ជាតិ
សេដ្ឋកិច្ច
លោក គល់ បញ្ញា ថា ពាណិជ្ជកម្ម​របស់​ចិន ជា​អន្ទាក់​បំណុល​សម្រាប់​កម្ពុ​ជា ខណៈ​អ្នកសេដ្ឋកិច្ច​ឲ្យ​រដ្ឋាភិបាល​ប្រយ័ត្ន​រឿង​បំណុល​
28, Jan 2019 , 5:30 pm        
រូបភាព
(ខាងឆ្វេង) លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងលោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​កាបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល
(ខាងឆ្វេង) លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងលោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​កាបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល
​ភ្នំពេញ​៖ មេដឹកនាំ​អង្គការ​ខុមហ្វ្រែល​នៅ​កម្ពុជា បាន​និយាយថា កម្ពុជា​ទទួលបាន​ផលចំណេញ​តិចជាង​ចិន នៅក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​។ ហើយ​ទំនាក់ទំនង​នេះ នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ដែល​វា​ជា​អន្ទាក់​បំណុល​ប៉ុណ្ណោះ​។ សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ  កម្ពុជា​គ្មានអ្វី​ខាតបង់​ដោយសារ​ទាញយក​ផល​ពាណិជ្ជកម្ម​តូច​ជាង​ចិន​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​បញ្ហា​បំណុល​។

 
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​កាបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល លោក គល់ បញ្ញា បាន​និយាយថា ប្រទេស​ក្រីក្រ​ដែល​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​ចិន​នឹង​ជួប​បញ្ហា​ឱនភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​ធ្ងន់ធ្ងរ និង​ជាប់អន្ទាក់​បំណុល​ដោយ​បាត់បង់​កម្មសិទ្ធិ​គម្រោង និង​ប្រគល់​ធនធានធម្មជាតិ​ឲ្យ​ទៅ​ចិន ក្រៅពី​ឲ្យ​លុយ​ខ្ចី​ជាមួយ​លក្ខខណ្ឌ​ការប្រាក់​ខ្ពស់​និង​ការ​បញ្ចាំ​។ លោក គល់ បញ្ញា បកស្រាយ​បែបនេះ ចង់​សំដៅ​ទៅលើ​ផល​អវិជ្ជមាន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​។ បើតាម​លោក បញ្ញា កម្ពុជា​ទទួលបាន​ផលចំណេញ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ច្រើនជាង​ចិន​។​
 
​នាយក​ប្រតិបត្តិ​ខុមហ្វ្រែល​រូបនេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​ថា​៖ «​ឆ្នាំកន្លងមក​និន្នាការ​នៃ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ដែល​មិន​គាំទ្រ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ កម្ពុជា​នាំចូល​ពី​ចិន ៥ តែ​ចិន​នាំចូល​បានតែ ១​។ គឺ​ឱនភាព​ឬ​ខាត​ខ្លាំង​សម្រាប់​កម្ពុជា​តែ​ចិន ទេ​ជា​អ្នក​ចំណេញ ៥​ទល់​១​។ ប្រទេស​លោក​សេរី​ដែល​គាំទ្រ​សិទ្ធិមនុស្ស​និង ប្រជាធិបតេយ្យ កម្ពុជា​នាំចេញ ឬ​សហភាព​អឺរ៉ុប​នាំចូល​ពី​កម្ពុជា ៥ តែ សហភាព​អឺរ៉ុប​នាំចេញ​ឬ កម្ពុជា​នាំចូល​ពី សហភាព​អឺរ៉ុប​បាន តែ ០,២ គឺ សហភាព​អឺរ៉ុប​ជា​អ្នក​ជួប​ឱនភាព ឬ​ខាត តែ​កម្ពុជា​ជា​អ្នក​ចំណេញ​ច្រើន​។ ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ក៏​កម្ពុជា​បាន ចំណេញ ៣ ទល់ ០,៤»​។​
 
