រថយន្ត
អន្តរជាតិ
ករណី​ស្លាប់​ដោយ​គ្រោះ​ចរាចរណ៍​នៅ​បារាំង​ថយចុះ​ដោយសារ​គោលការណ៍​កំណ​ត់​ល្បឿន​
28, Jan 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
 ៦​ខែ​បន្ទាប់ពី​ដាក់​គោលការណ៍​កំណត់​ល្បឿន​លឿន​បំផុត​ត្រឹម​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រដ្ឋាភិបាល​បារាំង បានបង្ហាញ​ពី​តួលេខ​នៃ​ធ្លាក់ចុះ​ករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​យានយន្ត​បារាំង Auto Moto​។​

 
​ដំបូង​ឡើយ​គោល​កំណត់​ល្បឿន​ត្រឹម​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី Emmanuel Macron រង​នូវ​ការរិះគន់ និង​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​ឥតឈប់ឈរ​។ ក្រោម​កិច្ចសហការ​ជាមួយ​សមាគម 40 Millions d’Automobilistes លោកនាយក​រដ្ឋមន្ត្រី​បារាំង Edouard Philippe បានបង្ហាញ​តួលេខ​វិជ្ជមាន ជាពិសេស​អត្រា​ធ្លាក់ចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​លើ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើ​គិត​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៧​មក​។​
 
​តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​សុវត្ថិភាព​ផ្លូវថ្នល់ នៅ​ឆ្នាំ​២០១៨ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ជាង​៣០០០​នាក់ ពោល​គឺមាន​ប្រមាណ​២០០​នាក់​តិចជាង​ឆ្នាំ​២០១៧ ។ ចំនួន​នេះ ប្រហែល​ទៅនឹង​ឆ្នាំ​២០១៣ ដែលជា​ឆ្នាំ​ដែលមាន​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តិចជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។ ឆ្នាំ​២០១៤ ឆ្នាំ​២០១៦ និង​ឆ្នាំ​១៩៧២ ជា​ឆ្នាំ​ដែល​បារាំង ខាតបង់​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​ស្របពេល​ជាមួយគ្នា អង្គការ​មួយ​បាន​រិះគន់ថា ការកំណត់​ល្បឿន​នេះ បានធ្វើ​សង្វាក់​ការងារ​ថយចុះ​ដោយសារតែ​ភាពយឺតយ៉ាវ​ក្នុងការ​ធ្វើដំណើរ​។ អង្គការ​ដដែល​បាន​លើកឡើងថា ម៉ោង​ដែល​ខាតបង់​នៅលើ​ផ្លូវថ្នល់​មាន​រហូតដល់​៣០០​លាន​ម៉ោង ដែល​ធ្វើ​ខាត​ថវិកា​ប្រមាណ​៣,៨​ពាន​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​៕

© រក្សាសិទ្ធិដោយ thmeythmey.com