ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី​៖ «៤០​ឆ្នាំក្រោយ យុវជន​បន្តវេន គួរតែ​ថ្លឹងថ្លែង​ពី​ប្រវត្តិសាស្ត្រ​»
06, Jan 2019 , 1:46 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា យុវជន​បន្តវេន គួរតែ​ថ្លឹងថ្លែង​ពី​រឿង​ប្រវត្តិសាស្ត្រ​។ បើតាម​លោក ហ៊ុន ម៉ា​នី ក្នុងនាម​ជា​យុវជន ជា​អ្នក​បន្តវេន​ទៅ​អនាគត ត្រូវ​ខំប្រឹងប្រែង និង​មាន​ជំហរ​មួយ​ឲ្យ​ច្បាស់លាស់ ជាពិសេស​ត្រូវ​ដឹង​ពី​ប្រវត្តិសាស្ត្រ និង​ការពារ​ដាច់ខាត​។​


​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បានរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​សោកនាដកម្ម និង​ការលះបង់​របស់​អ្នក​ជំនាន់​មុន ដែល​ប្រឹងប្រែង​តស៊ូ​ដើម្បី​ប្រទេសជាតិ​។ ដ្បិត​កន្លង​ហួស​៤០​ឆ្នាំក្រោយ​ហើយ​ក្តី ប៉ុន្តែ​វា​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​មួយ ដែល​លោក ហ៊ុន ម៉ា​នី ជំរុញ​ឲ្យ​អ្នក​បន្តវេន​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​នេះ​។​
 
​ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅក្នុង​របប ប៉ុល ពត នៅ​ថ្ងៃទី ៦ មករា នា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដែលមាន​អ្នកចូលរួម​៥០០​នាក់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ មិនគួរណា​ភ្លេច​នូវ​អ្វី​ដែលជា​សោកនាដកម្ម​របស់​ប្រជាជន​ខ្មែរ​នោះទេ ជាពិសេស​អ្វី​ជា​អតីតកាល យុវជន​គួរតែ​ស្វែងយល់​»​។ 
 
​ទោះជា​ការរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ ត្រូវបាន​គេ​វាយតម្លៃថា វា​ជា​ផ្នែក​មួយ​នៃ​ការទាញយក​ផលប្រយោជន៍​របស់​គណ​បក្ស​ប្រជាជន​ក្តី ប៉ុន្តែ​លោក ហ៊ុន ម៉ា​នី ក៏​ស្នើ​ឲ្យ​អ្នក​និយាយ​បែបនេះ មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់​ពី​ការលះបង់​របស់​អ្នក​ជំនាន់​មុន សម្រាប់​ប្រទេសជាតិ​។​
 
« យុវជន​ដែលជា​អ្នក​បន្តវេន​នាពេល​អនាគត គួរ​បន្ត​សិក្សា​ស្វែងយល់ និង​ឈានដល់​ការគិតគូរ​មួយ​ដោយ​ខ្លួនឯង​។ យុវជន​បន្តវេន គួរ​ធ្វើយ៉ាងណា​គិតគូរ និង​មិន​បំភ្លេច​សោកនាដកម្ម​នេះ ដែល​ប្រែ​ក្លាយទៅជា​ការអប់រំ​មួយ ដោយ​មិន​ឲ្យ​មានការ​វិលត្រឡប់​នៃ​សោកនាដកម្ម​»​។ នេះ​បើតាម​លោក ហ៊ុន ម៉ា​នី ដែល​អះអាងថា អង្គភាព​ខ្លួន​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល ដែល​បង្កើត​ឡើងមក សម្រាប់​បំភ្លឺ​ផ្លូវ​យុវជន​ឲ្យ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។ 
 
​កាលពី​ចុងខែ​វិច្ឆិកា ២០១៨​កន្លងទៅ លោក ហ៊ុន ម៉ា​នី ក៏បាន​រៀបចំ​កម្មវិធី​៤០Km​ទៅកាន់​ប្រវត្តិសាស្ត្រ ។ នៅពេល​សួរ​លោក ហ៊ុន ម៉ា​នី ថា លោក​គិតតែ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ហើយ​ហាក់​មិនបាន​គិតពី​ដំណើរ​ឆ្ពោះទៅមុខ​សោះ​? លោក ហ៊ុន ម៉ា​នី បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​៖ «​ស​.​ស​.​យ​.​ក បានរៀបចំ​កម្មវិធី​ជាច្រើន​ទាំង​ប្រវត្តិសាស្ត្រ និង​កម្មវិធី​បណ្ដុះ​ចំណេះដឹង​យល់​យុវជន​ទៅ​អនាគត ហើយ​ស​.​ស​.​យ​.​ក មិនដែល​គិតតែ​អតីតកាល​ទេ ប៉ុន្តែ​យើង​ខំប្រឹងប្រែង​ធ្វើ​ទាំងអស់​»​។ 
 
​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី ៨​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​ជូន​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅមុន​ថ្ងៃ ៧ មករា​៕
 












Tag:
 ហ៊ុន ម៉ា​នី​
  ប្រវត្តិសាស្ត្រ​
  យុវជន​បន្តវេន​
© រក្សាសិទ្ធិដោយ thmeythmey.com