អន្តរជាតិ
បារាំង ចូលប្រឡូកក្នុងសង្វៀនមីស៊ីលល្បឿនលឿន រូបភាព RT
× ប្រទេសមហាអំណាចធំៗ កំពុងប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។ រុស្ស៊ី និងចិនជាមហាអំណាចដែលឈរនាំមុខគេក្នុងការរត់ប្រណាំងសព្វាវុធស៊េរីទំនើបនេះ ខណៈអាមេរិកដែលកំពុងរត់តាមរុស្ស៊ី និងចិនក៏ញាប់ដៃជើងក្នុងការអភិវឌ្ឍប្រព័ន្ធការពារដែលអាចស្ទាក់មីស៊ីលនៅលំហអាកាសផង។ បារាំង ជាប្រទេសចុងក្រោយគេដែលចូលប្រឡូកក្នុងការអភិវឌ្ឍមីស៊ីលប្រភេទ Hypersonic នេះ។
មីស៊ីលលឿនជាងសំឡេង ឬ Hypersonic ជាប្រភេទអាវុធដែលប្រើបច្ចេកវិទ្យាទំនើបបំផុត ហើយអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង (5Mach) ឬស្មើ៦១៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាមានល្បឿនលឿនក្ដី មីស៊ីលប្រភេទនេះ មានសមត្ថភាពផ្លាស់ប្ដូរផ្លូវហោះអំឡុងធ្វើដំណើរ មុននឹងទៅដល់គោលវាយប្រហារដែលធ្វើប្រព័ន្ធការពាររបស់សត្រូវ ពិបាកក្នុងការតាមដាន និងបាញ់ស្ទាក់។
មកទល់ពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងអាវុធពិសេសនេះ កំពុងនាំមុខដោយរុស្ស៊ី និងចិន ឯអាមេរិកក៏កំពុងអភិវឌ្ឍដែរ។ បារាំង គឺជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខមួយទៀតដែលចូលរួមក្នុងការប្រកួតនេះ។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិបារាំង Florence Parly និយាយថា បារាំងសម្រេចចិត្តចុះកិច្ចសន្យាដើម្បីបង្កើតយាន Hypersonic ដែលរត់ក្នុងល្បឿន៦០០០គីឡូម៉ែត្រ ហើយរំពឹងថា អាចហោះហើរជាលើកដំបូងនៅឆ្នាំ២០២១ ខាងមុខ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បារាំងបានបង្កើតគម្រោង V-MaX ដើម្បីអភិវឌ្ឍអាវុធដែលមានល្បឿនលឿនជាងសំឡេង។ រដ្ឋមន្ត្រីការពារជាតិបារាំង Parly និយាយថា ប្រទេសជាច្រើនកំពុងអភិវឌ្ឍអាវុធប្រភេទនេះ ដូចនេះបារាំងដែលមានបច្ចេកវិទ្យានេះដែរ មិនអាចរង់ចាំបានទៀតទេ។
តាមពិតទៅ បារាំងបានសិក្សារួចហើយលើប្រព័ន្ធរុញរបស់មីស៊ីលល្បឿនលឿននេះ ដែលស្ថិតក្នុងផ្នែកមួយនៃគម្រោងកែប្រែអាវុធយុទ្ធភណ្ឌរបស់ខ្លួនក្នុងទំហំទឹកប្រាក់ចំនួន៤២ពាន់លានដុល្លារ។ ស្ថិតក្នុងគម្រោង V-MaX នេះ ដែលដឹកនាំដោយក្រុមហ៊ុន ArianeGroup ជាក្រុមហ៊ុនចម្រុះរបស់ Airbus និង Safran មីស៊ីលធុន ASN4G ដែលជាមីស៊ីលបាញ់ពីអាកាសទៅគោលដៅលើផ្ទៃដី អាចត្រូវកែប្រែទៅជាមីស៊ីល Hypersonic ដែលធ្វើដំណើរលឿនជាងសំឡេង។
កាលពីខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញអាវុធស៊េរីទំនើបបំផុតមួយនេះ ដែលលោកអះអាងថា គ្មានប្រព័ន្ធការពារណាអាចស្ទាក់ចាប់បានឡើយ។ ប៉ុន្តែរុស្ស៊ីនឹងប្រើប្រាស់អាវុធនេះដើម្បីការពារខ្លួនប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយរុស្ស៊ីបង្ហាញសព្វាវុធថ្មីរបស់ខ្លួន អាមេរិកក៏ដើរចេញពីសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរតែម្ដង។ វិមានក្រេមឡាំងអួតថា មីស៊ីលឈ្មោះ Avanguard នេះ ហោះក្នុងល្បឿន៣៣០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែកចិនវិញក៏សាកល្បងដោយជោគជ័យមីស៊ីលប្រភេទនេះដែរ។ តាំងពីឆ្នាំ២០១៤ មក ចិនបានធ្វើតេស្តអាវុធ Hypersonic នេះជាបន្តបន្ទាប់ ហើយដែលអាចហោះក្នុងល្បឿនចន្លោះពី៦១៧៤គីឡូម៉ែត្រក្នុងមួយម៉ោងទៅដល់១២៣៤៨គីឡូម៉ែត្រក្នុងម៉ោង៕
Tag:
បារាំង
រុស្ស៊ី
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com