ជាតិ
សេដ្ឋកិច្ច
ILO៖​កុមារ​មិន​គ្រប់​អាយុ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​បាន​ថយចុះ​
07, Jan 2019 , 11:19 pm        
រូបភាព
​កម្មករ​មិនទាន់​គ្រប់​អាយុ នៅក្នុង​វិស័យ​កាត់ដេរ មានការ​ធ្លាក់ចុះ​ពី​៧៤ ករណី ក្នុង​ឆ្នាំ​២០១៣ មក​ត្រឹម​១០​ករណី​នៅក្នុង​ឆ្នាំ​២០១៨ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​ILO នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែល​បាន​វាយតម្លៃ​លើ​រោងចក្រ​ចំនួន​៤៦៤ ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៨​។


 
​បើតាម​របាយការណ៍​ដ​ដែល កម្មករ​កុមារ​ទាំង​១០ មាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ពួកគេ​សុទ្ធតែជា​ក្មេងស្រី​។ ក្នុងចំណោម​ពួកគេ កម្មករ​ដែល​ចូល​ទម្រង់​ពលកម្ម​កុមារ​ចំនួន​៤​ករណី បាន​ទទួលយក​កម្មវិធី​ដោះស្រាយ​ដើម្បី​កែលម្អ​របស់ GMAC/BFC និង​បាន​យក​ពួកគេ​ទៅ​រៀន នៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​។ មាន​ករណី​ចំនួន​២​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​កម្មវិធី​កែលម្អ​របស់ BFC ហើយ​ត្រូវ​បង្ហាញ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​តម្លាភាព​របស់ BFC ថា​ជា​ករណី​ពលកម្ម​កុមារ​ដែល​ពុំ​ត្រូ​បាន​ដោះស្រាយ​។​
 
​បើទោះបីជា​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កំពុងមាន​ភាពប្រសើរ​ឡើង ប៉ុន្តែ​ការរំលោភ​សិទ្ធិ​នៅតែមាន​ដូចជា ការរើសអើង​, ការងារ​ដោយ​បង្ខំ​, សេរីភាព​នៃ​ការបង្កើត​អង្គការ​វិជ្ជាជីវៈ​-​ល​-​។ នេះ​បើតាម ILO ដែល​បាន​បន្ត​តម្រូវ​ឲ្យ រោងចក្រ​កាត់ដេរ​ទាំងអស់​គួរ​កែតម្រូវ ឲ្យ​អនុលោម​តាមច្បាប់​ជាតិ និង​អន្តរជាតិ​។ 
 
​សូមជម្រាបថា វិស័យ​កាត់ដេរ​បាន​បង្កើត​ចំណូល​ជាង​៧០​ភាគរយ នៃ​ចំណូល​នាំចេញ​សរុប​របស់​កម្ពុជា ហើយ​ពលរដ្ឋ​កម្ពុ​ជាជាង ៦៥០, ០០០​នាក់ កំពុងធ្វើការ​ក្នុង​វិស័យនេះ ដែល​ភាគច្រើន​ជា​ស្ត្រី​។ ប្រាក់​ឈ្នូ​ល​អប្បបរមា​ប្រចាំខែ សម្រាប់​កម្មករនិយោជិត​ពេញសិទ្ធិ នៅតាម​បណ្ដា​រោងចក្រ​បាន​កើនឡើង​ពី​១០០​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ដល់​១៧០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ និង​បាន​កើនឡើង​ដល់ ១៨២​ដុល្លារ នៅ​ឆ្នាំ​២០១៩​នេះ​។ 
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហជីព និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានរួម​គ្នា​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ បន្ត​ការគាំទ្រ​លើ​លទ្ធភាព​ទីផ្សារ ការអនុគ្រោះ​ពាណិជ្ជកម្ម ការរក្សា​គម្រោង​ផ្ដួចផ្ដើម​នាំចូល​ទំនិញ គ្រប់យ៉ាង​លើកលែងតែ​អាវុធ​សម្រាប់​កម្ពុជា​៕ 
 

Tag:
 ពលកម្ម​កុមារ​
  វិស័យ​កាត់ដេរ​
 ​រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com