ជាតិ
២៥ខេត្ត/រាជធានី
ក្រុង-ស្រុក-ខណ្ឌថ្មី៖បឹងកេងកង, កំបូល, កោះរ៉ុង, បុរីអូរស្វាយសែនជ័យ, តាលោសែនជ័យ និងតាំងគោក
× រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្ទឹងត្រែង ពោធិ៍សាត់ និងកំពង់ធំ នឹងមានរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ បន្ថែមទៀត ដោយសមាសភាពដឹកនាំទំនងជាកើតចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
រដ្ឋបាលមូលដ្ឋានថ្មីទាំង៦ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យផ្សេងៗគ្នា ដែលចុះកាលពីថ្ងៃទី៨ ខែមករា។ យោងតាមលិខិតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុង ស្រុក ខណ្ឌ នីមួយៗ នឹងមានសមាសភាពគណៈអភិបាលចំនួន៥រូប។
រាជធានីភ្នំពេញ នឹងមានខណ្ឌពីរបន្ថែមទៀត គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល ដែលធ្វើរាជធានីភ្នំពេញកើនដល់ទៅ១៤ខណ្ឌ។ តាមអនុក្រឹត្យ ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣ ខណ្ឌថ្មីទាំងពីរ នឹងមានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់ រៀងៗខ្លួន។ ខណ្ឌផ្សេងទៀតរបស់រាជធានីភ្នំពេញរួមមាន ខណ្ឌមានជ័យ ច្បារអំពៅ ទួលគោក ឫស្សីកែវ សែនសុខ ពោធិ៍សែនជ័យ ចំការមន ដង្កោ ដូនពេញ ៧មករា ជ្រោយចង្វារ និងព្រែកព្នៅ។
កោះរ៉ុង នឹងក្លាយជាក្រុងថ្មីមួយបន្ថែមទៀតរបស់ខេត្តព្រះសីហនុ។ ក្រុងកោះរ៉ុងនឹងមានសមាជិកក្រុមប្រឹក្សាចំនួន១១នាក់ ហើយធ្វើឲ្យខេត្តព្រះសីហនុ មានរដ្ឋបាលក្រុង ស្រុក ចំនួន៥ គឺក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកកំពង់សិលា ស្រុកស្ទឹងហាវ និងក្រុងកោះរ៉ុង។
ខេត្តស្ទឹងត្រែង មានក្រុង-ស្រុក ឡើងដល់៦ ក្រោយការបង្កើតស្រុកបុរីអូរស្វាយសែនជ័យ។ ស្រុកថ្មីនេះ នឹងមានចំនួនក្រុមប្រឹក្សា១១នាក់ ដែលតិចជាងនៅក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកសៀមបូក។
ខេត្តពោធិ៍សាត់ ក៏មានស្រុកថ្មីមួយទៀតបន្ថែមដែរ គឺស្រុកតាលោសែនជ័យ។ ស្រុកនេះ នឹងមានក្រុមប្រឹក្សាចំនួន១៥នាក់ ដែលលើសស្រុកវាលវែង តែតិចជាងស្រុកបាកាន ស្រុកក្រគរ ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។
រីឯខេត្តកំពង់ធំ មានស្រុកតាំងគោកជាចំណូលថ្មី បន្ថែមលើស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ ស្រុកសណ្តាន់ ក្រុងស្ទឹងសែន និងស្រុកប្រាសាទសំបូរ។ តាំងគោកមានចំនួនក្រុមប្រឹក្សា១៩នាក់៕
Tag:
ភ្នំពេញ
ព្រះសីហនុ
ស្ទឹងត្រែង
ពោធិ៍សាត់
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com