ជាតិ
វីដេអូ
សង្គមជាតិ
ក្រោយ​ផ្ញើលិខិត​ទៅ​រដ្ឋមន្ត្រី​វ័យ​២៥​ឆ្នាំ​ម៉ាឡេស៊ី​កញ្ញា ប្រាក់ មុន្នី​រ័ត្ន ជំរុញ​ឲ្យ​យុវជន​ខ្មែរ និង​ម៉ាឡេស៊ី​ជួបគ្នា​
29, Dec 2018 , 1:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​កញ្ញា ប្រាក់ មុន្នី​រ័ត្ន សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ឲ្យ​លោក Syed Saddih Syed Abdul Rahman រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ម៉ាឡេស៊ី កន្លងទៅនេះ បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស យុវជន​នៃ​ប្រទេស​ទាំងពីរ​ស្គាល់​កញ្ញា មុន្នី​រ័​ត និង​លោក​រដ្ឋមន្ត្រី​វ័យ​២៥​ឆ្នាំ​រូបនេះ​កាន់តែច្បាស់​។ គោលបំណង​នៃ​ការសរសេរ​សំបុត្រ​ផ្ញើ​ទៅ​ឲ្យ​លោក​រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី គឺ​កញ្ញា​ចង់​គាំទ្រ​លើ​ការដឹកនាំ​របស់លោក ក្នុងនាម​ជា​យុវជន​អាស៊ាន​ម្នាក់​។ ទន្ទឹមនឹងនេះ កញ្ញា មុន្នី​រ័​ត ចង់​ឲ្យ​យុវជន​ខ្មែរ មើលឃើញ​ពី​គំរូ​ដឹកនាំ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី ហើយ​កញ្ញា​ប៉ង​ចង់​ឲ្យ​យុវជន​ខ្មែរ និង​យុវជន​ម៉ាឡេស៊ី​ជួបគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ក្របខ័ណ្ឌ​យុវជន​អាស៊ាន​។


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយនឹង​ស្ត្រី​ខ្មែរ​ដែល​សរសេរ​សំបុត្រ​ទៅ​ឲ្យ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ម៉ាឡេស៊ី កញ្ញា ប្រាក់ មុន្នី​រ័ត្ន ដូចតទៅ​៖


 
​ដោយសារ​កញ្ញា​មើលឃើញថា យុវជន​កម្ពុជា​វ័យក្មេង មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ ប៉ុន្តែ​ការទទួលបាន​ឱកាស​នៅមានកម្រិត​នៅឡើយ​។ «​ខ្ញុំ​គិតថា​យុវជន​ខ្មែរ​មាន​សក្តានុពល មិន​ចាញ់​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​នោះទេ គ្រាន់តែ​ពួកគេ​មិនទាន់​ទទួលបាន​ឱកាស​សម្រាប់​បញ្ចេញ​សមត្ថភាព​។ ដោយឡែក​យុវជន​ដែល​ទទួលបាន​ឱកាស​ហើយ ប៉ុន្តែ​ពួកគេ​ឆាប់​មាន​មោទកភាព​ពេក ទើប​ធ្វើ​ឲ្យ​គាត់​ភ្លេច​ពី​ការអភិវឌ្ឍ​ខ្លួន​តទៅ​ថ្ងៃ​អនាគត​ទៀត​»​។ ទាំងនេះ​ជា​ចំណុច​សំខាន់​ដែល កញ្ញា មុន្នី​រ័ត្ន ចង់​ឲ្យ​យុវជន​កម្ពុជា​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ទទួលបាន​ឱកាស​ដឹកនាំ​ដូចនឹង​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ម៉ាឡេស៊ី ដែរ​។​
 
​ជា​អតីត​អ្នកដឹកនាំ​យុវជន​នៅ​អង្គការ​សមាគមយុវជន​ខ្មែរ និង​អង្គការ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឃន៍ ហើយ​បច្ចុប្បន្ន​ជា​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ ASEAN Talent Delivery កញ្ញា មុន្នី​រ័ត្ន ចង់​មាន​កិច្ចពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​រូបនេះ​ផ្ទាល់ រួមទាំង​យុវជន​នៃ​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​វិធីសាស្ត្រ​ក្នុងការ​ដឹកនាំ​យុវជន​ឲ្យ​ពង្រឹងសមត្ថភាព សម្រាប់​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ដើម្បី​អភិវឌ្ឍន៍​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​៕

Tag:
 ប្រាក់ មុន្នី​រ័ត្ន​
  យុវជន​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com