សៀមរាប៖ នាពេលបច្ចុប្បន្ននេះ បើគេនិយាយពីបន្លែសរីរាង្គដែលដាំដុះតាមគោលការណ៍ធម្មជាតិសុទ្ធសាធនោះ គឺនៅមានតិចតួចនៅឡើយ។ ដ្បិតថា ការដាំដុះរបៀបនេះត្រូវបានប្រើយូរ ចំណាយច្រើន និងមានភាពអត់ធ្មត់ខ្ពស់។ លោក លន សាវុធ គឺជាកសិករមួយរូបដែលជ្រើសរើសការដាំបន្លែសរីរាង្គ ដោយសារលោកយល់ពីបញ្ហាសុខភាព ទាំងសម្រាប់ខ្លួនលោកអ្នកដាំ និងសម្រាប់អ្នកហូបទូទៅផង។ ក្នុងរបរដាំបន្លែសរីរាង្គនេះ លោកអាចរកចំណូលបានចន្លោះពី៦០០ ទៅ៧០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ក្នុងនោះដែរ លោកសប្បាយរីករាយ ដែលមានចំណែកជួយឱ្យសុខភាពមនុស្សទូទៅបានល្អតាមរយៈការហូបបន្លែសរីរាង្គរបស់លោក។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ដោយសារជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា ខេត្តសៀមរាបមានតម្រូវការបន្លែច្រើនរៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានា។ ពលរដ្ឋខេត្តសៀមរាប មួយចំនួនធំក្រៅពីធ្វើការនៅតាមសណ្ឋាគារហើយនោះ ក្នុងនោះរបរសំខាន់របស់ពួកគេគឺអ្នកដាំបន្លែ។ របរដាំបន្លែ ធ្វើឱ្យកសិកររកចំណូលបានសមរម្យ។
លោក លន សាវុធ ជាកសិករនៅសង្កាត់ក្របីរៀល ដែលកំពុងជោគជ័យលើកសិកម្មសរីរាង្គ។ ក្របីរៀល ស្ថិតនៅប៉ែកលិចឈៀងខាងត្បូងក្រុងសៀមរាប។ អ្នកភូមិនេះមានមុខរបរសំខាន់ជាអ្នកដាំបន្លែ។ ផ្ទៃដីជុំវិញផ្ទះរបស់ពួកគេ មិនមានចន្លោះប្រហោងឡើយ គឺត្រូវបានកាប់គាស់ រៀបចំជាសួនបន្លែតូចធំតាមការកែច្នៃជាក់ស្ដែង។
ខ្ញុំបានចូលទៅដល់ផ្ទះលោក លន សាវុធ ដែលដាំបន្លែសរីរាង្គជាង ១០ឆ្នាំមកហើយ។ ផ្ទះមិនធំប៉ុន្មានទេ ហើយដីជុំវិញផ្ទះ ត្រូវបានប្រើប្រាស់សម្រាប់សង់រោងដាំបន្លែ ដែលតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ មានទំហំ ២០គុណ៤៥ម៉ែត្រ។ នៅបរិវេណរោងដាំបន្លែ គេសង្កេតឃើញមានរុក្ខជាតិចម្រុះ ធុង អាងស្ដុកទឹក រួមនិងម៉ាស៊ីនកិនកម្ទេចរុក្ខជាតិសម្រាប់ធ្វើជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងរោងបន្លែទាំងមូល។
ការជ្រើសរើសសង់រោងបន្លែសរីរាង្គ គឺមានអត្ថប្រយោជន៍ច្រើនក្នុងការដាំបន្លែ។ លោក សាវុធ បញ្ជាក់ថា រោងនេះផ្តល់ឱកាសឱ្យលោកអាចដាំបន្លែបានគ្រប់រដូវ និងដាំវិលជុំ ដោយមិនបារម្ភពីការខាតបង់ និងខូចខាតឡើយ។
