អ្នកជំនាញ​ផ្នែក​សុខភាព​លើកឡើងថា ការអប់រំ​ពី​សុខភាព​ផ្លូវភេទ​មិនមែនជា​រឿង​ដែល​ត្រូវ​ខ្មាស​ទេ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ផ្នែក​សុខភាព​លើកឡើងថា ការអប់រំ​ពី​សុខភាព​ផ្លូវភេទ​មិនមែនជា​រឿង​ដែល​ត្រូវ​ខ្មាស​ទេ​
30, Dec 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ កន្លងមក ការនិយាយ​អំពី​សុខភាព​ផ្លូវភេទ​នៅ​កម្ពុជា មិនទាន់បាន​ទូលំទូលាយ​នៅឡើយ ដ្បិត​សង្គម​មានការ​អៀនខ្មាស​ច្រើន ហើយ​មានការ​វាយតម្លៃ​មិនល្អ​ចំពោះ​អ្នក​និយាយ​រឿង​ទាំងនេះ​។ អ្នកជំនាញ​ផ្នែក​សុខភាព​មកពី​ប្រទេស​អូស្ដ្រាលី និង​ម៉ាឡេស៊ី បានរៀបចំ​កម្មវិធី​អប់រំ​សុខភាព​ផ្លូវភេទ​ខ្លីៗ​ដល់​យុវជន​នៅ​ខេត្តសៀមរាប​ឱ្យបាន​ដឹង​រឿង​ទាំងនេះ ហើយ​ពួកគេ​ផ្តល់​ដំបូន្មាន​ថា ប្រជាជន​ខ្មែរ​គួរ​និយាយ​រឿងនេះ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​សារសំខាន់​ច្រើន​ដល់​គ្រួសារ និង​កូនចៅ​ពួកគេ ដើម្បីឱ្យ​ពួកគេ​មានការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ជីវិត​គ្រួសារ​។ ពួកគេ​ថា ការនិយាយ​ពី​សុខភាព​ផ្លូវភេទ មិនមែនជា​រឿង​ដែល​គួរឱ្យ​ខ្មាស​ទេ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​




 
​នាពេល​បច្ចុប្បន្ននេះ សង្គម​ខ្មែរ​ហាក់​និយាយបាន​ច្រើន​ពី​សុខភាព​ផ្លូវភេទ​។ ម្ដាយ​ហ៊ាន​និយាយ​រឿងនេះ​ទៅកាន់​កូនស្រីៗ​ពួកគេ ឯ​ការអប់រំ​នៅ​គ្រឹះស្ថាន​អប់រំ និង​កម្មវិធី​អប់រំ​ខ្លីៗ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ក៏មាន​ច្រើន​ដែរ​។ យ៉ាងណា បរិបទ​នេះ​មាន​ច្រើនតែ​នៅ​ទីក្រុង ទីប្រជុំជន​មួយចំនួន​តែប៉ុណ្ណោះ ដោយឡែក​នៅ​ទីជនបទ​ដាច់ស្រយាល រឿងនេះ​ហាក់​នៅ​កប់​ជ្រៅ​នៅឡើយ​។​
 
​ដោយសារ​មើលឃើញ​ពី​កង្វះ​ការអប់រំ​ផ្នែក​សុខភាព​នៅតាម​ភូមិ​ឃុំ​ឆ្ងាយៗ គម្រោង​អប់រំ​ស្ដីពី​សុខភាព​ពី​ប្រទេស​ម៉ាឡេស៊ី​មួយ បាន​ចូលខ្លួន​មក​ខេត្តសៀមរាប​។ គម្រោង​នេះ​បាន​ចុះ​បង្រៀន​ក្មេងស្រីៗ​ស្ដីពី​សុខភាព​ផ្លូវភេទ ការត្រៀមខ្លួន​មុន​ក្លាយជា​ម្ដាយ អនាម័យ​ពេល​មក​រដូវ និង​ការប្រើប្រាស់​សំឡី​អនាម័យ​ដែលមាន​ផាសុកភាព​ជាដើម​។​
 
