សៀមរាប៖ យោងតាមការស្រាវជ្រាវរបស់អង្គការ ADF នៅលើភ្នំគូលែនទាំងមូលមានបុរាណដ្ឋានទាំងអស់សរុបជាង ៤០០ទីតាំង។ អ្នកសិក្សាស្រាវជ្រាវបានលើកឡើងថា បរិស្ថានមានទំនាក់ទំនងមិនអាចដាច់ពីគ្នាពីបុរាណដ្ឋាន ដ្បិតថា ប្រសិនបើបរិស្ថានមិនល្អវាបង្កជាផលប៉ះពាល់ដល់បុរាណដ្ឋានដែរ។ បុរាណដ្ឋានដែលមានដូចជាប្រាង្គប្រាសាទជាដើមនោះ ត្រូវរងកម្ដៅថ្ងៃ និងភ្លៀងអាស៊ីតដោយផ្ទាល់ នៅពេលគ្មានព្រៃឈើជួយទប់។ តើគេត្រូវធ្វើយ៉ាងណា ដើម្បីការពារពីបរិស្ថាននៅភ្នំគូលែនឱ្យបានប្រសើរ ក៏ដូចជាការពារបុរាណដ្ឋានឱ្យនៅស្ថិតស្ថេរទៅថ្ងៃមុខ?
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ដើម្បីស្រោងស្រង់គម្របព្រៃឈើនៅភ្នំគូលែនឡើងវិញ សកម្មភាពដាំកូនឈើត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថាននាពេលកន្លងមក ផ្ទៃដីប្រមាណ ៦៥ហិកតារួចហើយដែលត្រូវបានដាំកូនឈើឡើងវិញ ដែលដើមឈើទាំងនោះមានដូចជាឈើគ្រញូង បេង ធ្នង់ និងនាងនួនជាដើម ដែលសរុបជាង ២០ម៉ឺនដើម។ យ៉ាងណា មានផ្ទៃសេសសល់ច្រើនទៀតដែលត្រូវការដាំកូនឈើឡើងវិញ។
គេតែងនិយាយថា ភ្នំគូលែនជាភ្នំស័ក្ដិសិទ្ធិសម្រាប់អ្នកខេត្តសៀមរាប និងអ្នកមកពីទីឆ្ងាយៗ។ ភ្នំនេះក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ស្ទឹងសៀមរាប បឹង និងអូរជាដើម។ ដោយសារកំណើនអ្នកចំណូលថ្មី បានបង្កឱ្យមានការទន្ទ្រានព្រៃកើតឡើង ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបុរាណដ្ឋាននៅភ្នំនេះ ដែលអ្នកបុរាណវិទូកំពុងបារម្ភ។
លោក សាឃឿន សក្កា អ្នកបុរាណវិទូនៃអង្គការ ADF បានលើកឡើងថា អង្គការនេះចាប់ផ្តើមចូលមកស្រាវជ្រាវបុរាណដ្ឋាននៅភ្នំគូលែននៅឆ្នាំ ២០០៨ ដើម្បីសិក្សាពីរចនាសម្ព័ន្ធប្រាសាទដែលសង់នៅលើភ្នំ។ បន្ទាប់ពីមានទំនាក់ទំនងជាមួយសហគមន៍នៅទីនោះ អង្គការនេះបានបង្កើតគម្រោងបង្កើនប្រាក់ចំណូលដល់សហគមន៍ ដ្បិតបានឃើញពីភាពក្រីក្រ និងការទន្ទ្រានព្រៃក្បែរប្រាសាទ ដើម្បីយកដីធ្វើចម្ការរបស់ពលរដ្ឋ។
សកម្មភាពកាប់ទន្ទ្រានព្រៃមានសកម្មភាពកាន់តែខ្លាំងក្លាចូលតំបន់បុរាណដ្ឋាន បានបង្ខំឱ្យអង្គការ ADF ពិភាក្សាជាមួយអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់ការពារបុរាណដ្ឋាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ នេះក៏ជាមូលហេតុដែលគម្រោងបង្កើនជីវភាពកើតឡើង ដើម្បីបង្កើនចំណូលដល់គ្រួសារក្រីក្រជំនួសការទន្ទ្រានព្រៃធ្វើចម្ការ។ គម្រោងនេះមានដូចជា ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី រៀបចំផ្ទះស្នាក់សហគមន៍ និងមគ្គុទ្ទេសក៍ប្រចាំតំបន់ជាដើម។
ការងាររៀបចំបោះបង្គោលព្រំបុរាណដ្ឋាន ត្រូវបានធ្វើឡើងអស់រយៈពេល៤ឆ្នាំ ដែលបានបញ្ចប់នៅចុងឆ្នាំ ២០១៤ ដែលមាន៥តំបន់ នៅលើផ្ទៃដីជិត ៨០០ហិកតា និងមានចំនួន ១១៩ទីតាំង។ បុរាណដ្ឋានដែលត្រូវការពាររួមមាន ប្រាសាទ ពើង ទួល ទំនប់ជាដើម។ ថ្មីៗបន្ទាប់មានការបោះបង្គោលព្រំបុរាណដ្ឋាននេះ ពលរដ្ឋមិនទាន់យល់ទេ តែបច្ចុប្បន្នពលរដ្ឋទាំងនោះក៏បានយល់ដឹង ពិសេសពួកគេអាចប្រមូលទិន្នផលដែលស្ថិតនៅក្នុងបរិវេណតំបន់ការពារទាំងនោះដដែល។
តាមការសិក្សារបស់អង្គការ ADF បុរាណដ្ឋានលើភ្នំគូលែនមានជាង ៤០០ទីតាំង។ បុរាណដ្ឋានមានសារសំខាន់ណាស់ ព្រោះតម្លៃបេតិកភណ្ឌមានតម្លៃពិសេសវិសាលមិនអាចកាត់ថ្លៃបាន ហើយតម្លៃទាំងនោះក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ពិសេសក្នុងវិស័យទេសចរណ៍។
ការដាំកូនឈើ គឺពិតជាមានសារសំខាន់ណាស់នៅលើភ្នំគូលែន គឺវាការពារទាំងប្រភពទឹក និងបុរាណដ្ឋាន។ តំណាងអង្គការ ADF ចង់ឃើញសហគមន៍នៅភ្នំគូលែនដឹងពីសារប្រយោជន៍ទាំងនេះ ធ្វើយ៉ាងណារក្សានិរន្តរភាពតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រភ្នំគូលែនឱ្យគង់វង្សទៅថ្ងៃខាងមុខ៕