អន្តរជាតិ
អង់គ្លេស​ត្រៀម​លុយ​និង​កងទ័ព ក្នុងករណី​ចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​
19, Dec 2018 , 2:14 pm        
រូបភាព
​រដ្ឋាភិបាល​អង់គ្លេស នៅ​ថ្ងៃទី​១៨ ខែធ្នូ បានសម្រេច​ចិត្ត​បង្កើត​ផែនការ​មួយ​ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា ក្នុងករណី​កិច្ចព្រមព្រៀង​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប​ឆ្លង​មិន​ផុត​សភា​។ កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ជាមួយ​សហភាព​អឺរ៉ុប កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់ ដ្បិត​សមាជិកសភា​ជាច្រើន​មិន​ពេញ​ចិត្តនឹង​លក្ខខណ្ឌ​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ លោកស្រី ម៉េ​យ៍ ក៏​ធ្លាប់រ​ត់រក​អឺរ៉ុប​ឲ្យ​ជួយ​ដែរ ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ​។​

 
​គណៈរដ្ឋមន្ត្រី​អង់គ្លេស បាន​ត្រៀម​លុយ​ចំនួន​២​ពាន់​លាន​ផោន​សម្រាប់​ក្រសួង​នានា និង​កងទ័ព​ចំនួន​៣៥០០​នាក់​ដើម្បី​ទប់ទល់​ស្ថានការណ៍ នៅពេលដែល​អង់គ្លេស​ចា​ក​ចេញពី​សហភាព​អឺរ៉ុប​ទាំង​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​នោះ​។ តាម​គម្រោង អង់គ្លេស​នឹង​ចាកចេញ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ប៉ុន្តែ​មកទល់ពេលនេះ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ មិនទាន់​ទទួលបាន​ការយល់ព្រម​ពី​សភា​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ឡើយ​។​
 
​នៅសល់តែ​មួយរយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ អង់គ្លេស​នឹងត្រូវ​ចាកចេញ ប៉ុន្តែ​សមាជិក​អង់គ្លេស​នៅតែ​ជម្នះ​មិន​ទទួលយក​កិច្ចព្រមព្រៀង​របស់លោក​ស្រី ម៉េ​យ៍ ដដែល​រហូតដល់​លោកស្រី​សម្រេចចិត្ត​ពន្យារពេល​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​នេះ​ដល់​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០១៩ ។ ប្រឈមមុខ​ការជំទាស់​ដាច់​ណាត់​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​រូបនេះ​ក៏​ងាក​ទៅរក​មេដឹកនាំ​អឺរ៉ុប​ឲ្យ​ជួយ​ដែរ ប៉ុន្តែ​អឺរ៉ុប​គ្មាន​បំណង​ចរចា​ម្ដង​ទៀតឡើយ​។ 
 
​បើតាម​សារព័ត៌មាន​អង់គ្លេស BBC ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​១៨ ខែធ្នូ រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្ទេរប្រាក់​ចំនួន​៤៨០​លាន​ផោន​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ និង​បង្កើន​ចំនួន​កម្លាំង​ការពារ​ព្រំដែន​។ ក្រសួងបរិស្ថាន ចំណីអាហារ និង​កិច្ចការ​ជនបទ នឹង​ទទួលបាន​៤១០​លាន​ផោន​ដើម្បី​ធានាថា ពេល​ចាក​ចេញពី​អឺរ៉ុប ពាណិជ្ជកម្ម​ត្រី ផលិតផល​អាហារ និង​គ្រឿង​គីមី នៅតែ​បន្ត​ដំណើរការ​ដោយ​គ្មាន​រអាក់រអួល​ឡើយ​។​
 
​ទឹកប្រាក់​នៅ​សេសសល់​ប៉ុន្មាន​ទៀត​ក្នុងចំណោម​គម្រោង​ចំណាយ​២​ពាន់​លាន​ដុល្លារ​នេះ នឹងត្រូវ​បែងចែក​ទៅកាន់​ក្រសួង និង​ស្ថាប័ន​មួយចំនួន សំដៅ​ធ្វើយ៉ាងណា​ត្រៀម​ទុក​មុន​ក្នុងករណី​បញ្ហា​ផ្ទុះឡើង បើ​សភា​នៅតែ​មិន​ព្រម​លើ​កិច្ចព្រមព្រៀង​នេះ​។ ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Gavin Williamson និយាយថា ទាហាន​៣៥០០​នាក់ នឹងមាន​សមាស​ភាពជា​វិស្វករ មន្ត្រី​ភស្តុភារ និង​ទាហាន​បម្រុង​ផងដែរ ហើយ​ដែល​បាន​ត្រៀមខ្លួន​ស្រេច​អស់ហើយ​។​
 
​ផែនការ​របស់លោក​ស្រី ម៉េ​យ៍ ខាងលើ ត្រូវបាន​បក្ស​ប្រជាធិបតេយ្យ​សេរី​ចាត់ទុកជា​សង្គ្រាមចិត្តសាស្ត្រ ដែល​ចង់​បំភ័យ​សមាជិកសភា ពាណិជ្ជករ និង​សាធារណជន​។ ដោយ​ប្រកាស​ផែនការ​ត្រៀម​ក្នុងករណី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង បក្ស​ដដែល​នេះ​ចោទ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ថា បង្ខំ​ឲ្យ​ពួកគេ​ទទួលយក​កិច្ចព្រមព្រៀង​ដែល​ពួកគេ​មិន​ពេញចិត្ត​៕ 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com