ជាតិ
ក្រសួងការងារ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងសហការគ្នាអភិវឌ្ឍធនធានមនុស្ស រូបភាពពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
× ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានបំណងជំរុញការសហការគ្នា ដែលផ្ដោតលើការអភិវឌ្ឍផ្នែកធនធានមនុស្ស ដោយសំដៅធ្វើយ៉ាងណាបង្កើនគុណភាពសិក្សា និងធនធានមនុស្ស។ ការជំរុញសហការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក អ៊ិត សំហេង និងលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង និងលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី ១១ មករាកន្លងទៅ បានជួបពិភាក្សាគ្នា ដើម្បីស្វែងយល់បន្ថែមពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីជំនួបខាងលើនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានពិភាក្សាការងារមួយចំនួន ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសមាគម ក្នុងការបង្កើតក្រុមការងារចម្រុះ ដើម្បីបង្កើនគុណភាពសិក្សា និងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់របស់លោក ង៉ុយ រិទ្ធ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រី នៃក្រសួងការងារ។
ក្នុងជំនួបដដែល លោករដ្ឋមន្ត្រី អ៊ិត សំហេង បញ្ជាក់ថា កម្លាំងពលកម្មជំនាញ និងបច្ចេកទេសភាគច្រើន កើតចេញពីគ្រឹះស្ថានឯកជន និងបានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់។ លោករដ្ឋមន្ត្រីក្រសួងការងារ បន្តលើកឡើងថា គ្រឹះស្ថានឯកជន បានចូលរួមវិភាគទានដ៏មានតម្លៃ ដោយបានស្រូបទាញយុវជនដែលប្រឡងជាប់ចំណេះទូទៅ ចូលមកក្នុងគ្រឹះស្ថាន និងបានរួមចំណែកដោះស្រាយបញ្ហាសង្គមដ៏ធំមួយ។
បើតាមទំព័រហ្វេសប៊ុកក្រសួងការងារ ក្រោយជំនួបនេះ ភាគីសមាគម និងក្រសួងការងារ នឹងបញ្ជូនសមាសភាពរៀងៗខ្លួន ដើម្បីបង្កើតក្រុមការងាររួមគ្នាជំរុញការអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស ដែលស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយនានា។ នេះបើតាមទំព័រហ្វេសប៊ុកដដែល៕
Tag:
ក្រសួងការងារ
ធនធានមនុស្ស
គ្រឹះស្ថានឧត្តមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com