អន្តរជាតិ
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នឹង​ឡើង​គ្រងរាជ្យ​ផ្លូវការ​ក្នុង​ខែឧសភា​
01, Jan 2019 , 9:39 pm        
រូបភាព
​រាជាណាចក្រ​ថៃ នឹង​រៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​ផ្លូវការ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) នៅ​ដើមខែ​ឧសភា​ខាងមុខ​។ ក្នុង​សេចក្ដីប្រកាស​របស់​រាជ​វាំង​នៅ​ថ្ងៃទី​១ ខែមករា​នេះ ពិធី​ផ្លូវការ​នឹងមាន​រយៈពេល​បី​ថ្ងៃ ដោយ​ធ្វើតាម​ប្រពៃណី​បុរាណ​របស់​ថៃ​។ ការឡើង​គ្រងរាជ្យ​ផ្លូវការ​នេះ ត្រូវបាន​ពន្យារពេល​យូរ​គួរសម ដោយសារតែ​ការ​ទុកពេល​កាន់ទុក្ខ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​។​

 
​ក្នុង​សេចក្ដីប្រកាស​តាម​កញ្ចក់​ទូរទស្សន៍ កម្មវិធី​ឡើង​គ្រងរាជ្យ​ផ្លូវការ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែឧសភា​។ នៅ​ថ្ងៃទី​៤ ក្សត្រិយ៍​អង្គ​នេះ នឹង​ជួប​ជាមួយ​សមាជិក​រាជវង្ស សមាជិក​ក្រុមប្រឹក្សា​មហាក្សត្រ សមាជិក​គណៈរដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ដទៃទៀត​។ ថ្ងៃ​បន្ទាប់ ទ្រង់​នឹង​ទទួលបរម​ងារ​សម្រាប់​រាជ្យ​តាម​ប្រពៃណី និង​ថ្ងៃ​ចុងក្រោយ ផ្ដល់​សុន្ទរកថា​ទៅកាន់​ប្រជាជន និង​ជួប​មន្ត្រី​ទូត​។​
 
​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឡើង​សោយរាជ្យ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧ បន្ត​ពី​បិតា ភូមិបុល អាឌុលយ៉ាដេត ដែល​ចូល​ទិវង្គត​ក្នុង​ខែតុលា ឆ្នាំ​២០១៦ ។ ទ្រង់​ជា​ស្ដេច​រាមា​ទី​១០ នៃ​រាជវង្ស​ចក្រី​របស់​ថៃ​ផង​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១ ខែមករា រាជវាំង​ថៃ​លើកឡើងថា កាលបរិច្ឆេទ​នេះ ជា​ពេលវេលា​សមរម្យ​ដើម្បី​រៀបចំ​ពិធី​គ្រងរាជ្យ​តាម​ប្រពៃណី និង​ដើម្បី​ការអបអរ​របស់​ប្រជាជាតិ ក៏ដូចជា​ក្ដី​រីករាយ​របស់​ប្រជាជន​ផងដែរ​។​
 
​រជ្ជកាល​ថ្មី​របស់​ក្សត្រា​អង្គ​នេះ គឺជា​ការបញ្ចប់​រជ្ជកាល​របស់​បិតា​ទ្រង់ ដែល​ត្រូវបាន​ប្រជាជន​ថៃ​គោរព​សឹង​ស្មើ​អាទិទេព​ទៅហើយ​ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ​។ បន្ទាប់ពី​សោយរាជ្យ​តាម​សំណើ​របស់​ប្រធានសភា​រួចមក មហាក្សត្រ​ព្រះជន្ម​៦៦​វស្សា បាន​ពង្រឹង​អំណាច​របស់​ទ្រង់​ក្នុង​កិច្ចការ​រាជវាំង​ដូចជា​ការគ្រប់គ្រង​ដោយផ្ទាល់​កង​អង្គរក្ស ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​ទៅទៀត ដែល​នោះ​ជា​រឿង​មិន​ធ្លាប់មាន​ឡើយ​។​
 
​មហាក្សត្រ​ថៃ និង​សមាជិក​រាជវង្ស ត្រូវបាន​ការពារ​ដោយ​ច្បាប់​ដែល​ដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​លើ​ជន​ណា​ដែល​បំពាន​។ ទោស​ប្រមាថ​មហាក្សត្រ អាច​ជាប់ពន្ធនាគា​រដ​ល់​ទៅ​១៥​ឆ្នាំ​សម្រាប់​មួយ​ករណី​។ ជនជាតិ​ថៃ​ច្រើនណាស់​ដែរ​ហើយ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ​ច្បាប់​នេះ​។ 
 
​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដ៏​សំខាន់​របស់​ថៃ​។ នៅ​ថ្ងៃ ២៤ ខែកុម្ភៈ ការបោះឆ្នោត​ទូទៅ នឹងធ្វើ​ឡើងជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ បន្ទាប់​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​ក្នុង​ខែឧសភា ឆ្នាំ​២០១៤ ។ ក្រុម​ឧ​ត្ត​ម​សេនីយ៍​ថៃ​ដែលមាន​ភក្ដីភាព​ចំពោះ​មហាក្សត្រ បាន​ពន្យារពេល​បោះឆ្នោត​ច្រើនលើក​ទម្រាំ​កំណត់​យក​កាលបរិច្ឆេទ​ក្នុង​ខែកុម្ភៈ​នេះ​៕

Tag:
 ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com