ONE Championship
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ ONE: HERO’S ASCENT ថ្ងៃ​សុក្រ​នេះ​បន្ថែម​គូប្រយុទ្ធ​ដ៏​ភ្ញាក់ផ្អើល​ច្រើន
25, Jan 2019 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​សុក្រ ទី​២៥ មករា​នេះ ONE Championship បានរៀបចំ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​ក្នុងនោះ​មាន​គូប្រកួត​ចំនួន ១១​គូ​ប្រមូល​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ ONE: HERO’S ASCENT​។

 
ONE: HERO’S ASCENT​ជាមួយ​ការ​ប្រដាល់​ចម្រុះ​ជាច្រើន​ប្រភេទ​ដែល​រួមមាន ប្រដាល់សេរី មួយ​ថៃ គុន​ចម្រុះ ក៏ដូចជា​ការប្រកួត​ដណ្តើម​ជើងឯក ONE World Title ជាដើម​។​
 
 
​ខាងក្រោម​នេះ​ជា​អ្វីដែល​ជនរួមជាតិ​គួរ​តាមដាន​ទស្សនា​៖ 
 
១. ការដណ្តើម​ខ្សែក្រវាត់ ONE Flyweight World Title
 
​គូ​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​មាន​វត្តមាន​កីឡាករ Geje Eustaquio ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion នឹង​ប្រកួត​ជម្រះបញ្ជី​ជាមួយ​អតីត​ខ្សែក្រវាត់​ពិភពលោក​ម្នាក់ទៀត​គឺ Adriano Moraes​។​
 
​មួយគូ​នេះ​មិន​អស់​ចិត្តនឹង​គ្នា​ដោយសារ​ធ្លាប់​ប៉ះគ្នា​ម្តង​កាលពី​ពី ONE មក​រៀបចំ​ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ឆ្នាំ​២០១៤ នៅ​មហោស្រព​កោះ​ពេ​ជ្យ រាជធានី​ភ្នំពេញ ដែល​កាលនោះ​ភាគី​ប្រេ​ស៊ី​ល Moraes ចាប់​ក្លេរ​រឹត​ក Eustaquio ឈ្នះ​ក្នុង​ទឹក​ទី​២ ហើយ​យកបាន​ខ្សែក្រវាត់ ONE World Flyweight Championship Title តែម្តង​។ 
 
​បន្ទាប់ពី​ចាញ់ Moraes កាល​នោះមក ដល់​ឆ្នាំ ២០១៨ Eustaquio ដែលជា​កីឡាករ​ក្រុម Lakay បាន​ចាប់​ឲ្យ​ប្រកួត​សងសឹក​គ្នា​ម្តងទៀត តែ​លើក​នេះ​ឈ្នះ​ដោយ​ពិន្ទុ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅតែ​ទន្ទឹង​តាមដាន​ថា​នរណា​ខ្លាំង​ជាង​នរណា​ឲ្យ​ប្រាកដ ជាពិសេស​នឹង​ដឹង​ក្នុងការ​ប្រកួត​ថ្ងៃ​សុក្រ​នេះ​។​
 

២. ៥​គូ​ខ្លាំងៗ​ក្នុង​វគ្គ ONE Super Series Bouts
 
​តាំងពី ONE Championship បាន​បង្កើត​ការប្រកួត​បែប​សេរី ONE Super Series (OSS) មក​ឃើញថា​មាន​ជោគជ័យ​ខ្ពស់​ក្នុង​ឆ្នាំ ២០១៨​។ 
 
​ដូច្នេះ​នៅ​ព្រឹត្តិការណ៍ ONE: HERO’S ASCENT​នេះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ប្រាកដជា​សប្បាយ​ភ្នែក​ទស្សនា​ការប្រកួត​ប្រដាល់​មួយ​ថៃ និង​ប្រដាល់សេរី​ខ្លាំង​មិន​ខាន​។​
 
​ចាប់ផ្តើម​គូ​ពិសេស​ដំបូង​គឺមាន​អ្នកលេង​មួយ​ថៃ Bangpleenoi Petchyindee ក្នុងការ​ប្រកួត​ទម្ងន់ ៦៥​គីឡូក្រាម​ជាមួយ​កីឡាករ ហូ​ឡង់ Brown Pinas ដែល​ពូកែ​ខាង​ទាត់​
 
​បន្ទាប់ពីនោះ​មាន​តារា​ប្រដាល់​ល្បី​របស់​ថៃ​មួយរូប​ទៀត​គឺ Rodtang Jitmuangnon កីឡាករ​ចិត្តសឿង​រូបនេះ​មានបំណង​ចង់​បំបាក់​ភាគី​ជនជាតិ​ទុយ​នី​ស៊ី Fahdi Khaled ឲ្យ​បានសម្រេច​។ 
 
 
៣. ការប្រកួត​ជម្រុះ​ត្រីមាស​ចុងក្រោយ​
 
​គូ​សំខាន់​មួយគូ​ទៀត​នៃ​កម្មវិធី​នេះ ក៏មាន​ជើង​ខ្លាំង​មកពី​កោះ​ហា​វ៉ៃ Lowen Tynanes ត្រូវផ្គូផ្គង​ជាមួយ Honorio Banario កីឡាករ​តំណាង​ក្រុម Lakay ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion​។ មួយគូ​នេះ​នឹង​ប៉ះគ្នា​ដើម្បី​ចូល​វគ្គ​ជម្រុះ  Lightweight World Grand Prix Quarter-Final​។​
 
​កីឡាករ​ជនជាតិ​អាមេរិក​រូ​ន​នេះ ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នា​ឆ្នាំ ២០១៥​ដែរ ប៉ុន្តែ​បាន​បាត់​មុខ​ពីស​ង្វៀន​ធំ ONE Championship តាំងពី​ពេលនោះ​មក​។ 
 
Lowen Tynanes មិន​ចង់​ខាត​ពេលវេលា​ទៀត​ទេ ដូច្នេះ​រូបគេ​ចាប់​គូ​ជាមួយ​ខាង​ឥណ្ឌូណេស៊ី Banario តែម្តង​ទៅហើយ​សង្ឃឹមថា​អាច​ឆ្លង​ដល់​វគ្គ​មួយទៀត​គឺ  ONE's Lightweight World Grand Prix​។  វគ្គ ONE's Lightweight World Grand Prix នឹងមាន​ជើង​ខ្លាំង​ល្បីៗ​មួយកម្រិត​ទៀត​ដូចជា Amir Khan និង Eddie Alvarez ជាដើម​នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក  ONE World Title នោះ​ដូចគ្នា​៕ 

​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com