ពីនេះ ពីនោះ
«​អនុវត្ត​» និង​«​អនុវត្តន៍​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
14, Nov 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​នៅតែ​ស្រពេចស្រពិល​ថា​តើ​ពេលណា​គួរតែ​ប្រើពាក្យ​«​អនុវត្ត​»​និង​ពេលណា​គួរតែ​ប្រើពាក្យ​«​អនុវត្តន៍​»?

 
​ពាក្យ «​អនុវត្ត​»​ជា​កិរិយាសព្ទ ដោយ​សំដៅលើ ប្រព្រឹត្ត​តាម​, ធ្វើតាម​, យល់ព្រម​,​យល់ព្រម​តាម​។ ឧទាហរណ៍​៖ ដើម្បីឱ្យ​ក្លាយជា​មនុស្ស​ល្អ ត្រូវតែ​អនុវត្ត​នូវ​សេចក្តី​ល្អ​។​
 
​ចំណែក​ពាក្យ «​អនុវត្តន៍​» ជា​នាមសព្ទ មានន័យ​ដូចនឹង​«​ការ​, សេចក្តី​, ក្តី​, ដំណើរ​» ដែល​ប្រែ​មក​ថា ការប្រព្រឹត្ត​តាម​, ការធ្វើ​តាម​, បណ្តោយ​តាម​។ ប្រសិនបើ​គេ​ប្រើពាក្យ «​អនុវត្តន៍​» គេ​មិនចាំបាច់ សរសេរ ការ​,​សេចក្តី​,​ក្តី ឬ​ដំណើរ​មកជា​មួយ​ទេ ពីព្រោះ​ពាក្យ ការ​,​សេចក្តី​,​ក្តី ឬ​ដំណើរ ទាំងនេះ​មាន​ថ្នាក់​ពាក្យ​ជា​នាម​ដែរ ដូច្នេះ​យើង​មិនត្រូវ​សរសេរ​ជា «​ការអនុវត្តន៍​» ដែលមាន​នាម​ពីរ​ជាប់​គ្នា​នោះឡើយ​។  ឧទាហរណ៍​៖ អនុវត្តន៍​នូវ​សេចក្តី​ល្អ នាំឱ្យ​មនុស្ស​មាន​សេចក្តីសុខ​(​ទើប​ត្រឹមត្រូវ​)​។​
 
​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​មួយទៀត​នោះ គឺថា តើ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ន៍​» ហើយ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ណ៍​»​។  អ្នក​គប្បី​ចំណាំ​ថា  រាល់​ពាក្យ​ទាំងអស់​ត្រូវដាក់ «​ន៍​»  នៅ​ខាងចុង ដូចជា​ពាក្យ​ថា អភិវឌ្ឍន៍​, អនុវត្តន៍​, បដិវត្តន៍​, អនុសាសន៍​, ប្រសាសន៍​, គមនាគមន៍ ជាដើម​។ 
 
​នៅមាន​ពាក្យ​ដទៃទៀត ដែលមាន​«​ន៍​» ពាក្យ​ទាំងនោះ​មានដូចជា «​ប្រណិប័តន៍​» ប្រែ​ថា​ការ​ឱន​សំពះ និង «​អភិវឌ្ឍន៍​» ប្រែ​ថា​សេចក្តីចម្រើន​ក្រៃលែង ជាដើម​។ ក្រៅពីនេះ នៅមាន​ពាក្យ​ជាច្រើន​ទៀត ដែល​បញ្ចប់​ដោយ​អក្សរ «​ន៍ ឬ ណ៍​» ខាងចុង ដូចជា អធិករណ៍​, ព្យាករណ៍​, វេយ្យាករណ៍​, ឧបករណ៍​, គមនាគមន៍​, សហគមន៍​, ទូរទស្សន៍ ។​ល​។​
 
​គប្បី​ចងចាំ​ថា ពាក្យ​ទាំងឡាយណា ដែលមាន​អក្សរ «​រ​» ខាងចុង ត្រូវដាក់ «​ណ៍​» ដូចជា អធិករណ៍ និង ព្យាករណ៍ ជាដើម​។ ចំណែកឯ ពាក្យ​ទាំងឡាយណា ដែល​បញ្ចប់​ដោយ​អក្សរ​ផ្សេង ក្រៅពី​អក្សរ «​រ​»  ត្រូវដាក់ «​ន៍​» ដូចជា ប្រសាសន៍​, បដិវត្តន៍​, អនុវត្តន៍​, សម្ភាសន៍​, ពិសោធន៍​, ស្វាគមន៍​, វិវឌ្ឍន៍​, ពាក្យពេចន៍ ។​ល​។​
 
​ម្យ៉ាងទៀត ពាក្យ​ទាំងអស់ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​តែងតែ​ជា «​នាមសព្ទ​» ជា​ដរាប ដោយ​មិន​អាចជា «​កិរិយាសព្ទ​» ឡើយ​។ ការបកស្រាយ​ខាងលើ គឺ​យោងទៅតាម​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត និង​សៀវភៅ វេយ្យាករណ៍​បាលី ដែល​រៀបរៀង​ដោយ បណ្ឌិត មហា ឈឹម ស៊ុម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com