសែត Jamal Kashoggi ។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ និយាយថា ករណីនេះ​ជា​រឿង​មិនអាច​ទទួលយកបាន​ដាច់ខាត ហើយ​ដែល​កាណាដា​តែង​ទាមទារ​ការបកស្រាយ​មួយ​។ យ៉ាងណាមិញ ក្រុង​អូ​តា​វ៉ា​ទំនង​ជួប​បញ្ហា​ក្នុងការ​លុបចោល​កិច្ចព្រមព្រៀង​នេះ ដ្បិត​ត្រូវ​សងលុយ​ជំងឺ​ចិត្ត​យ៉ាងច្រើន​ឲ្យ​ក្រុង​រី​យ៉ា​ដ​។​

 
​សំណុំរឿង​ឃាតកម្ម​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត Jamal Kashoggi បាន​ក្លាយជា​កម្មវត្ថុ​ថ្មី​មួយទៀត​សម្រាប់​កាណាដា​យកមក​ពិចារណា​ដើម្បី​លុបចោល​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៤ ។ ខណៈ​ទំនាក់ទំនង​ទ្វេភាគី​កំពុង​មិនល្អ​ស្រាប់​ផង​នោះ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ លើកឡើងថា រដ្ឋាភិបាល​របស់លោក​កំពុង​រក​ច្រក​ដើម្បី​បញ្ឈប់​ការលក់​អាវុធ​ឲ្យ​ក្រុង​រី​យ៉ា​ដ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CTV នៅ​ថ្ងៃទី​១៦ ខែធ្នូ លោក ទ្រូ​ដូ និយាយថា ការសម្លាប់​លោក Kashoggi ជា​រឿង​មិនអាច​ទទួលយកបាន​ឡើង​សម្រាប់​កាណាដា ដែល​ដូចនេះហើយ ចាប់ពី​ពេល​ដំបូង​មក កាណាដា​បានទាមទារ​ចម្លើយ និង​ដំណោះស្រាយ​លើ​ករណីនេះ​។ លោក​បន្តថា រដ្ឋាភិបាល​របស់លោក​បានទទួល​មរតក​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​រដ្ឋាភិបាល​ចាស់​ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​ន​១៥​ពាន់​លាន​ដុល្លារ​កាណាដា​។​
 
​លោក ទ្រូ​ដូ រង​ការរិះគន់​មិនតិច​ឡើយ​ពី​សំណាក់​គូប្រជែង​នយោបាយ និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំពោះ​រឿងនេះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ​ធ្លាប់បាន​បញ្ជាក់​ម្ដង​ហើយ​ថា បើ​កាណាដា​ច់ង​លុប​កិច្ចព្រមព្រៀង​លក់​រថយន្តយោធា​ធុន​ស្រាល​នេះ គឺ​ត្រូវ​បង់​សំណង​ជំងឺ​ចំនួន​ច្រើនជាង​១​ពាន់​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ឯណោះ​។​
 
​ជុំវិញ​កិច្ចព្រមព្រៀង​នេះ ពីដំបូង កាណាដា​យល់ព្រម​លក់រ​ថយ​ន្ត LAV 6 ចំនួន​៩២៨​គ្រឿង​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​បាន​បន្ថយ​មក​ត្រឹម​៧៤២​គ្រឿង​វិញ​នៅ​ដើមឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​ប្រឆាំង​ខ្លាំង​ដោយ​ខ្លាច​រថយន្ត​ទាំងនេះ​ត្រូវ​ប្រើ​ដើម្បី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន​។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រង​ការរិះគន់​ខ្លាំង​ចំពោះ​វិបត្តិ​មួយ​នេះ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​យេ​ម៉ែន​រស់នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​។​
 
​តាមពិតទៅ ចំណង​ការទូត​កាណាដា និង​អា​រ៉ា​ប៊ី​សា​អូឌីត ល្អក់កករ​ច្រើន​ខែ​មកហើយ មិនមែន​ត្រឹម​ឃាតកម្ម​លោក Kashoggi ឡើយ​។ កាលពី​ខែសីហា ប្រទេស​ទាំងពីរ​នេះ​បាន​ប្រឈម​គ្នា​ផ្នែក​ការទូត បន្ទាប់ពី​កាណាដា​ទាមទារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោះលែង​សកម្មជន​សិទ្ធមនុស្ស​។ ក្រុង​រី​យ៉ា​ដ​មិន​ពេញចិត្ត​ឡើយ​នឹង​ការទាមទារ​នេះ ហើយ​ថែមទាំង​បណ្ដេញ​អគ្គរដ្ឋទូត​កាណាដា​ត្រឡប់​ទៅ​ស្រុក​វិញ និង​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ទាំងអស់​ទៀតផង​៕  

Tag:
 កាណាដា​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Kashoggi
© រក្សាសិទ្ធិដោយ thmeythmey.com