អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់​៖ ចិន​ត្រូវ​ទទួលស្គាល់​ការពិត​ថា តៃវ៉ាន់​ខុសពី​ចិន​
01, Jan 2019 , 6:19 pm        
រូបភាព
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​១ ខែមករា បានស្នើ​ឲ្យ​ក្រុង​ប៉េកាំង​ទទួលយក​ការពិត​នៃ​ភាពខុសគ្នា​រវាង​កោះ​តៃវ៉ាន់ និង​ចិន​ប្រមា​និ​ត​។ លោកស្រី Tsai ដែលមាន​និន្នាការ​ទៅរក​ឯករាជ្យ​នោះ បាន​ប្រាប់​ឲ្យ​ចិន​ប្រកាន់យក​វិធីសាស្ត្រ​សន្តិភាព បើ​ចង់​ដោះស្រាយ​បញ្ហា​ដែល​រួមរឹត​ទំនាក់ទំនង​ទ្វេភាគី និង​ត្រូវគោរព​គុណ​តម្លៃ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​ផង​។

 
​កោះ​តៃវ៉ាន់​ផ្សេង ឯ​ចិនដីគោក​ផ្សេង​។ នេះ​ជា​សារ​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ទៅកាន់​ចិន​នាឱកាស​ថ្លែង​សុន្ទរកថា​ចូលឆ្នាំថ្មី​២០១៩ ។ សារ​របស់​លោកស្រី​ប្រធានាធិបតី ចង់​សំដៅថា តៃវ៉ាន់ គឺជា​ប្រទេសមួយ ដូចគ្នា​នឹង​ចិន​ដែលជា​ប្រទេសមួយ​ដែរ ហើយ​តៃវ៉ាន់​ក៏​មិនមែនជា​អាណាខេត្ត​របស់​ចិន​អ្វី​ឡើយ​។​
 
​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន ល្អក់កករ​ខ្លាំង​តាំងពី​លោកស្រី Tsai ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០១៦ មក​។ ដោយ​បារម្ភ​ថា តៃវ៉ាន់​នឹង​ផ្ដាច់ខ្លួន​នោះ ក្រុង​ប៉េកាំង​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន​នោះ បានដាក់​សម្ពាធ​លើ​ដែន​កោះ​នេះ​យ៉ាងខ្លាំង​ទាំង​ផ្នែក​ការទូត និង​ការ​សម្ញែង​សាច់ដុំ​យោធា​ផង​។ ម្ដង​ជា​ពីរដង មេដឹកនាំ​ចិន​តែង​អះអាងថា ខ្លួន​មិន​រអា​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ឡើយ​។​
 
​តៃវ៉ាន់​ឯណោះ​វិញ មាន​ជំហរ​ច្បាស់​ហើយ គឺ​គ្មាន​ចំណាប់អារម្មណ៍​ទៅ​រស់នៅ​ក្រោម​ការដឹកនាំ​បែប​កុម្មុយនីស្ត​ឡើយ​។ លោកស្រី Tsai និយាយថា ភាគី​ទាំងពីរ​ត្រូវតែ​យល់ និង​ទទួលស្គាល់​ភាពខុសគ្នា​រវាង​តៃវ៉ាន់ និង​ចិន​ទាំង​គុណ​តម្លៃ​ប្រជាធិបតេយ្យ ការរស់នៅ​របស់​ប្រជាជន និង​ប្រព័ន្ធ​នយោបាយ​ផង ហើយ​ក្រុង​ប៉េកាំង​គោរព​ជីវិត​មនុស្ស​២៣​លាន​នាក់​ដែល​រស់​នៅលើ​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​លើសពីនោះ មេដឹកនាំ​តៃវ៉ាន់​ចាត់ទុក​ដំណោះស្រាយ​សន្តិភាព ជា​ច្រកចេញ​ដ៏​ល្អ​។ ក្នុង​សុន្ទ​ករ​ថា​ដដែល លោកស្រី Tsai លើកឡើងថា ចិន​ត្រូវតែ​គោរព​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ហើយ​ត្រូវ​ប្រើ​មធ្យោបាយ​គ្មាន​សង្គ្រាម និង​ស្មើភាព​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា​។ 
 
​សុន្ទរកថា​របស់លោក​ស្រី Tsai ធ្វើឡើង​មួយថ្ងៃ​មុន​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ថ្លែង​សុន្ទ​កថា​ជា​សាធារណៈ​មួយថ្ងៃ​ទី​២ ខែមករា ស្ដីពី​បញ្ហា​តៃវ៉ាន់​។ គេ​រំពឹងថា លោក ស៊ី នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ផ្ញើ​សារ​ទៅកាន់​តៃវ៉ាន់​ឲ្យ​ងាក​រក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប៉េកាំង​វិញ និង​មិនត្រូវ​ប្រកាស​ផ្ដាច់ខ្លួន​ឡើយ​។ ម្យ៉ាងទៀត ប្រមុខ​ដឹកនាំ​ចិន​រូបនេះ​ក៏​នឹង​នៅតែ​ប្រកាសថា តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​ផ្ដាច់ចេញ​បាន​របស់​ចិន​ដដែល​៕ 
 

Tag:
 តៃវ៉ាន់​
  ចិន​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com