ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​គម្រោង​សិស្សស្រី​» បើកផ្លូវ​ឱ្យ​ក្មេងស្រី​នៅ​ជនបទ​រៀន​បាន​ខ្ពស់ និង​មាន​អាជីព​ល្អ​នៅ​អនាគត​
27, Jan 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ គម្រោង​សិស្សស្រី គឺជា​គម្រោង​មួយ​ដែល​បង្កើតឡើង​ដោយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​។ គម្រោង​នេះ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជ្រោមជ្រែង និង​ជួយ​ក្មេងស្រី ពី​ទីជនបទ​ឆ្ងាយៗ ឱ្យមក​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​។ គម្រោង​នេះ​កំពុងដំណើរការ​ក្នុង​ខេត្តសៀមរាប និង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោ​ទក ដោយ​ជួយ​ក្មេងស្រី​ដែលមាន​ជីវភាព​ក្រីក្រ មានលទ្ធភាព​សិក្សា​បាន​ខ្ពស់ និង​ក្លាយជា​ធនធាន​ដ៏​សំខាន់​មួយ​ក្នុង​សង្គមជាតិ​។

 
​សេចក្តីរាយការណ៍​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖


 
 
​បើ​និយាយ​ពី​ការអប់រំ​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា មិន​ថា​ក្មេងប្រុស​ឬ​ក្មេងស្រី គឺ​ទទួលបាន​ស្មើៗ​គ្នា​។ ខុសពី​ប៉ុន្មាន​ឆ្នាំមុន ដែល​បរិបទ​នេះ​ហាក់​នៅ​បិទផ្លូវ​សម្រាប់​ក្មេងស្រី​នៅឡើយ​ក្នុង​ការទទួល​បានការ​អប់រំ​ឱ្យ​ស្មើគ្នា​ទៅនឹង​ក្មេងប្រុស​។ ផ្ត​ត់​គំនិត​ដែល​តែង​លើក​ថា ក្មេងស្រី​បង្វិល​ច​ង្ក្រា​ន្ត​មិន​ជុំ ក្មេងស្រី​នៅតែ​ផ្ទះ​ជាដើម​នោះ បន្ត​នៅជាប់​ក្នុង​គំនិត​ចាស់ៗ ពិសេស​អ្នក​នៅ​ទីជនបទ​ដាច់ស្រយាល​។​


 
​ដោយ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នេះហើយ ទើប​គម្រោង​សិស្សស្រី របស់​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្រី ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០០៧ ដែល​ផ្តើម​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិស្សស្រី​។ គម្រោង​នេះ ផ្តើម​បើកផ្លូវ​ឱ្យ​ក្មេងស្រី​ដែល​កំពុង​រស់នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តសៀមរាប មាន​ក្ដី​រំពឹងថា​ខ្លួន​អាច​រៀន​បន្ដ​នៅ​ថ្នាក់ខ្ពស់ និង​អាច​សម្រេច​អាជីព​ដែល​គេ​ប៉ងប្រាថ្នា​បាន​។​


 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បានឱ្យដឹងថា គម្រោង​នេះ​បង្កើតឡើង​ក្នុង​គោលដៅ​ដើម្បី​ឱ្យមាន​ភាពស្មើគ្នា​រវាង​សិស្សស្រី និង​សិស្ស​ប្រុស​។ លោក​ថា សង្គម​ខ្មែរ​មិនសូវ​បាន​លើកទឹកចិត្ត​ក្មេងស្រី​ឱ្យ​រៀន​ដូច​ក្មេងប្រុស​ទេ ជាក់ស្ដែង​ដូច​គ្រួសារ​របស់លោក​ផ្ទាល់ ឪពុកម្ដាយ​មិនបាន​លើកទឹកចិត្ត​ប្អូនស្រីៗ​របស់លោក​រៀន​ដូច​បងប្អូន​ប្រុសៗ​ឡើយ​។​


