អន្តរជាតិ
ប៉ា​ឡេ​ស្ទី​ន​នឹងដាក់​ពាក្យ​ទៅ UN ដើម្បី​ក្លាយជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ
27, Dec 2018 , 7:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ប៉ា​ឡេ​ស្ទី​ន Riyad al-Malki នៅ​ថ្ងៃទី​២៦ ខែធ្នូ បានប្រកាសថា ប៉ា​ឡេ​ស្ទី​ន​នឹងដាក់​ស្នើសុំ​ដំឡើង​ឋានៈ​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ទៅជា​សមាជិក​ពេញសិទ្ធិ​។ ប៉ា​ឡេ​ស្ទី​ន ដែល​សព្វ​ថ្ងៃជា​រដ្ឋ​សង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ នឹងដាក់​ពាក្យស្នើសុំ​រប​ស់​ខ្លួន​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។ យ៉ាងណាមិញ បំណង​របស់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ក្លាយជា​ប្រទេស​ពេញលេញ មិនមែនជា​រឿង​ឡើយ​។​

 
​ប៉ា​ឡេ​ស្ទី​ន ជា​រដ្ឋ​សង្កេតការណ៍​មួយ​ក្នុងចំណោម​៦ របស់​អង្គការសហប្រជាជាតិ​។ ប៉ា​ឡេ​ស្ទី​ន​ក្លាយជា​រដ្ឋ​សង្កេតការណ៍​ក្នុង​ឆ្នាំ​២០១២ ក្រោយ​ការតស៊ូ​ផ្នែក​ការទូត​ជាច្រើន​ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៩ ខាងមុខ ប៉ា​ឡេ​ស្ទី​ន គ្រោង​នឹង​ស្នើ​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​ក្លាយជា​ប្រទេស​សមាជិក​ពេញ​សិទ្ធ​តែម្ដង ដែល​នោះ​មានន័យថា ប៉ា​ឡេ​ស្ទី​ន​នឹង​ក្លាយជា​រដ្ឋ​ពេញលេញ​របស់​ពិភពលោក​មាន​អធិបតេយ្យ ឯករាជ្យ​បរិបូណ៌​ដូច​គេឯង​។​
 
​ប្រមុខ​ការទូត​ប៉ា​ឡេ​ស្ទី​ន Riyad al-Malki ប្រាប់​វិទ្យុ​សំឡេង​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ថា លោក​នឹងដាក់​ពាក្យស្នើសុំ​ដំឡើង​ឋានៈ​នេះ​ជា​ផ្លូវការ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​បុរី​ញូវយ៉ក​ក្នុង​ខែមករា​ខាងមុខ​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua ផ្សាយ​ថា ប្រមុខ​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas ដែល​ស្នង​តំណែង​លោក Yasser Arafat ជា​អ្នកចេញ​សេចក្ដីណែនាំ​នេះ​។   
 
​តាម​គោលការណ៍​កំណត់​របស់​អង្គការសហប្រជាជាតិ ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​សំឡេងគាំទ្រ​ចំនួន​៩ ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៥​ប្រទេស ហើយ​សមាជិក​អចិន្ត្រៃយ៍​មាន​អាមេរិក បារាំង អង់គ្លេស ចិន និង​រុស្ស៊ី មិន​បោះឆ្នោត​ប្រឆាំងនឹង​ពាក្យ​ស្នើ​នេះឡើយ​។ វា​អាចជា​រឿង​លំបាក​ខ្លាំង​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​នេះ​។ លំបាក​ត្រង់​ថា ត្រូវ​ធ្វើយ៉ាងណា​បញ្ចុះបញ្ចូល​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ ពិសេស​អាមេរិក​កុំ​ឲ្យ​បោះឆ្នោត​វ៉េតូ​ឲ្យ​សោះ​។​
 
​ក្នុងករណី​ក្រុមប្រឹក្សាសន្តិសុខ​ឯកភាព​តាម​សំណើ ពាក្យ​ស្នើ​នេះ​ត្រូវ​ឆ្លង​ការបោះឆ្នោត​នៅ​មហាសន្និបាត​វិញ​ម្ដង​។ ប៉ា​ឡេ​ស្ទី​ន​ត្រូវការ​សំឡេង​គាំំ​ទ្រ​ចំនួន​ពីរភាគបី​នៃ​សមាជិក​ទាំង​១៩៣​ប្រទេស ហើយ​ប៉ា​ឡេ​ស្ទី​ន​នឹង​ក្លាយជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​ភ្លាម​តែម្ដង បើ​ទទួល​ការគាំទ្រ​គ្រប់គ្រង​ក្នុងការ​បោះឆ្នោត​នេះ​។ ដំណាក់កាល​មហាសន្និបាត​មិនមែនជា​រឿង​លំបាក​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ឡើយ ដ្បិត​មានការ​គាំទ្រ​ច្រើន​រួចស្រេច​ទៅហើយ​។ យ៉ាងណាមិញ ប្រទេសមួយ​ដែល​នឹង​បោះឆ្នោត​ជំទាស់ គឺ​អ៊ីស្រាអែល​។​
 
​ការជំទាស់​របស់​អ៊ីស្រាអែល គឺជា​រឿង​ដែល​គេ​រំពឹងទុក ដ្បិត​ប្រទេស​នេះ​តែង​ប្រឆាំង​រាល់​ដំណោះស្រាយ​នានា​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​ប៉ា​ឡេ​ស្ទី​ន​។ វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល ក្លាយជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ ដែល​រក​ផ្លូវ​ចេញ​មិនទាន់​ឃើញ​នៅឡើយ ទោះជា​ដំណោះស្រាយ​រដ្ឋ​ពីរ ត្រូវបាន​អនុម័ត​ជា​យូរ​ក្ដី​។ អាមេរិក​ដែល​ធ្លាប់​ដើរតួ​សម្របសម្រួល​ជាច្រើន​ឆ្នាំ​ក៏​លម្អៀង​រក​អ៊ីស្រាអែល​កាន់តែខ្លាំង ដែល​ធ្វើ​បញ្ហា​នេះ​បន្ត​ជាប់គាំង​រហូតមក​៕

Tag:
 ​អាមេរិក​
  UN
  ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com