ជាតិ
អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា​
22, Dec 2018 , 2:50 pm        
រូបភាព
​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

 
​តាមពិតទៅ លោក ជា សុផារ៉ា បាន​ឡើង​គ្រប់គ្រង​ស្ថាប័ន​មួយ​នេះ បន្ត​ពី​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ពិធី​ផ្លូវការ​មួយ​តាំងពី​ថ្ងៃទី​១២ ខែកញ្ញា មកម្ល៉េះ ប៉ុន្តែ​អនុក្រឹត្យ​ថ្មី​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​បន្ថែម​សមាសភាព​មួយចំនួន​ផងដែរ​។​


 
​ជាមួយគ្នានេះ លោក ឃុន ហាំង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ត្រូវបានតែងតាំង​ជា​អនុប្រធាន​ប្រចាំការ អម​ដោយសារ​សមាជិក​ជាច្រើន​នាក់​ទៀត ក្នុងនោះ​រួមមាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជាដើម​។​


 
​សមាសភាព​ផ្សេងទៀត មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​តាម​ក្រសួង ជា អគ្គ​មេ​បញ្ជា្ក​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​, អគ្គ​លេខ​ធិ​ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, មេធាវី​រាជរដ្ឋាភិបាល​,​សមាជិក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស រួមទាំង​លោក លោកស្រី​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​។​
 


​តាម​អនុក្រឹត្យ​ដដែល លោក ទេព ធន ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដោយមាន​អគ្គលេខាធិការរង​១០​នាក់ ៕

Tag:
 ​ដីធ្លី​
 ​ជា សុផារ៉ា​
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com