 
​លោក ស៊ា សុផល ជា​អ្នកស្រុក​អង្គរជុំ ខេត្តសៀមរាប និង​បាន​ត្រឡប់មក​សៀមរាប​វិញ​នៅ​ឆ្នាំ ២០០៧ បន្ទាប់ពី​លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ឆ្លងកាត់​ការធ្វើការ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ​។ ការ​ត្រឡប់​របស់លោក គឺ​ដើម្បី​សម្រេច​បំណងប្រាថ្នា​កាលពី​នៅ​តូច ដែល​លោក​ចង់​បួស​រៀន​បំពេញ​កាតព្វកិច្ច​ជា​កូនប្រុស​មួយរូប​ក្នុង​ទំនៀម​ប្រពៃណី​ខ្មែរ​។ ក្នុងអំឡុងពេល​បួស​រៀន​នៅក្នុង​វត្ត​ត្រាំ​នាគ​រយៈពេល​ប្រមាណ​មួយឆ្នាំ លោក​បាន​ស្គាល់​ព្រះសង្ឃ​ជាច្រើន​ដែល​បាន​បួស​រៀន និង​ស្នាក់​នៅក្នុង​វត្ត​ច្រើន​ឆ្នាំ ដោយ​ភាគច្រើន​នៃ​ព្រះសង្ឃ​ទាំងនោះ ចេញពី​គ្រួសារ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​រៀនសូត្រ​នៅ​សាលា​ខាងក្រៅ​។ ពេលនោះ​ហើយ​ដែល​លោក​បាន​ស្វែងយល់​ពី​បញ្ហា​នេះ គឺថា ក្មេងប្រុស​ដែលមាន​គ្រួសារ​ក្រីក្រ ពួកគេ​អាចមាន​លទ្ធភាព​មក​បួស​រៀន​បាន ផ្ទុយទៅវិញ​ក្មេងស្រី​សង្គម​មិនបាន​ផ្តល់ឱកាស​ទាំងនេះ​ដល់​ពួកគេ​ឡើយ​។​


 
​នៅ​ចុងឆ្នាំ​២០០៧ លោក ស៊ា សុផល បាន​ចាក​សិក្ខាបទ និង​បាន​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​។ អំឡុង​ពេលនោះ លោក​ក៏បាន​បង្កើត​គម្រោង​សិស្សស្រី​នេះ ដោយមាន​ការរៀបចំរ​ច​នា​សម្ព័ន្ធ​ត្រឹមត្រូវ និង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ គម្រោង​នេះ​ក៏បាន​ធ្វើការ​ជាមួយ​គម្រោង​អន្ដេវាសិកដ្ឋាន​សម្រាប់​សិស្សស្រី​ស្នាក់នៅ ដែល​ស្ថិតនៅក្នុង​បរិវេណ​វិទ្យាល័យ​អង្គរ ដែលមាន​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB​។​


 
​គម្រោង​របស់ ADB បានចាប់ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​សិក្សា ២០០៧-២០០៨ ដែល​បាន​រើស​ក្មេងស្រី​មកពី​បណ្ដា​ស្រុក​ផ្សេងៗ​ចំនួន ៧២​នាក់​។ លោក ស៊ា សុផល មានឱកាស​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ទាំងនោះ និង​បាន​មើលឃើញ​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​គម្រោង​នេះ គឺ​មិនមាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ និង​ការផ្តល់​ថវិកា​ចាយវាយ​ប្រចាំឆ្នាំ​នៅ​តិចតួច​ជាដើម ដែល​មិនអាច​បំពេញតម្រូវការ​ក្នុងការ​ចាយវាយ​របស់​សិស្ស​។ ក្នុងដំណាក់កាល​នោះ លោក​បាន​ជួយ​សម្រួល​បន្ទុក​ការចំណាយ​របស់​សិស្សស្រី​ទាំងនោះ ដូចជា​ការជួយ​ទឹកបរិសុទ្ធ​ប្រើប្រាស់​ប្រចាំខែ បើក​បង្រៀន​ភាសា​អង់គ្លេស និង​រៀន​កុំព្យូទ័រ​ជាដើម ដែល​ថវិកា​ទាំងនោះ​បានមកពី​ការ​រៃអង្គាស​របស់​ភ្ញៀវទេសចរ​ដែល​លោក សុផល​បាន​ណែនាំ​។ 


