ជាតិ
ក្រសួង​ធម្មការ​៖ ព្រះពុទ្ធសាសនា​មានការ​រីក​ចម្រើន​ល្អ​
21, Dec 2018 , 9:59 pm        
រូបភាព
​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ និង រី​ក​ចម្រើន​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ​។ ក្នុងនោះ​ព្រះពុទ្ធសាសនា​ក៏បាន​ចូលរួម​បញ្ជ្រៀប​ការអប់រំ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​ជាពិសេស​សិស្សានុសិស្ស​ទូទាំង​ប្រទេស​ឲ្យ​ជៀស​ផុតពី​អបាយមុខ​ផ្សេងៗ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាច្រើន​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា​ក្នុង​ពិធី​អនុ​សំ​វច្ចរ​មហាសន្និបាទ​ម​ន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧​។


 
​លោក​និយាយថា​៖« ផ្ដើមចេញពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ ការអភិវឌ្ឍ​កិច្ចការ​សាសនា ពិសេស​ព្រះពុទ្ធសាសនា បានធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​រីកចម្រើន​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ​»​។ 
 
​រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា​រូបនេះ​បាន​លើកឡើងថា អនុ​សំ​វច្ចរ​មហាសន្និបាទ​ម​ន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧​នេះ នឹង​ពិនិត្យ ពិភាក្សា ផ្លាស់ប្ដូរ​យោបល់ ចក្ខុវិស័យ ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង ព្រះ​វិន័យ អភិវឌ្ឍ​ធនធាន​បព្វជិត លិខិតបទដ្ឋាន​គតិយុត្ត ការងារ​ពុទ្ធិកសិក្សា និង​ផ្សព្វផ្សាយ ក្នុងទិសដៅ​លើកកម្ពស់​ព្រះពុទ្ធសាសនា​កាន់តែ​រិ​ក​ចម្រើន​ឡើង​ថែមទៀត សក្តិសម​ជាទីគោរព​បូជា​របស់​ពុទ្ធបរិស័ទ​។ 
 
​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​បាន​ចូលរួម​បើក​មហាសន្និបាត​បានលើកឡើង​ថា ខណៈ​មានការ​រីកចម្រើន ក៏​នៅមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​នាពេល​បច្ចុប្បន្ន និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នា​ថ្ងៃ​ខាងមុខ​ផងដែរ​។ 
 
​ប្រធានរដ្ឋសភា​រូបនេះ​លើកឡើងថា​៖«​ការពិគ្រោះ ពិភាក្សា​លើ​បញ្ហា​បច្ចុប្បន្នភាព ជា​កត្តាចាំបាច់ សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្តបន្ទាប់​នៅមុខ​ទៀត ដែល​មហាសន្និបាទ​នឹង​លើកឡើង គឺជា​ប្រការ​មួយ​សមស្រប នឹង​ចាំបាច់​ត្រូវ​ដោះស្រាយ​ចំពោះមុខ​»​។ 
 
​នាពេល​បច្ចុប្បន្ន​មាន​វត្ត​ចំនួន ៤៩៨៥ មាន​ព្រះសង្ឃ​ចំនួន ៧០៨៥៣ អង្គ​។ ក្នុងនោះ​គណៈមហានិកាយ​មាន ៤៧៤៤ វត្ត​, ព្រះសង្ឃ​មាន​ចំនួន ៦៦០៣៦ អង្គ និង​គណៈធម្មយុត្តិកនិកាយ​មាន​២៤១ វត្ត​, ព្រះសង្ឃ​ចំនួន ៤៨១៧​អង្គ​។ ក្រសួង​ធម្មការ​បានរៀបចំ​កម្ម​វិធី នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង សង្គម​, ទស្សនាទាន​ព្រះពុទ្ធសាសនា បាន​ចុះ​អប់រំ​ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​តាម​បណ្ដា​សាលារៀន​ទូទាំង​រាជធានី ខេត្ត​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រសួង​ក៏បាន​បំពេញភារកិច្ច ធ្វើ​ឲ្យ​មាន​សុខដុម​និ​យ​កម្មវិស័យ​សាសនា បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ខាង​ជំនឿ​សាសនា ស្រម​តាម​រដ្ឋ​ធ​មនុញ្ញ​ផងដែរ​។​
 
​អនុ​សំ​វច្ចរ​មហាសន្និបាទ​ម​ន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧​នេះ​មាន​រយៈពេល​២​ថ្ងៃ ២១ ដល់​២២ ខែ ធ្នូ ឆ្នាំ​២០១៨ ធ្វើ​នៅ​សាលសន្និសិទ​ចតុមុខ ដែលមាន​អ្នកចូលរួម​មកពី​បណ្ដា​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ ស្ថានទូត តំណាង​សាសនា​ផ្សេងៗ ភ្ញៀវ​ជាតិ អន្តរជាតិ​ប្រមាណ​៨០០ អង្គ នាក់​៕ 
 

Tag:
 ព្រះពុទ្ធសាសនា​
  ក្រសួង​ធម្មការ​
 ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com