រថយន្ត
អន្តរជាតិ
ទីផ្សារយានយន្តឥណ្ឌានឹងឈានទៅដណ្តើមលេខបីពីជប៉ុននៅឆ្នាំ២០២១
× សន្ទុះនៃការលក់យានយន្តរបស់ឥណ្ឌា បាននាំឲ្យពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៤ពីអាល្លឺម៉ង់ក្នុងទីផ្សារយានយន្ត (World Largest Auto Market) ហើយរំពឹងថា អាចប្រជែងយកចំណាត់ថ្នាក់ទី៣ពីជប៉ុនបន្ថែមទៀតនៅឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ Financial Times។
កាលពីឆ្នាំ២០១៨ ការលក់រថយន្តប្រភេទពាណិជ្ជកម្ម និងដឹកអ្នកដំណើរនៅឥណ្ឌា មានកំណើន៨,៣ភាគរយ ពោលគឺមានប្រមាណ៣,៩៩លានគ្រឿង។ ទិន្នន័យដែលផ្តល់ដោយទីភ្នាក់ការ LMC Automotive បង្ហាញថា ឥណ្ឌាឡើងទៅចំណាត់ថ្នាក់លេខ៤ជំនួសអាល្លឺម៉ង់ ដែលបានលក់ចេញប្រមាណ៣,៧៤លានគ្រឿង។
អ្នកវិភាគទីផ្សារ វាយតម្លៃថា ឥណ្ឌា នឹងបន្តដណ្តើមតំណែងលេខ៣ពីជប៉ុន នាឆ្នាំ២០២១ ដោយតម្រូវការយានយន្តនៅប្រទេសដែលមានពលរដ្ឋប្រមាណ១,២ពាន់លាននាក់នេះ កើនជាង៧ភាគរយក្នុង១ឆ្នាំ។
ឥណ្ឌា បានផលិតយានយន្តដែលមានតម្លៃសមស្រប ហើយអាចឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សទូទៅ។ ជាឧទាហរណ៍ រថយន្តដឹកអ្នកដំណើរនៅឥណ្ឌា មានតម្លៃប្រមាណតែ៧០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
យានយន្តដែលរួមចំណែកបង្កើនកំណើននៃការលក់ចេញ មានដូចជារថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញ និងម៉ូតូ (ឥណ្ឌា) ផ្សេងៗ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារបានលើកឡើងថា ឥណ្ឌាមិនទាន់អាចឈានដល់ការដណ្តើមទីតាំងរបស់ចិន និងអាមេរិក នោះឡើយ។
ក្រុមហ៊ុនផលិតយានយន្តដែលនាំមុខគេនៅឥណ្ឌា គឺ Maruti Suzuki ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស៊ុយស៊ុយគី និងរដ្ឋាភិបាលឥណ្ឌានៅឆ្នាំ១៩៨២ ។
បច្ចុប្បន្នទីផ្សារយានយន្តឥណ្ឌា ឈរលំដាប់បន្ទាប់ពីមហាយក្សចិន សហរដ្ឋអាមេរិក និងជប៉ុន។ អាល្លឺម៉ង់ធ្លាក់ទៅចំណាត់ថ្នាក់លេខ៥ និងបន្តដោយចក្រភពអង់គ្លេស បារាំង ប្រេស៊ីល និងអ៊ីតាលី៕
© រក្សាសិទ្ធិដោយ thmeythmey.com