 
​ឆ្នាំ​២០១០ គម្រោង​សិស្សស្រី​បានចេញ​រូបរាង​ជា​ផ្លូវការ បន្ទាប់ពី​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​។ អង្គការ​នេះ​ចាប់ផ្តើម​មាន​គេ​ស្គាល់​ច្រើន ពិសេស​សប្បុរសជន​នៅក្រៅ​ប្រទេស​។ ក្មេងស្រី​ច្រើន​នាក់ ត្រូវបាន​ជ្រើស​ពី​ទីជនបទ​ឆ្ងាយៗ ដែល​គម្រោង​បាន​មើលឃើញថា​ក្រីក្រ ជា​សិស្ស​ពូកែ មានការ​តាំងចិត្ត​ខ្ពស់ មិន​បោះបង់​ការសិក្សា និង​មានការ​ជ្រោមជ្រែង​ពី​គ្រួសារ​ពួកគេ​។ ហើយ​គម្រោង​នេះ​សោត គឺមាន​ការរៀបចំ​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ទាំង​អាហារ ការ​ស្នាក់នៅ កង់​ជិះ​ទៅ​សាលារៀន ការគ្រប់គ្រង ការព្យាបាល​សុខភាព​។​ល​។ ដើម្បី​ធានាថា ក្មេងស្រី​ទាំងអស់​មាន​សុវត្ថិភាព ពេល​កំពុង​សិក្សា​។​


 
​សិស្សស្រី​ដែល​ជ្រើសរើស​មក​រៀន និង​ស្នាក់នៅ​អន្ដេវាសិកដ្ឋាន​នៅ​វិទ្យាល័យ​អង្គរ គឺ​ត្រូវ​បញ្ចប់​ថ្នាក់​ទី​៩ មាន​និទ្ទេស​សិក្សា​ល្អ​បង្គួរ និង​មាន​គោលដៅ​រៀនសូត្រ​ច្បាស់លាស់​។ ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី លើកឡើងថា មិនមែន​ក្មេងស្រី​ក្រីក្រ​ទាំងអស់​សុទ្ធ​តែមាន​ឱកាស​នោះទេ​។ ពួកគេ​ជា​សិស្ស​ពូកែ មានការ​តាំងចិត្ត ឬ​ត្រូវ​មានផ្ទះ​ឆ្ងាយ​ពី​សាលារៀន​ចាប់ពី​១០​គីឡូម៉ែត្រ​ឡើងទៅ​។ ក្នុងនោះ​ការជ្រើសរើស​ក៏មាន​ការចុះ​សម្ភាស​ដល់ផ្ទះ​របស់​សិស្ស​ទាំងនោះ​ផងដែរ ក្នុង​បំណង​ដើម្បីឱ្យ​គ្រួសារ​ស្ដាប់​ពី​តម្រូវការ​របស់​កូនៗ និង​ឱ្យ​ពួកគេ​គាំទ្រ ជ្រោមជ្រែង​ឱ្យ​កូនៗ​ពួកគេ​សម្រេច​ក្ដី​ស្រមៃ​។​


  
​ជា​រៀងរាល់ឆ្នាំ​អំឡុង​ខែ កក្កដា និង​ខែសីហា គម្រោង​សិស្សស្រី បាន​ចុះទៅ​កាន់​ស្រុក​ទាំង​១២​របស់​ខេត្តសៀមរាប ដើម្បី​ធ្វើ​សម្ភាស​ជាមួយ​សិស្ស​ដែលមាន​លក្ខ​ណៈស​ម្ប​តិ្ត​គ្រប់គ្រាន់ និង​ដែល​ត្រូវ​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​។ សិស្ស​ពី​២០ ទៅ​៣០​នាក់ ត្រូវបាន​ជ្រើសរើស​ឱ្យ​បន្ត​ការសិក្សា និង​ស្នាក់​នៅក្នុង​អន្ដេវាសិកដ្ឋាន​នៅ​វិទ្យាល័យ​អង្គរ​។ សរុប​តាំងពី​អង្គការ​នេះ​ផ្តើម​អនុវត្តន៍​គម្រោង​នេះ គឺមាន​ក្មេងស្រី​ប្រមាណ ៣០០​ទៅ​៤០០​នាក់​ហើយ ដែល​ទទួលបាន​ការអប់រំ​នៅ​ថ្នាក់​វិទ្យាល័យ​។​


