អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ គ្មាន​នរណា​អាច​បង្គាប់បញ្ជា​ចិន​បានឡើយ​
18, Dec 2018 , 9:59 pm        
រូបភាព
លោក ស៊ី ជិនភីង នាពិធីរំឭកខួបទី៤០ នៃការកែទម្រង់ និងបើកចំហសេដ្ឋកិច្ច (រូបភាព AFP)
លោក ស៊ី ជិនភីង នាពិធីរំឭកខួបទី៤០ នៃការកែទម្រង់ និងបើកចំហសេដ្ឋកិច្ច (រូបភាព AFP)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៨ ខែធ្នូ បានប្រកាស​បន្ត​ដើរ​លើផ្លូវ​អភិវឌ្ឍ​តាម​បែបផែន​សង្គមនិយម​របស់​ចិន ដែល​បាន​ជួយ​ឲ្យ​ចិន​មានមុខមាត់​ដូច​សព្វថ្ងៃ​។ លោក ស៊ី ប្រកាស​បែបនេះ​នាឱកាស​ខួប​ទី​៤០ នៃ​ការអនុវត្ត​នយោបាយ​កែទម្រង់ និង​ការបើកចំហ​។ បើតាម​លោក​ប្រធានាធិបតី​ចិន ៤០​ឆ្នាំ​មកនេះ គោលនយោបាយ និង​បញ្ញត្តិ​ផ្សេងៗ​សុទ្ធតែ​ធ្វើឡើង និង​អនុវត្តតាម​សង្គមនិយម​ចិន ហើយក៏​គ្មាន​នរណា​មក​បង្គាប់បញ្ជា​អ្វី​ឡើយ​។​

 
​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ការបើកចំហ​ប្រទេស​ចិន ដែល​ដាក់ចេញ​អតីត​មេដឹកនាំ តេង ស៊ា​វ​ភីង ក្នុង​ឆ្នាំ​១៩៧៨ ។ ៤០​ឆ្នាំ​មកនេះ ចិន​បាន​ប្រែខ្លួន​ពី​ប្រទេស​ក្រីក្រ​ទៅជា​មហាអំណាច​មួយ​រប​ស់​ពិភពលោក​ទាំង​សេដ្ឋកិច្ច នយោបាយ និង​យោធា​។ ក្នុង​ពិធី​រំឭក​ខួប​នេះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានប្រកាស​បន្ត​ការបើកចំហ និង​ការកែទម្រង់​បន្តទៀត ដោយមាន​បក្ស​កុម្មុយនីស្ត​ចិន​ជា​ស្នូល និង​ដើរ​លើផ្លូវ​របស់​ចិន​ផ្ទាល់​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន​ក្នុង​មហាសាល​នៃ​វិមាន​ប្រជាជន លោក ស៊ី បាន​រំឭក​ពី​ដំណើរការ​កែទម្រង់ និង​លទ្ធផល​ក្នុង​រយៈពេល​៤០​មកនេះ ដែល​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​សុទ្ធតែ​ពឹងផ្អែក​លើ​ការគោរព​តាម​សង្គមនិយម​តាមបែប​ចិន​ទាំងអស់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua មេដឹកនាំ​ចិន​រូបនេះ​និយាយថា គ្មាន​ឡើយ​សៀវភៅ​ដែល​អាច​អនុវត្តតាម​បាន​ក្នុងការ​កែទម្រង់ និង​ការបើកចំហ​របស់​ចិន​ដែលជា​ប្រទេស​មាន​អរិយធម៌​៥​ពាន់​ឆ្នាំ និង​មាន​ប្រជាជន​១.៣​ពាន់​លាន​នាក់​។ 
 
«​គ្មាន​នរណា​អាច​បង្គាប់បញ្ជា​ប្រជាជន​ឲ្យ​ធ្វើ​អ្វី ឬ​មិន​ត្រូវធ្វើ​អ្វី​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ​។ ដោយ​សំដៅ​ដល់​ទ្រឹស្តី​របស់ខ្លួន លោក ស៊ី បន្ថែមថា សង្គមនិយម​តាមបែប​ចិន ជា​ផ្លូវ​សម្រាប់​ចិន​ក្នុង​បន្តដំណើរ​ទៅមុខ និង​ការ​កាច់ចង្កូត​ការអភិវឌ្ឍ ប៉ុន្តែ​ការកែទម្រង់​អាចធ្វើ​ឡើងទៅ​តាម​កាលៈទេសៈ មិនមែន​គ្រប់យ៉ាង​សុទ្ធតែ​អាច​ផ្លាស់ប្ដូរ​ឡើយ​។​
 
​តាម​សម្ដី​ខាងលើ មេដឹកនាំ​ចិន​ជំនា​ន់ទី​៥ រូបនេះ​បាន​សង្កត់ធ្ងន់​ពី​ការដឹកនាំ​របស់​កុម្មុយនីស្ត​ចិន​លើ​គ្រប់​វិស័យ គ្រប់​និន្នាការ និង​គ្រប់​បរិបទ​ទាំងអស់​របស់​ចិន​។ សម្រាប់​លោក ស៊ី នយោបាយ​កែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​៤០​ឆ្នាំ​មកនេះ នឹងមិន​ជោគជ័យ​ឡើយ បើ​គ្មាន​ការដឹកនាំ​របស់​បក្ស​ដែល​បានរួម​ចំណែក​សំខាន់បំផុត​ក្នុងការ​លើកកម្ពស់​សង្គម​និយម​តាមបែប​ចិន​។ ក្នុងន័យនេះ លោក​អះអាងថា បក្ស​កុម្មុយនីស្ត​ត្រូវតែ​ដឹកនាំ និង​សម្របសម្រួល​ការងារ​ពី​គ្រប់ផ្នែក​ទាំងអស់​។​
 
​យ៉ាងណាមិញ ក្នុង​សុន្ទរកថា​មួយ​ម៉ោង​កន្លះ​នេះ លោក ស៊ី មិន​និយាយ​អ្វី​ចំៗ​ឡើយ​ពី​បញ្ហា​ដែល​ចិន​កំពុង​ប្រឈម ឬ​សូម្បីតែ​បញ្ហាសំខាន់ៗ និង​រសើប​ដូចជា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ជាដើម​។ លោក​បាន​ត្រឹម​លើកឡើងថា គ្រប់​ជំហាន​នៃ​ការកែទម្រង់ និង​ការបើកចំហ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ហើយ​ចិន​នឹង​ជួប​បញ្ហា​រាប់សិប​ជំពូក​ទៀត​ក្នុងពេល​អនាគត រាប់ទាំង​បញ្ហា​ដែល​មិនអាច​ស្មាន​ដល់​ផងដែរ​៕

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com