កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់ផ្ទះ ឬ​កាតា ដែល​ឡើងទៅ​ជួប​ជប៉ុន​វគ្គ​ផ្តាច់ព្រ័ត្រ​?
29, Jan 2019 , 4:45 pm        
រូបភាព
​គ្រូបង្វឹក​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កាតា​លោក Felix Sanchez បាន​សារភាពថា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ក្លាយជា​ជំនួប​ដ៏​លំបាក​បំផុត​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩​នេះ​។​


 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​បើក​កីឡដ្ឋាន Mohammed Bin Zayed Stadium ដើម្បី​ទទួលភ្ញៀវ​កាតា​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​២៩ ខែមករា​នេះ វេលា​ម៉ោង ៩:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ 
 
​កាតា​បាន​ទម្លាក់​ក្រុម​គីឡូ World Cup កូរ៉េខាងត្បូង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​លទ្ធផល ១-០ ដើម្បី​ឈាន​មកកាន់​វគ្គ​៤​ក្រុម​នេះ​ជា​លើកដំបូង សម្រាប់​ប្រវត្តិសាស្ត្រ​ក្រុម​។ ចំណែក​ម្ចាស់ផ្ទះ​ដែល​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​មួយ​លើក បាន​ទម្លាក់​ក្រុម​ម្ចាស់​ការពារ​ជើងឯក​អូស្ត្រាលី​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។​
 
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ Sanchez មើលឃើញថា​ការ​ប៉ះគ្នា​រវាង​ក្រុម​ពី​ពិភព​អារ៉ាប់​ទាំងពីរ​ជា​ជំនួប​មួយ​ដ៏​តានតឹង​និង​ចាប់អារម្មណ៍​បំផុត​ក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ ដែល​អ្នកទស្សនា​មិនគួរ​មើលរំលង​ឡើយ​។​


Felix Sanchez គ្រូជម្រើសជាតិកាតា
 
​កាតា​ដែល​នឹង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២២ ផងដែរ​នោះ មានឱកាស​បង្ហាញ​ពិភពលោក​ថា ខ្លួន​កំពុង​រីកចម្រើន​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដោយ​ធ្វើយ៉ាងណា​យកឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ឲ្យ​បាន ដើម្បី​ឡើងទៅ​ដណ្តើមពាន Asian Cup ជាមួយ​ជប៉ុន​ដែល​កក់​កៅអី​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​រួចហើយ​។​
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ប្រចាំ​ទ្វី​អាស៊ី​លើក​ទី​១៧​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com