​កម្មវិធី​អប់រំ​សុខភាព​មួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ពាក់កណ្ដាល​ខែធ្នូ នៅ​អង្គការ ផែ​ប​ភី ខេត្តសៀមរាប ដោយមាន​យុវជន យុវតី ប្រមាណ ៣០​រូប​ចូលរួម​។ អ្នកគ្រូ​ពេទ្យ ឡូ​រ៉ា ជា​កិ​លា​នុប​ដ្ឋា​យិ​កា គ្រូ​អប់រំ​កម្មវិធី​សុខភាព​ផ្លូវភេទ​នៅ​នោះបាន​ឱ្យដឹងថា វា​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​បុរស​ស្ដ្រី នៅពេល​ពួកគេ​ចង់​ស្វែងយល់​ពី​ការ​រួមភេទ និង​សម្រេចចិត្ត​ចង់​បានកូន​ពេលណា​ជាដើម​។​


 
​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកគ្រូ ឡូ​រ៉ា កត់សម្គាល់​ឃើញថា នៅ​កម្ពុជា​ការនិយាយ​រឿង​សុខភាព​នេះ​មិនទាន់បាន​ទំ​លំ​ទូលាយ​នៅឡើយ ដោយសារ​មាន​ភាព​ខ្មាសអៀន​ច្រើន​ក្នុងសង្គម​។ តែ​រឿងនេះ វា​ហាក់​ធម្មតា​ទៅហើយ​សម្រាប់​នៅ​ម​ជ្ឈឹ​ម​ប្រទេស ដូចជា​អូស្ដ្រាលី​ជាដើម គឺ​ឳ​ពុក​ម្ដាយ​ចាប់ផ្តើម​និយាយ​រឿងនេះ​តាំងពី​កូនៗ​ពួកគេ​នៅ​តូចៗ​មក​ម្លេះ​។ រឿងនេះ​សំខាន់ សម្រាប់​មនុស្ស​គ្រប់រូប​។ 
 
​កម្មវិធី​អប់រំ​សុខភាព​ទៅកាន់​សិស្សានុសិស្ស​នៅពេលនោះ ដែល​ភាគច្រើន​ជា​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ និង​ជា​វ័យ​ដែល​កំពុង​ត្រៀមខ្លួន​ក្នុងការ​មាន​ដៃគូ​នាពេលខាងមុខ ពិត​ជាមាន​សារសំខាន់ និង​មាន​ការជជែក​ជា​សំណួរ​ទៅកាន់​អ្នកគ្រូ ឡូ​រ៉ា យ៉ាង​ផុសផុល​ផងដែរ​។ ក្រៅពី​អប់រំ​ពី​សុខភាព​បន្ដ​ពូជ ការត្រៀមខ្លួន​ក្នុងការ​រួមភេទ កម្មវិធី​នៅពេលនោះ ក៏បាន​អប់រំ​ស្ដ្រី​ពី​ការប្រើប្រាស់​សំឡី​អនាម័យ​ដែល​ធ្វើ​ពី​ក្រណាត់​ផងដែរ​។ ការស្រាវជ្រាវ​បាន​រកឃើញថា សំឡី​អនាម័យ​ពី​ក្រណាត់​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ស្ដ្រី ខុសពី​សំឡី​ធ្វើ​ពី​ប្លា​ស្ទិ​ក ដែលមាន​សារធាតុ​បង្ក​រោគ​ជាច្រើន​ដល់​ស្ដ្រី និង​អាច​សម្លាប់​ស្ដ្រី​ដោយ​មិនដឹង​ខ្លួន​ផង​។​
 
​សម្រាប់​អ្នកគ្រូ ឡូ​រ៉ា ឯកទេស​ផ្នែក​សុខភាព បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​សំឡី​ប្លា​ស្ទិ​ក​ដែរ​។ អ្នកគ្រូ​ថា សំឡី​ប្លា​ស្ទិ​ក ប៉ះពាល់​ទាំង​សុខភាព និង​បរិស្ថាន​។ អ្នកគ្រូ​ណែនាំ​ឱ្យ​ស្ដ្រី ជ្រើសរើស​វិធីសាស្ដ្រ​ដេរ​ដោយ​ក្រណាត់ វា​ជា​វិធីសាស្ដ្រ​បុរាណ ដែលមាន​សុវត្ថិភាព​ខ្ពស់​ដល់​ស្ដ្រី​។​
 
