ជាតិ
ហេតុអ្វីចូលចិត្តរិះគន់ម៉ៅជារួមថា «កាសែតស្រុកខ្មែរ! ប៉ូលិសស្រុកខ្មែរ! ពេទ្យស្រុកខ្មែរ...»?
× អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន តែងតែនិយាយម៉ៅរួមទាំងអស់នៅពេលឃើញភាពមិនប្រក្រតីណាមួយ។ ករណីមិនប្រក្រតីមួយចំនួន ក្រុមអ្នករិះគន់ចូលចិត្តលើកឡើងថា មានលក្ខណៈដូចគ្នានៅទូទាំងប្រទេស ដោយហៅថា អ្នកកាសែតស្រុកខ្មែរ! ប៉ូលិសស្រុកខ្មែរ! តុលាការស្រុកខ្មែរ! ពេទ្យស្រុកខ្មែរ! មន្ត្រីស្រុកខ្មែរ! ជាដើម។
អ្នកសារព័ត៌មានអាជីពជាច្រើនក្លាយជាជនរងគ្រោះនៃកញ្ចប់រិះគន់។ សំណេរមួយចំនួនដែលមិនប្រកបវិជ្ជាជីវៈ ឬខុសពីបំណងក្រុមណាមួយ ត្រូវបានចាត់ទុកថា ជាស្នាដៃរបស់អ្នកកាសែតទូទៅ ហើយអ្នកប្រើប្រាស់បណ្តាញសង្គម ជាទូទៅច្រើនលើកឡើងថា «នេះហើយអ្នកកាសែតស្រុកខ្មែរ»។
ប៉ូលិសនៅគោលដៅមួយ បានយកលុយក្រៅសេវា ជាថ្នូរនឹងការពិន័យយានយន្ត។ ក្រុមអ្នកចំអកបានលើកឡើងថា «ប៉ូលិសស្រុកខ្មែរ ឲ្យតែបានលុយ ស្ងាត់មាត់ហើយ»។ តុលាការនៅខេត្តមួយ ត្រូវបានវាយតម្លៃថា កាត់ក្តីលំអៀងក្នុងសំណុំរឿងទំនាស់ដីធ្លី គេនិយាយជារួមថា «តុលាការស្រុកខ្មែរ គឺបែបនេះ»។ ករណីពេទ្យវះកាត់បណ្តាលឲ្យមនុស្សស្លាប់ ត្រូវបានគេវាយតម្លៃថា «ពេទ្យស្រុកខ្មែរ គឺដូច្នឹង ដោយមើលឃើញតែលុយ»។
ពិតណាស់ អ្នកប្រព្រឹត្តខុសគួរតែត្រូវបានរិះគន់ និងការនិន្ទា ពីព្រោះគេមិនអាចបិទភ្នែកបានឡើយ ប៉ុន្តែវាយតម្លៃជារួម ជាពិសេសថាក្នុងប្រទេសកម្ពុជាទាំងមូល ពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់អ្នកដែលប្រតិបត្តិត្រឹមត្រូវតាមអាជីពវិជ្ជាជីវៈ។
«ត្រីមួយត្រក បើស្អុយមួយ ស្អុយទាំងអស់» ជាទស្សនទានរបស់ខ្មែរបុរាណ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង វាមិនអាចត្រឹមត្រូវគ្រប់កាលៈទេសៈនោះដែរ។ ហេតុអ្វីបានជាទង្វើអាក្រក់របស់មនុស្សមួយក្រុម បែរជាវាយតម្លៃថា ជាទង្វើរបស់ប្រជាជាតិទាំងមូល?
អ្នកខ្លះ បន្ថែមពីការរិះគន់នូវអ្វីដែលអាក្រក់ថា នៅ «ស្រុកខ្មែរ» ពួកគេបែរជាឲ្យក្រេឌីតនូវអ្វីៗដែលល្អៗទៅលើបរទេសទៅវិញ។ «ឃើញទេ ប៉ូលិសស្រុកអាមេរិក ឬអ្នកកាសែតស្រុកថៃ គេធ្វើតាមវិជ្ជាជីវៈអ៊ីចឹង»។ នេះជាការឲ្យតម្លៃរបស់មនុស្សមួយចំនួន ដោយភ្លេចគិតថា អ្នកប្រកបអាជីពនៅគ្រប់ប្រទេសតែងតែមានមនុស្សល្អ និងមនុស្សអាក្រក់។
ហេតុអ្វីបានជាចូលចិត្តថា «អាក្រក់ភាគច្រើននៅស្រុកខ្មែរ» ហើយ «ល្អភាគច្រើននៅស្រុកគេ» យ៉ាងដូច្នេះ?
ដោយ៖ ឡា ធារៈ
ពលរដ្ឋរស់នៅខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com