ភ្នំពេញ៖ ថ្ងៃទី២៥ធ្នូ គឺជាបុណ្យប្រជាប្រិយមួយប្រភេទបែបគ្រិស្តសាសនា ដែលគេឲ្យឈ្មោះថា «បុណ្យណូអែល» ដែលបាននិងកំពុងមានវត្តមាននៅកម្ពុជា។ មុន១ថ្ងៃ ឬ២-៣ថ្ងៃនៃបុណ្យនេះ អាជីវករមួយចំនួន តែងតែយកវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដាក់លក់នៅតាមដងផ្លូវនានា និងមុខសាលារៀនជាដើម។ អ្នកលក់វត្ថុអនុស្សាវរីយ៍ទាំងនោះ បានលើកឡើងថា បុណ្យណូអែលឆ្នាំនេះ គឺលក់មិនសូវដាច់ទេ ដោយចំនួនអ្នកទិញមានការថយចុះជាងពាក់កណ្តាល បើធៀបទៅនឹងឆ្នាំមុនៗ។
អ្នកស្រី ឡាយ ពៅ ជាអ្នកលក់សម្ភារៈសិក្សាមួយកន្លែងនៅមុខវិទ្យាល័យទួលទំពូង អស់រយៈពេលជាង៣០ឆ្នាំមកហើយ បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី តែងតែឆ្លៀតលក់វត្ថុអនុស្សាវរីយ៍នានា សម្រាប់ថ្ងៃបុណ្យណូអែល ជារៀងរាល់ឆ្នាំ។ ស្រី្តវ័យ៦០ឆ្នាំរូបនេះ បាននិយាយថា វត្ថុអនុស្សាវរីយ៍បុណ្យណូអែលឆ្នាំនេះ លក់មិនសូវជាដាច់ទេ ពិសេសក្មេងៗ និងយុវជន មិនចាប់អារម្មណ៍មកទិញច្រើន ដូចឆ្នាំកន្លងទៅឡើយ។
អ្នកស្រី មានប្រសាសន៍យ៉ាងដូច្នេះ៖«ភាគច្រើនសិស្សសាលា ដែលបានមកទិញកាដូ ឬវត្ថុអនុស្សាវរីយ៍ពីកន្លែងខ្ញុំបានថយចុះប្រហែល៧០ភាគរយ គឺខ្សោយខ្លាំងណាស់ បើធៀបនឹងឆ្នាំ២០១៧ រកទំនេរដៃគ្មាន និងសឹងគ្មានពេលហូបបាយផង»។
យ៉ាងណា ស្ត្រីអ្នកលក់ដូររូបនេះ មិនបានដឹងពីមូលហេតុនៃការធា្លក់ចុះចំនួនអ្នកទិញនោះទេ។ អ្នកស្រី គ្រាន់តែលើកឡើងថា យុវ័យ មិនសូវលេងច្រើនដូចឆ្នាំមុនៗឡើយ។ វត្ថុអនុស្សាវរីយ៍ ដែលអ្នកស្រីកំពុងលក់ក្នុងថ្ងៃបុណ្យអូណែល មានតុក្កតាតូចៗ សម្លៀកបំពាក់ណូអែល និងមានការទទួលខ្ចប់ជាអំណោយ (កាដូ) ផងដែរ។
ដោយឡែក លោក ឡាំង ឡេង ដែលកំពុងអង្គុយលក់តុក្កតា នៅទល់មុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ជួបស្ថានភាពមិនខុសពីស្ត្រីខាងលើដែរ។ តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ បុរសវ័យ៣៤ឆ្នាំរូបនេះ បាននិយាយថា៖«បុណ្យណូអែលឆ្នាំនេះ បាត់អ្នកទិញជាងពាក់កណ្តាល និងមានស្ថានភាពស្ងប់សា្ងត់ខ្លាំងណាស់»។
លោក ឡាំង ឡេង បានប្រៀបធៀបការលក់តុក្កតាទៅនឹងឆ្នាំមុខៗថា រាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យណូអែល តុក្កតាដែលបានដាក់លក់នៅមុខផ្ទះនិងតាមទីកន្លែងនានា គឺលក់ដាច់បានហូរហែ មានអ្នកទិញជាបន្តបន្ទាប់។ លោក បន្ថែមថា រាល់ឆ្នាំ លោកអាចរកប្រាក់ចំណេញបានជាមធ្យម៥០០ដុល្លារ ក្នុងពេលមួយសប្តាហ៍នៃការលក់នេះ។
លោក ឡាំង ឡេង ដែលមានមុខរបរជាប្រចាំជាអ្នកលក់សម្លៀកបំពាក់នៅមុខរោងចក្រ បានអះអាងយ៉ាងដូច្នេះថា៖«ខ្ញុំ បានលក់តុក្កតា សម្រាប់ថ្ងៃបុណ្យណូអែលនេះ អស់រយៈពេល៩ឆ្នាំមកហើយ។ មានតែឆ្នាំនេះទេ ដែលស្ងាត់អ្នកទិញ។ បុណ្យណូអែលឆ្នាំនេះ មើលទៅ មិនអាចទទួលប្រាក់ចំណេញ បានដូចឆ្នាំមុនៗទេ ព្រោះតម្លៃជួលទីតាំងលក់ថ្លៃ ហើយលក់មិនដាច់ ជាងរាល់ឆ្នាំទៀត»។
១៨០ដុល្លារ ជាតម្លៃទីតាំង ដែលលោក ឡេង ជួលដាក់លក់តុក្កតា ក្នុងរយៈពេល៣ថ្ងៃ ហើយតុក្កតាដែលលោក បានដាក់លក់មានតម្លៃចាប់ពី ០.៧៥ដុល្លារ រហូតដល់ ៧៥ដុល្លារ។
ទោះបីជាលក់មិនសូវដាច់ជាងរាល់ឆ្នាំក៏ពិតមែន ក៏អ្នកលក់ទាំងពីរខាងលើ មិនមានបំណងនឹងឈប់លក់វត្ថុអនុស្សាវរីយ៍ទាំងនេះ សម្រាប់ថ្ងៃបុណ្យណូអែលដែរ។ ពួកគេ យល់ថា វាជាមុខរបរប្រចាំឆ្នាំទៅហើយ និងសង្ឃឹមថា ឆ្នាំក្រោយៗ នឹងមិនដូចឆ្នាំនេះទេ៕