ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ រកឃើញថា លោក កឹម សុខា ប្រព្រឹត្ត​បទល្មើស​តាំងពី​ឆ្នាំ​៩៣​មកម្ល៉េះ​
07, Jan 2019 , 5:59 pm        
រូបភាព
លោក កឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងអំឡុងឆ្នាំ២០០៥។ រូបពី AFP
លោក កឹម សុខា កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងអំឡុងឆ្នាំ២០០៥។ រូបពី AFP
ដោយ: ថ្មីៗ


ប៉ុន្មាន​ថ្ងៃមុន ក្រុម​មេធាវី បានដាក់​សំណើ​ជាថ្មី ទៅ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទាប់មក លោក គី ឫទ្ធី ក៏​ចេញ​ដីកា​បដិសេធ ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។
 
​ក្នុងចំណោម​ហេតុ​ល​ផល​ទាំងនោះ មាន​ហេតុផល​មួយ ដែល​ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ក្នុង​ដីកា គឺ «​ការបដិសេធ​នឹង​សំណើ​នេះ ដោយ​យល់ឃើញថា លោក កឹម សុខា ត្រូវបាន​តំណាង​អយ្យការ ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា  និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូតដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧»​។​
 
​ផ្អែកលើ​ការលើកឡើង​របស់​ចៅក្រម​ស៊ើបសួរ​ត្រង់ចំណុច​នេះ លោក កឹម សុខា ត្រូវបាន​សង្ស័យថា បាន​ប្រព្រឹត្ត​បទល្មើស​តាំងពី​ទសវត្សរ៍​៩៣​មកម្ល៉េះ មិនមែន​ទើបនឹង​ប្រព្រឹត្ត​ថ្មីៗ​នេះ​ទេ​។ យ៉ាងណាក៏ដោយ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការពន្យល់​ពី​លោក គី ឫទ្ធី ជា​ចៅក្រម​ស៊ើបសួរ ដែល​កាន់​សំណុំរឿង​របស់លោក កឹម សុខា នោះទេ ដោយ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​ពុំមាន​ការឆ្លើយតប​។ 
 
​ចំណែក​លោក អ៊ី រិន្ទ ប្រធាន​រដ្ឋបាល​តុលាការ​រាជធានី​ភ្នំពេញ​និង​ជា​អ្នកនាំពាក្យ មិន​បរិយាយ​អ្វី​ឡើយ ដោយ​លោក លើក​ហេតុផល​ថា សំណុំរឿង​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ស៊ើបសួរ ស្ថិតក្នុង​កម្រិតណា​នោះ គឺជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ ត្រូវមាន​នីតិវិធី​បន្តទៀត​»​។ 
 
​លោក ផាន់ ច័ន្ទ​សាក់ មេធាវី​ម្នាក់​របស់លោក កឹម សុខា អះអាងថា លោក អាចធ្វើ​អត្ថាធិប្បាយ​ពី​រឿងនេះ​បាន  លុះត្រាតែ​បានទទួល​ការអនុញ្ញាត ពី​លោក កឹម សុខា ជាមុនសិន​។ លោក បន្ថែមថា ក្រុម​មេធាវី នឹង​ទៅ​ជួប​លោក កឹម សុខា នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សាគ្នា​ពី​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​គិតគូរ​ថា ត្រូវធ្វើ​អ្វី​បន្តទៀត​។ 
 
​មេ​ធ​វី​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទាល់តែ​ពួក​ខ្ញុំ បានការ​អនុញ្ញាត​ពី​កូនក្តី​សិន ទើប​ពួក​ខ្ញុំ​អាច​និយាយ​ជាមួយ​សារព័ត៌​មានបាន ព្រោះ​វា​ជា​ក្រមសីលធម៌​របស់​ពួក​ខ្ញុំ ជា​មេធាវី​»​។ 
 
​មេធាវី​ម្នាក់ទៀត​របស់លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភា​រី បាន​លើកឡើងថា «​ការចោទប្រកាន់ថា​លោក កឹម សុខា ប្រព្រឹត្ត​បទល្មើស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាំងពី​ឆ្នាំ​១៩៩៣​នេះ​» គឺមាន​ចាប់តាំងពី​ស្ថាប័ន​អយ្យការ​មក ដែល​បាន​ចោទប្រកាន់ មុននឹង​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​។ យ៉ាងណា អ្នកស្រី បាន​បាន​ដិ​សេធ​ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​បទល្មើស​តាំងពី​ឆ្នាំ​១៩៩៣ ដូច​ការចោទប្រកាន់​ឡើយ​។ 
 
​អ្នកស្រី​មេធាវី មានប្រសាសន៍​បែបនេះ​ថា​៖«​ខ្ញុំ​មិន​អត្ថាធិប្បាយ​ទេ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបសួរ ដូច្នេះ​ទុក​ឲ្យ​ចៅក្រម​ស៊ើបសួរ​ទៅ​។ តែ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា អត់​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់ថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​នោះទេ​»​។ 
 
​សូម​រម្លឹកថា កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​សង្ស័យថា​លោក បាន​ប្រ​ព្រឹត្តប​ទ​ល្មើស​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​ចាត់​ចូល​ជា​អំពើ​ក្បត់ជាតិ​។ បទល្មើស​នេះ គឺ​សំដៅលើ​ការសហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​រហូតដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បាន​មួយឆ្នាំ លោក គី ឫទ្ធី ក៏​សម្រេច​ដោះលែង​លោក កឹម សុខា ជា​បណ្តោះអាសន្ន ក្រោម​ហេតុផល​ថា គិតគូរ​ពី​សុខភាព​របស់លោក​។ ប៉ុន្តែ លោក កឹម សុខា បាន​ជាប់​បម្រាម​យ៉ាង​តឹងរឹង ដូចជា​មិនអាច​ទៅណា​ឆ្ងាយ​ពី​ផ្ទះ មិនអាច​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួមទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ផងដែរ​។ 
 
​ក្រុម​អ្នកប្រឆាំង ដោយ​រួមទាំង​លោក សម រង្ស៊ី ផងដែរ មិន​ចាត់ទុកថា លោក កឹម សុខា ត្រូវបាន​ដោះលែង​នោះទេ​។ ពួកគេ យល់ថា ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ប្តូរ​ការឃុំ​លោក កឹម សុខា  ក្នុង​ពន្ធនាគារ ទៅជា​ការឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​។ ពួកគេ បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទ​និង​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា​។ 
 
​រហូតមកដល់​ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា បានអូសបន្លាយ​ជិត​មួយឆ្នាំ​កន្លះ​ហើយ ហើយ​បច្ចុប្បន្ន កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ ដោយ​ពុំទាន់​មាន​ការវិវត្ត​ទៅមុខ​នោះទេ​។ 
 
​ថ្មីៗ​នេះ លោក គី ឫទ្ធី ទើបនឹង​ចេញ​ដីកា​កោះហៅ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលទៅ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី លើ​សំណុំរឿង​របស់លោក កឹម សុខា នៅ​ចុងខែ​មករា ឆ្នាំ​២០១៩​។ លោក គង់ គាំ ប្រាប់​សារព័ត៌មានថ្មីៗថា លោក នឹងចូលទៅ​បំភ្លឺ​តាម​ដីកាកោះ​៕ 

Tag:
 តុលាការ​
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com