​យុវតី ឡា​ដា បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សុខភាព​ខាងលើ​បានឱ្យដឹងថា នាង​ពិតជា​ទទួលបាន​ចំណេះដឹង​ថ្មី ប្លែក ទាក់ទង​នឹង​សុខភាព​ដែល​មិន​ធ្លាប់​ដឹង​ទេពី​មុន​។ ដ្បិត​អាយុ ១៧​ឆ្នាំ តែ​ដា​ឡា​ថា នាង​ហ៊ាន​សាកសួរ​ចាស់ទុំ​ពី​សុខភាព​ស្ដ្រី ដោយ​មិនមាន​អារម្មណ៍​ខ្មាស​ចំពោះ​រឿងនេះ​ទេ​។ ក្នុង​កម្មវិធី​អប់រំ​នោះ ឡា​ដា ក៏បាន​ដឹង​ពី​របៀប​ប្រើប្រាស់​សំឡី​អនាម័យ​ដែលមាន​សុវត្ថិភាព​ផងដែរ​។​


 
​ចំណែកឯ​យុវតី ហ៊ីម រក្សា អាយុ​១៧​ឆ្នាំ ក៏មាន​អារ​ម្ម​ណ៌​ប្លែក និង​រីករាយ​ពេល​ទទួលបាន​ចំណេះដឹង​ទាក់ទង​នឹង​សុខភាព​នេះដែរ​។ រក្សា​ថា វា​ជា​រឿង​ល្អ​នៅពេលដែល​ខ្លួនគេ​បានដឹង​ពី​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​សុខភាព​រាងកាយ ដើម្បី​បង្កា​ពី​ហានិភ័យ​នានា​ដែល​នាង​មិនបាន​ដឹងខ្លួន​ជាមុន​។​


 
​យុវជន ស៊ី​ប៉ូ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​ខាងលើ ក៏មាន​អារម្មណ៍​មិន​ខុសពី​យុវតី​ផ្សេងៗ​ទៀត​ដែរ​។ ស៊ី​ប៉ូ ថា មេរៀន​សុខភាព​ផ្លូវភេទ​ពិតជា​សំខាន់​ណាស់ ព្រោះ​អាច​ឱ្យគេ​ដឹង​ពី​សុខទុក្ខ​ស្ដ្រី​នៅពេល​នាង​មក​រដូវ និង​វិធី​បង្ការ​មេរោគ កាមរោគ​ផ្សេងៗ​ជាដើម​។​


 
​លោក តាំង វុទ្ធី ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​គម្រោង​សំឡី​អនាម័យ​កម្ពុជា និង​មិត្តភក្ដិ​ជនជាតិ​ម៉ាឡេស៊ី​៤​នាក់​ទៀត បាន​ផ្តើម​គម្រោង​នេះ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៧​។ លោក​ពន្យល់ថា ហេតុផល​ដែល​ក្រុមការងារ​លោក​រៀប​ចំគ​ម្រោ​ង​នេះ​នៅ​ខេត្តសៀមរាប ដោយសារ​បានឃើញ​តំបន់​មួយចំនួន​មាន​កង្វះ​ការអប់រំ​ទាក់ទង​នឹង​បញ្ហា​អនាម័យ ហើយ​ក្មេងស្រី​មួយចំនួន​បាន​បោះបង់​ការសិក្សា​នៅពេល​ពួកគេ​គ្រប់​អាយុ​មក​រដូវ​។ កន្លងមក គម្រោង​ច្រើន​ធ្វើ​នៅ​តំបន់​ឆ្ងាយៗ​ពី​ក្រុង និង​នៅតាម​ភូមិ​ឃុំ​ក្នុង​បឹង​ទន្លេសាប​ជាដើម​។ ការប្រើប្រាស់​សំឡី​អនាម័យ​ពី​ប្លា​ស្ទិ​ក ពិតជា​ប៉ះពាល់​ដល់​សុខភាព​ស្ដ្រី​ដោយ​សម្ងាត់ និង​បង្ក​រោគ​មហារីក​ផងដែរ​។ ការ​ត្រឡប់​ទៅប្រើ​ប្រាស់​សំឡី​ដែល​ធ្វើ​ពី​ក្រណាត់​នៅ​សម័យមុន ដ្បិត​បុរាណ និង​ចំណាយពេល​បន្ដិច​មែន តែ​អាច​ការពារ​ស្ដ្រី​បាន​ច្រើន បង្ការ​ពី​ការឆ្លង​មេរោគ​ផ្សេងៗ​ពី​សំឡី​ប្លា​ស្ទិ​ក​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com