ជាតិ
ទិញ​ថ្នាំញៀន​នៅឯណា​? ទិញ​ក្រោយ​ប៉ុស្តិ៍​ប៉ូលិស​បង​!
24, Dec 2018 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​នគរបាល​រដ្ឋបាល​ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​១៨ ខែធ្នូ បាន​សាកសួរ​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។ ជនសង្ស័យ​២​រូប គឺ ឡុង សុខ​លីន និង វឿន ដា​រ៉ូ មាន​វត្តមាន​នៅពេល​សាកសួរ រីឯ ប្រុស ម៉ៅ ទើប​ត្រូវបាន​ចាប់ខ្លួន​នៅពេល​បន្ទាប់​។

 
​តាម​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ មន្ត្រីប៉ូលិស​បាន​ឲ្យ សុខ​លីន និង​ដា​រ៉ូ រៀបរាប់​ពី​សកម្មភាព​របស់ខ្លួន​។ «​អូន​ឯង​ឆ្លើយ​តាម​ត្រង់​ឮ​ទេ​?» ប៉ូលិស​សួរ​។ «​បាទ​បង​» ជនសង្ស័យ​ឈ្មោះ សុខ​លីន ឆ្លើយ​។​
 
​ជនសង្ស័យ​បាន​អះអាងថា ខ្លួន​ទិញ​ថ្នាំញៀន​មួយកញ្ចប់​២៥០០០​រៀល ហើយ​លក់​វិញ​បាន​ក្នុងតម្លៃ​១០​ម៉ឺន​រៀល ពោលគឺ​ចំណេញ​៧៥០០០​រៀល​ក្នុង​១​កញ្ចប់​។ ប៉ូលិស​សួរ​បន្ថែមទៀតថា​៖ «​អើ ថ្នាំ​នេះ​អូន​ឯង​ទៅ​ទិញ​នៅ​ម្តុំ​ណា​ដែរ ស្គាល់​ទីតាំង​ទេ​? »​។ ជនសង្ស័យ​សុខ​លីន ឆ្លើយថា នៅ​ម្តុំ​ផ្សារ​តូច​។​
 


 
 
«​ក្រោយ​ប៉ុស្តិ៍​អី​?» មន្ត្រីប៉ូលិស​ម្នាក់ទៀត ស្រែក​ឲ្យ​ជនសង្ស័យ​ប្រាប់​ពី​ចំណុច​ទីតាំង​ឲ្យ​ច្បាស់ នៅពេល​គេ​ឆ្លើយថា ទិញ​ថ្នាំញៀន​នៅ​ផ្សារ​ចំណុច​ក្រោយ​ប៉ុស្តិ៍​។ ជនសង្ស័យ​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ផ្តល់​ចម្លើយ ប៉ុន្តែ​ក្រោយ​ការ​សួរ​សង្កត់​ឲ្យ​បញ្ជាក់ថា ប៉ុស្តិ៍​ប៉ូលិស ឬ​ប៉ុស្តិ៍​ណាមួយ ជនសង្ស័យ​ឆ្លើយថា «​ប៉ុស្តិ៍​ប៉ូលិស​បង​»​។ «​ក្រោយ​ប៉ុស្តិ៍​ប៉ូលិស​ហ្មង នៅ​! នៅ​! ផ្សារ​តូច​ហ្នឹង​?» ប៉ូលិស​បញ្ជាក់​។ សុខ​លីន ឆ្លើយថា «​បាទ បាទ​»​។ 
 
​ចំពោះ​ការឃាត់ខ្លួន​នេះ ប៉ូលិស​ដកហូត ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​២​កញ្ចប់ និង​ទូរស័ព្ទ​១​គ្រឿង ដក​ពី​ឈ្មោះ ឡុង សុខ​លីន ដកហូត​ម៉ូតូ​មួយគ្រឿង ពី វឿន ដា​រ៉ូ និង​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​ពី​ឈ្មោះ ប្រុស ម៉ៅ​។​
 
​ជនសង្ស័យ​ទាំងបី​នាក់ រួមទាំង​សម្ភារៈ​វត្ថុតាង បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕
 
(ចំណាំ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បានលុបវីដេអូចេញហើយ)

 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com