 
​កញ្ញា ឈឿង ណាវី ជា​អតីត​សិស្ស​ក្នុង​គម្រោង​សិស្សស្រី មកពី​ស្រុក​អង្គរជុំ​។ ណាវី មក​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ ២០១០ និង​បាន​ចប់​បាក់​ឌុប​ក្នុង​ឆ្នាំ ២០១៣​។ បច្ចុប្បន្ន ណាវី ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ខ្នារ​។ សម្រាប់​ណាវី គម្រោង​សិស្សស្រី បានផ្តល់​ឱកាស​ឱ្យ​ខ្លួន​មានលទ្ធភាព​រៀន​ចប់​ចុង​ចប់​ដើម និង​មាន​ការងារ​សមរម្យ​នាពេល​បច្ចុប្បន្ន​។ ជា​កូនកំព្រា​រស់នៅ​ជាមួយ​បងស្រី ដែល​តែង​គាំទ្រ​ឱ្យ ណាវី រៀន​ខ្ពស់​ក៏ពិតមែន តែ​ស្ថានភាព​គ្រួសារ​ក្រីក្រ ប្រសិនបើ​គ្មាន​គម្រោង​សិស្ស​នេះ ម្លោះ​ណាវី ពុំមាន​អ្វី​ដល់​សព្វថ្ងៃ​នេះដែរ​។ ចំណែកឯ​ក្មេងស្រី​ឯទៀត​នៅក្នុង​ភូមិ ក៏​មិនមាន​អ្នករៀន​សូត្រ​ច្រើន​ដែរ ភាគច្រើន​ឈប់​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​។ នេះ​ជាការ​លើកឡើង​របស់ ណាវី​។​


 
​ចំណែកឯ​កញ្ញា ស៊ុន ចាន់​យ៉ា នោះ​វិញ ក៏​រៀន​ដំណាលគ្នា​ជាមួយនឹង ណាវី​ដែរ​។ ចាន់​យ៉ា បច្ចុប្បន្ន​ធ្វើ​គិលានុបដ្ឋាក​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ចាន់​យ៉ា រម្លឹកថា នាង​បាន​ចូល​គម្រោង​នេះ​តាមរយៈ​បងស្រី​ខ្លួន​ដែលជា​សិស្ស​ជំនា​ន់ទី​១​។ សម្រាប់​ចាន់​យ៉ា ការរស់នៅ​ជុំគ្នា​ពិតជា​ធ្វើឱ្យ​នាង​រៀនសូត្រ​បាន​ច្រើន និង​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ផងដែរ​។ កាល​នៅ​រៀន​អនុវិទ្យាល័យ​នៅ​ស្រុក​ក្រឡាញ់ ចាន់​យ៉ា ត្រូវ​ជិះ​កង់​ទៅ​រៀន​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​រហូតដល់​១០​គីឡូម៉ែត្រ ពិសេស​ក្មេងៗ​ក្នុងភូមិ​ក៏​មិនមាន​ច្រើន​ដែរ ដែល​រៀន​ថ្នាក់ខ្ពស់ ដូច្នេះ​ពេលខ្លះ​នាង​ត្រូវ​ជិះ​ទៅ​រៀន​ម្នាក់ឯង ដែល​គ្រួសារ​នាង​តែង​បារម្ភ​ពី​សុវត្ថិភាព​ផង​។​
 
​ទន្ទឹមនឹង​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​សិក្សា ចាន់​យ៉ា បានចាត់ទុក​គម្រោង​សិស្សស្រី​ថា​ជា​គម្រោង​ល្អ និង​គួរ​បន្ត​ជួយ​ក្មេងស្រី​ទៀត ដ្បិតថា​បច្ចុប្បន្ន​មានការ​អភិវឌ្ឍ​ជឿនលឿន​ក៏ពិតមែន តែ​នៅមាន​ក្មេងស្រី​ខ្លះ​នៅមាន​ជីវភាព​ខ្វះខាត​នៅឡើយ​។ ចាន់​យ៉ា ចង់ឱ្យ​ក្មេងស្រី​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​សិក្សា​រៀនសូត្រ ដើម្បីឱ្យ​ខ្លួនឯង​ទទួលបាន​ចំណេះដឹង និង​ការងារ​ដែល​ខ្លួន​ចង់បាន​។​
 
​នៅពេល​គម្រោង​សិស្សស្រី បានទទួល​លទ្ធផល​មិនគួរ​ឱ្យ​ជឿ ប្រធាន​គម្រោង​លោក សុផល មានចិត្ត​សប្បាយរីករាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ដែល​ប្រឹងប្រែង​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មកនេះ​។ ជាងនេះទៅទៀត​នោះ គឺ​បានឃើញ​ក្មេងស្រី​ទាំងនោះ​មានការ​ងារ​ល្អ ហើយ​នោះ​ក៏​ជា​អ្វីដែល​លោក​ធ្លាប់​ស្រមៃ​ពីមុនមក​ដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com