តាមពិតទៅ រោងបន្លែរបស់លោក សាវុធ ទើបនឹងសង់រយៈពេលជាង ១ឆ្នាំនេះតែប៉ុណ្ណោះ គឺអំឡុងខែ តុលា ឆ្នាំ២០១៧។ រោងនេះសង់ពីគ្រោងដែក ដំបូលប្រក់កៅស៊ូ និងមានរាយសំណាញ់ប្រក់មួយជាន់ទៀត។ មូលហេតុដែលលោកជ្រើសរើសរបរដាំបន្លែនេះ ដោយគិតថាបន្លែមានតម្រូវការរាល់ថ្ងៃ។ បន្លែសរីរាង្គដែលលោក សាវុធ បាននិងកំពុងដាំសព្វថ្ងៃមានដូចជា សាឡាត់អឺរ៉ុប ខាត់ណា រ៉ូកែត ស្ពៃ និងខ្ទឹមមានចំនួនតិចតួច។ ហើយបន្លែដែលមានតម្លៃខ្ពស់នោះ ដូចជាប្រភេទសាឡាត់ និងខាត់ណា ដែលមានតម្លៃមួយម៉ឺនរៀល និងរ៉ូកែត តម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រាល់ផលិតផលកសិកម្មរបស់លោក សាវុធ គឺមានការវេចខ្ចប់ត្រឹមត្រូវ ដាក់ស្លាកតម្លៃ មុននឹងនាំយកទៅដាក់នៅតាមផ្សារទំនើបធំៗក្នុងក្រុងសៀមរាប។
បើទោះបីជាការដាំបន្លែសរីរាង្គត្រូវកាពេលយូរ និងហត់នឿយជាងដាំបន្លែធម្មតាក៏ពិតមែន តែលោក សាវុធ មានកម្លាំងចិត្តក្នុងការផលិតបន្លែសរីរាង្គ ដោយសារតម្លៃខ្ពស់ជាងបន្លែធម្មតា។ បន្លែសរីរាង្គមានតម្លៃខ្ពស់ជាងបន្លែធម្មតាពីរដងឯណោះ។
មានសម្បុរខ្មៅ ស្បែកជ្រាវជ្រួញដូចទៅនឹងកសិករផ្សេងទៀតដែរ ឆ្នាំនេះលោក សាវុធ អាយុ៥៦ឆ្នាំហើយ។ និយាយដោយទឹកមុខញញឹម លាយនឹងអារម្មណ៍គិតទៅឆ្ងាយ លោកថាបានចាប់អាជីពជាអ្នកដាំបន្លែនេះជាង១០ឆ្នាំមកហើយ។ លោកទទួលស្គាល់ថា របរមួយនេះមានភាពនឿយហត់ខ្លាំង និងទាមទារឱ្យមានការអត់ធ្មត់។ សព្វថ្ងៃការដាំបន្លែរបស់លោកពឹងលើកម្លាំងសាមាជិកគ្រួសារចំនួន៣នាក់ គឺមានលោក ប្រពន្ធ និងកូនស្រី។ រាល់ថ្ងៃលោក សាវុធ មិនសូវបានចេញទៅណាឆ្ងាយឡើយ គឺការដាំបន្លែសរីរាង្គនេះ ទាមទារឱ្យលោកនៅជាប់នឹងកន្លែងដាំជានិច្ច ដើម្បីថែទាំ។ យ៉ាងណាលោកថា សប្បាយចិត្តពេលខ្លួនមានចំណែកធ្វើឱ្យសុខភាពមនុស្សទូទៅល្អតាមរយៈហូបបន្លែដែលមានសុវត្ថិភាព មិនបង្កជាជំងឺផ្សេងៗ។
ដ្បិតថា ផ្ទៃដីនៅមានកម្រិត ហើយការដាំដុះក៏មិនមានបរិមាណច្រើនដែរ។ យ៉ាងណា ដោយសារជ្រើសរើសការដាំដុះបន្លែដែលមានទីផ្សារល្អ គឺដាំតែបន្លែណាដែលមានតម្រូវការច្រើននោះ ធ្វើឱ្យលោក សាវុធ អាចរកចំណូលចាប់ពី ២៥ ទៅ៣០ដុល្លារក្នុងមួយថ្ងៃក្នុងបរិមាណបន្លែចាប់ពី ១០ទៅ៣០គីឡូក្រាម។ ចំនួននេះអាចឱ្យគ្រួសារលោករកចំណូលបានពី៦០០ ទៅ៧០០ដុល្លារក្នុងមួយខែ។ ចំណូលនេះមានការធ្លាក់ចុះទៅតាមបរិមាណបន្លែ និងតម្លៃតាមរដូវកាល។
