ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ក្រូចឃ្វិចថៃផ្សាំនឹងក្រូចឆ្មាជប៉ុន បង្កើតជាក្រូចសើចខ្មែរ
× សៀមរាប៖ អង្គការ Agrisud International Cambodia ដែលធ្វើការលើវិស័យកសិកម្ម បានយកមែកក្រូចឃ្វិចពីប្រទេសថៃ មកផ្សាំជាមួយមែកក្រូចឆ្មាជប៉ុន បង្កើតបានជាក្រូចមួយប្រភេទមានរូបរាងស្រដៀងនឹងក្រូចសើច មានរសជាតិផ្អែមលាយជូរតិចៗ។ ពូជក្រូចថ្មីនេះ ត្រូវបានអង្គការ Agrisud International Cambodia ផ្តល់ឲ្យកសិករនៅស្រុកបន្ទាយស្រី ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកកទេស និងរបៀបថែទាំដំណាំក្រូចនេះ មកដាំសាកល្បងក្នុងមួយគ្រួសារ២០ដើម។ ផ្លែក្រូចដែលបានពីការផ្សាំមែកនេះ ត្រូវបានកសិករខ្មែរហៅថា«ក្រូចថៃវ៉ាន»។
អង្គការ Agrisud International Cambodia បានបណ្តុះបណ្តាលកសិករនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបពីបច្ចេកទេស និងរបៀបថែទាំដំណាំក្រូចឃ្វិចប្រភេទថ្មីដែលនាំពូជពីខេត្ត ឈាង ម៉ៃ ប្រទេសថៃ មុននឹងសាកល្បងដាំដុះនៅលើទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជា ដែលមានសណ្ឋានដីខុសគ្នា។ លោក បូ នៀម មន្ត្រីបច្ចេកទេសផ្នែកដំណាំឈើហូបផ្លែនៃអង្គការអន្តរជាតិមួយនេះ បញ្ជាក់យ៉ាងដូច្នេះ។
អ្នកជំនាញផ្នែកដំណាំឈើហូបផ្លែរូបនេះ ក៏បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗដែរថា គ្រប់ប្រភេទក្រូចទាំងអស់តែងតែជួបប្រទះនឹងសត្វល្អិតមួយប្រភេទដែលគេហៅថា ដង្កូវផែនទី និងជំងឺពីរប្រភេទ៖ ទី១. ជំងឺអុតស្លឹក ជាអម្បូរមេរោគផ្សិត ដែលបណ្តាលមកពីទឹកភ្លៀងធ្លាក់ខ្លាំង និងទី២. ជំងឺប្រេះដើមចេញជ័រ។ ដូច្នេះ Agrisud International Cambodia ត្រូវបណ្តុះបណ្តាលកសិករពីបញ្ហាទាំងនេះ មុននឹងដាំដំណាំក្រូចប្រភេទថ្មីនេះ។
ប្រភេទក្រូចឃ្វិចថ្មីរបស់ថៃ ដែលយកមែករបស់វាផ្សាំជាមួយមែកក្រូចឆ្មាជប៉ុន ចេញជាដើមក្រូចមានរូបរាងស្រដៀងនឹងក្រូចសើចនេះ ត្រូវបានអង្គការ Agrisud International Cambodia យកមកឲ្យកសិករខ្មែរដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើ មកដាំសាកល្បងដាំនៅលើទឹកដី ខេត្តសៀមរាប ក្នុងមួយគ្រួសារបានចំនួន២០ដើម។ អ្នកឯកទេសលើដំណាំឈើហូបផ្លែ បូ នៀម ជឿជាក់ថា រសជាតិផ្អែម លាយជូរតិចៗរបស់វា ត្រូវនឹងចំណង់ចំណូលចិត្តប្រជាពលរដ្ឋខ្មែរ។
អម្បូរក្រូចឃ្វិចថៃផ្សាំជាមួយក្រូចឆ្មាជប៉ុន ដែលកសិករខ្មែរនៅស្រុកបន្ទាយស្រីហៅថា«ក្រូចថៃវ៉ាន»នេះ មានវត្តមានលើទឹកដីកម្ពុជារយៈពេល២ឆ្នាំមកហើយ ហើយក្រូចប្រភេទនេះ គឺត្រូវចំណាយពេលដាំដុះរយៈពេលពី២ទៅ៣ឆ្នាំទើបចាប់ផ្តើមចេញផ្លែ។ នេះបើតាមលោក បូ នៀម មន្ត្រីនៃអង្គការ Agrisud International Cambodia រៀបរាប់ប្រាប់ថ្មីៗ២៥រាជធានី-ខេត្តនៅក្នុងពិព័រណ៍ផលិតផលបន្លែ និងផ្លែឈើសុវត្ថិភាពកម្ពុជាលើកទី១២ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប កាលពីខែវិច្ឆិកាកន្លងទៅ៕
Tag:
ក្រូចឃ្វិច
កសិកម្ម
សៀមរាប
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com