អន្តរជាតិ
បក្សកាន់អំណាចមីយ៉ាន់ម៉ា បោះជំហានទៅរកការកែរដ្ឋធម្មនុញ្ញយោធា កិច្ចប្រជុំសភាមីយ៉ាន់ម៉ានាពេលកន្លងមក (រូបភាព Xinhua)
× បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា នឹងស្នើរបៀបវារៈបន្ទាន់មួយដើម្បីបង្កើតគណៈកម្មាធិការចម្រុះដែលនឹងធ្វើការលើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការប្រកាសរបស់ប្រធានសភាសហភាពមីយ៉ាន់ម៉ា U T Khun Myat នៅថ្ងៃទី២៩ ខែមករា។ នេះជាការព្យាយាមលើកទីមួយរបស់បក្សកាន់អំណាចក្នុងការផ្លាស់ប្ដូរមាត្រាក្នុងរដ្ឋធម្មនុញ្ញ ចាប់តាំងពីការដឹកនាំរដ្ឋាភិបាលតាំងពីពីរឆ្នាំមុនមក។
សមាជិកសភាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ U Aung Kyi Nyunt នឹងដាក់សំណើបង្កើតគណៈកម្មាធិការចម្រុះសភា ទៅកាន់កិច្ចប្រជុំសភាសហភាពនៅថ្ងៃទី២៩ ខែមករានេះ។ គណៈកម្មាធិការថ្មីនេះ នឹងធ្វើការលើការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលសរសេរដោយក្រុមយោធាកាលពីឆ្នាំ២០០៨ ។ រដ្ឋធម្មនុញ្ញនេះ រងការរិះគន់ខ្លាំងព្រោះផ្ដល់អំណាចយ៉ាងធំធេងឲ្យយោធាទាំងការងារសភា នយោបាយ និងសន្តិសុខជាតិ។
បើតាមសារព័ត៌មាន The Irrawaddy លោក U T Khun Myat ប្រធានសភាសហភាពបានប្រកាសនៅថ្ងៃទី២៩ ខែមករា ថា សំណើរបស់បក្សកាន់អំណាច នឹងស្នើឲ្យសភាបង្កើតគណៈកម្មាធិការមួយដែលមានសមាជិកសក្តិសម ដើម្បីសម្រួលដល់ការធ្វើវិសោធនកម្មឲ្យបានលឿនតាមតែធ្វើបាន។ សមាជិកសភាមីយ៉ាន់ម៉ា នឹងជជែកលើសំណើនេះ មុននឹងបោះឆ្នោតយល់ព្រមតាមក្រោយ។ គេរំពឹងថា សំណើនេះនឹងឆ្លងផុតដោយងាយ ព្រោះបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់។
សំណើរបស់បក្សកាន់អំណាច ជួបការប្រឆាំងខ្លាំងសមាជិកសភាដែលតែងតាំងដោយយោធា។ ឧត្តមសេនីយ៍ Maung Maung និយាយថា យើងមិនដឹងថា អ្វីនឹងត្រូវកែប្រែ ឬកែប្រែតាមផ្លូវណាមួយ។ ជុំវិញបញ្ហានេះ ប្រធានសភាខាងលើនិយាយថា លោកគ្រាន់តែជូនដំណឹងពីសំណើរបស់សមាជិកដទៃទៀត ហើយដែលសំណើនេះ នឹងត្រូវបើកឲ្យជជែកដេញដោលក្នុងអង្គប្រជុំសភាផងដែរ។ ចំណែកឯមាត្រាដែលត្រូវកែវិញ ក៏មិនទាន់ដឹងដែរ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ គឺជាបំណងរបស់បក្សកាន់អំណាចយូរមកហើយ ដ្បិតវាជារដ្ឋធម្មនុញ្ញដែលគ្មានប្រជាធិបតេយ្យ។ បើតាមរដ្ឋធម្មនុញ្ញ ២៥ភាគរយនៃសមាជិកទាំងពីរជាន់ ត្រូវតែងតាំងដោយយោធា ដោយគ្មានការឆ្លងកាត់ការបោះឆ្នោតឡើយ។ លើសពីនោះ ក្រុមយោធាក៏កាន់កាប់ផ្ដាច់មុខក្រសួងសំខាន់បីទៀត គឺកិច្ចការព្រំដែន ការពារជាតិ និងមហាផ្ទៃ។ ប៉ុន្តែការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ ជារឿងលំបាកបំផុតសម្រាប់បក្សលោកស្រី អ៊ុងសាន ស៊ូជី ។
ជំពូកទី១២ នៃរដ្ឋធម្មនុញ្ញដែលចែងពីការធ្វើវិសោធកម្មបញ្ជាក់ថា៖ ការផ្លាស់ប្ដូរណាមួយ ចាំបាច់ត្រូវលើកឡើងដោយសមាជិកសភាយ៉ាងណាតិច២០ភាគរយ។ ការបោះឆ្នោតលើវិសោធនកម្ម ត្រូវការសំឡេងគាំទ្រលើស៧៥ភាគរយ មុនពេលដាក់ឲ្យប្រជាជនសម្រេចចិត្តក្នុងប្រជាមតិ។ អ្នកបោះឆ្នោតច្រើនជាង៥០ភាគរយ ត្រូវគាំទ្រវិសោធនកម្មនេះ មុននឹងចូលជាធរមាន។»
គិតតាមជំពូក១២នេះ ជំហរកែរដ្ឋធម្មនុញ្ញរបស់បក្សកាន់អំណាច នឹងមិនអាចឆ្លងផុតសភាឡើយ។ ម្យ៉ាងបក្សមានសំឡេងមិនដល់៧៥ភាគរយឡើយ ខណៈយោធាមាន២៥ភាគរយក្នុងដៃទៅហើយ។ ក្រុមយោធានឹងមិនយល់ព្រមលើវិសោធនកម្មដែលប៉ះពាល់ប្រយោជន៍ខ្លួនឡើយ។ បក្សកាន់អំណាចហាក់ប្រថុយគ្រោះថ្នាក់ចំពោះបំណងកែរដ្ឋច្បាប់កំពូលនេះ ព្រោះវាអាចបញ្ឆេះទំនាស់រវាងរដ្ឋាភិបាលស៊ីវិល និងយោធាផងក៏បាន៕
Tag:
មីយ៉ាន់ម៉ា
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com