​ការលើកឡើង​របស់លោក គល់ បញ្ញា នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០២៣​ខាងមុខ​។​
 
​តែ​យ៉ាងណា​លោក គី សេរី​វឌ្ឍ​ន៍ អ្នកវិភាគ​សេដ្ឋកិច្ច មិន​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​នាយ​ក​ប្រតិបត្តិ​នៃ​អង្គការ ខុម​ហ្វែ​ល​នោះទេ ដោយ​លោក​បាន​អះអាង​បែប​ទ្រឹស្តី​សេដ្ឋកិច្ច​ថា គ្មាន​អ្នក​ខាត ឬ​អ្នក​ចំណេញ​នោះទេ ព្រោះ​បើ​ភាគី​ណាមួយ​គិតថា ខ្លួន​ខាត​នោះគេ​នឹងមិន​រកស៊ី​ជាមួយ​ភាគី​ម្ខាង​ទៀតឡើយ​។ សម្រាប់​លោក សេរី​វុ​ឌ្ឍ​ន៍ ទីផ្សារ​ចិន​មាន​ទំហំ​ធំ ជាង​ទីផ្សារ​អ៊ឺរ៉ុប​ទៅទៀត ដែល​វា​ជា​ចំណុច​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការបើក​ច្រក​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៅវិញ​ទេ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖ « តាម​ទ្រឹស្តី​សេដ្ឋកិច្ច កាលណា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា គឺ​ចំណេញ​ទាំងសងខាង មានន័យថា​ទោះ​កម្ពុជា​ទិញ​គេ​ក៏​យើង​ចំណេញ​ដែរ ប្រសិនបើ​យើង​ផលិត​ខ្លួនឯង​ថ្លៃ​ជាង​យើង​ទិញ​គេ​បាន​ថោក​ជាង ដូច្នេះ​យើង​ទិញ​គេ​ហើយ​។ បើ​អ៊ីចឹង​គាត់ (​គល់ បញ្ញា​) គួរតែ​ដាំបាយ និង​ធ្វើ​ម្ហូប​ហូ​បខ្លួនឯង ធ្វើ​អ្វីៗ​ខ្លួនឯង​មិនចាំបាច់​ទិញ​គេ​ទេ​។ ក្នុងន័យនេះ បើ​យើង​ធ្វើ​ឲ្យ​អស់ថ្លៃ​ជាង​ទិញ​គេ យើង​ទិញ​ហើយ យក​ពេល​ទៅ​ផលិត​អ្វី​ផ្សេង​»​។ 
 
​តាម​ការយល់ឃើញ​រប​ស់លោក សេរី​វឌ្ឍ​ន៍ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល មិនបាន​បោះបង់ចោល​ទីផ្សារ​អ៊ឺរ៉ុប​ទេ គឺ​រដ្ឋាភិបាល​ព្យាយាម​ចាប់យក​ទាំងអស់ ទាំង​អាមេរិក ទាំង​អ៊ឺរ៉ុប និង​ចិន​ផង ដែល​វា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​។ 
 
​ទាក់ទង​នៅ​នឹង​បញ្ហា​អន្ទាក់​បំណុល​របស់​ចិន​មកលើ​កម្ពុជា​វិញ លោក គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា ស្ថានភាព​បំណុល​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន មិនទាន់មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​រាជរដ្ឋាភិបាល ក៏​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​នាពេល​អនាគត​នេះ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចូលទៅក្នុង​អន្ទាក់​បំណុល​ដូច​នៅ​ប្រទេស​ដ៏​ទៃ​។ ។អ្នកវិភាគ​សេដ្ឋកិច្ចរូបនេះស្នើឲ្យរដ្ឋាភិបាល​កុំ​បណ្ដែតបណ្ដោយ​ឲ្យ​បញ្ហា​បំណុល​កើនឡើង​៕
 

Tag:
 ពាណិជ​កម្ម​
  កម្ពុជា​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com