ជាតិ
រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​ជិត​៤​ពាន់​លាន​ដុល្លារ ធ្វើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​បាវិត
20, Dec 2018 , 8:59 pm        
រូបភាព
រូបបានពី AKP
រូបបានពី AKP
​ភ្នំពេញ​៖  ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣ ,៨០០​លាន​ដុល្លារ ដើម្បី​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​បាវិត​(​ព្រំដែន​កម្ពុជា​-​វៀតណាម​) ក្រោយពី​បាន​សិក្សា​ចប់សព្វគ្រប់​លើ​គម្រោង​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​(AKP)​។​

 
​រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រលោក ស៊ុន ចាន់ថុល បាន​និយាយថា ការចំណាយ​ថវិកា​យ៉ាងច្រើន សម្រាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ដោយសារតែ​ផ្លូវ​ទាំងនោះ មាន​បញ្ហា​លិច​ទឹក ហើយ​កាត់​តាម​បឹង ឬ​តំបន់​លិច​ទឹក​ច្រើន​ផ្សេងទៀត ដែលមាន​ប្រវែង​រហូតដល់​៨០​គីឡូម៉ែត្រ​។ 
 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយ​ដូច្នេះ​ថា «​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង​១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​នេះ​»​។ 
 
​ចំនួន​ថវិកា​ដ៏​ច្រើន​នេះ រាជរដ្ឋាភិបាល​មិនទាន់​បានសម្រេច​ការសាងសង់ ឬ​យ៉ាងណាទេ ដោយ​កំពុងតែ ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​កសាង​ផ្លូវ​នេះ​។ ជាមួយគ្នានេះដែរ សម្រាប់​ផ្លូវជាតិ​លេខ​១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​អង្គការ​JICA សិក្សា ដើម្បី​ពង្រីក​បន្ថែម​ឱ្យបាន​ធំ​ទូលាយ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍ ។ 
 
​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត​នេះ ត្រូវ​ចំណាយ​ថវិកា​សាងសង់​ច្រើនជាង​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ដ​ព្រះសីហនុ ដែលមាន​ប្រវែង​១៩០​គីឡូម៉ែត្រ ចំណាយ​ថវិកា​តែ ២,០០០​លាន​ដុល្លារ ប៉ុណ្ណោះ​៕
 

Tag:
 សេដ្ឋកិច្ច​
  ថវិកា​
  ផ្លូវ​ល្បឿន​លឿន​
  ស៊ុន ចាន់ថុល​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com