របរដាំបន្លែ ជាចំណែកដ៏ធំធ្វើឱ្យលោក សាវុធ មានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សាកូនៗរបស់លោកចំនួន៥នាក់ ឱ្យបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ កូនរបស់លោកម្នាក់បានបញ្ចប់ការសិក្សានៅប្រទេសថៃ ម្នាក់កំពុងសិក្សានៅប្រទេសវៀតណាម និង៣នាក់ទៀតកំពុងសិក្សានៅភ្នំពេញ។ លោកនិយាយដោយទឹកមុខរីករាយ និងមានមោទកភាពចំពោះរឿងនេះ។ យ៉ាងណាលោកថា ទោះលោកមានមោទកភាពក្នុងខ្លួនដោយសារជួយឱ្យសុខភាពមនុស្សទូទៅល្អពិតមែន តែនៅមានមនុស្សមួយចំនួនមិនទាន់យល់ពីសារប្រយោជន៍ទាំងនេះដែរ ហើយក៏នៅមានអ្នកភូមិតិចតួចនៅឡើយដែលយល់ពីការដាំបន្លែសុវត្ថិភាព ដោយពួកគេគិតថា បន្លែដែលប្រើថ្នាំគីមី ងាយស្រួលដាំ និងរហ័សជាងការដាំបន្លែសរីរាង្គ។ លោក សាវុធ និយាយដោយទឹកមុខហាក់នៅទើសទាល់ ព្រោះអ្នកដាំបន្លែមួយចំនួន អាត្មានិយម គិតតែចំណូលខ្ពស់ទោះប៉ះពាល់ដល់សុខភាពអ្នកហូបប៉ុណ្ណាក៏ដោយ។
ទោះបីជាបច្ចុប្បន្នមានវ័យជិត ៦០ឆ្នាំទៅហើយក៏ពិតមែន តែលោក សាវុធ ដែលស្រដីមួយៗនេះហាក់នៅមានកម្លាំងមាំមួន មិនចាញ់យុវវ័យប៉ុន្មានទេ។ លោកប្រាប់អ្នកសារព័ត៌មានដែលបានចោទជាសំណួរទៅលោកថា នឹងបន្តដាំបន្លែនេះរហូតដល់លោកធ្វើលែងកើត (គ្មានកម្លាំង) និងមានបំណងពង្រីកផ្ទៃដាំដុះរបស់លោកឱ្យធំជាងសព្វថ្ងៃ២ ទៅ៣ដងឯណោះ។ លោកក៏បានត្រៀមដីសម្រាប់រៀបចំរួចហើយដែរ តែថានៅខ្វះទុន។
សម្រាប់ លោក សាវុធ ការជ្រើសរើសបន្លែដើម្បីហូបរាល់ថ្ងៃ គឺមានសារសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ បន្លែចាត់ទុកដូចអាហារមួយប្រភេទសម្រាប់ទ្រទ្រង់ និងជួយដល់រាងកាយឱ្យមានសុខភាពមាំទាំ បើជ្រើសរើសបន្លែល្អ នោះសុខភាពរបស់យើងក៏ល្អតាមនោះដែរ។ ជាមួយគ្នានេះ លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់យល់ពីបញ្ហានេះ និងងាកមកហូបបន្លែសរីរាង្គ ដ្បិតថាវាមានតម្លែថ្លៃជាងបន្លែធម្មតាបន្ដិចមែន តែអាចឱ្យយើងមានសុខភាពល្អ មិនមានជំងឺឈឺឆ្កាត់អ្វីឡើយ៕