ជាតិ
សង្គមជាតិ
NGO​អន្តរជាតិ ចាត់ទុក​ជំនួប​ជាមួយ​រដ្ឋាភិបាល គឺជា​សញ្ញា​វិជ្ជមាន​
29, Jan 2019 , 5:07 pm        
រូបភាព
​អង្គការ​អន្តរជាតិ ចាត់ទុក​ជំនួប​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​អន្តរជាតិ ដែល​កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា ជា​បង្កើន​កិច្ច​សហការគ្នា​កាន់តែ​ល្អ​នាពេល​អនាគត​។​


 
​អ្នកស្រី Edith van Wijngaarden  នាយិកា​នៃ​អង្គការ Humanity & Inclusion ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា ការសន្ទនា​គ្នា និង​ជជែក​បន្ថែម​ជុំវិញ​ចំណុច​មួយចំនួន ដែល​ពួកយើង​មិនទាន់បាន​យល់ច្បាស់​ពីគ្នា​នេះ វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ការបំពេញ​ការងារ​រវាង​ភាគី​ទាំងពី​។ អ្នកស្រី Edith ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ជំនួប​ពិភាក្សា​ទៀងទាត់​បែបនេះ ទៅ​ថ្ងៃ​អនាគត​ផងដែរ​។ 


អ្នកស្រី Edith van Wijngaarden  នាយិកានៃអង្គការ Humanity & Inclusion ប្រចាំប្រទេសកម្ពុជា
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយិកា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ពួកយើង​នឹង​ជជែក​គ្នា​អំពី​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ យើង​យល់ថា​ច្បាប់​នេះ​ល្អ​ហើយ​។ ប៉ុន្តែ​យើង​ចង់​យល់​បន្ថែម​នៅ​ចំណុច​មួយ​ដែល​បានចែង ដើម្បី​ងាយស្រួល​យើង​គោរព​តាម​កាតព្វកិច្ច​ដែល​បានចែង​ក្នុង​ច្បាប់​»​។ 
 
​លោក Roberto Pavetto ប្រធាន​ផ្នែក​ហិរញ្ញ​វ​ត្តុ​នៃ​អង្គការ Donbosco កម្ពុជា លោក Roberto Pavetto ប្រធាន​ផ្នែក​ហិរញ្ញ​វ​ត្តុ​នៃ​អង្គការ Donbosco កម្ពុជា បាន​និយាយថា រាជរដ្ឋាភិបាល​បាន​បើក​ឳ​កាស​ឲ្យ​អង្គការ​លោក ចូលរួម​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩១ មកម្ល៉េះ តាមរយៈ​វិស័យ​អបរំ​ដោយ​បណ្ដុះបណ្ដាល​យុវជន​ក្រី​កលើ​ជំនាញ​ផ្សេងៗ​។ រាជរដ្ឋាភិបាល​ក៏បាន​ជួយ​គាំទ្រ​ច្រើន​ដល់​អង្គការ​លោក​ផងដែរ ដូចជា​ការមិន​យកពន្ធ​លើ​សម្ភារៈ និង​ការសាងសង​អាគារ​សិក្សា​ជាដើម​។ ដូច្នេះ​វា​ជា​ឱកាសល្អ​បន្ថែមទៀត ដែល​រដ្ឋាភិបាល​បើក
ឱកាស​ឲ្យ​អង្គការ សមាគម បាន​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​នេះ​។​  


លោក Roberto Pavetto ប្រធានផ្នែកហិរញ្ញវត្តុនៃអង្គការ Donbosco កម្ពុជា

​សម្រាប់​កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​២៩​មករា​នេះ គឺជា​វេទិកា​ផ្ដល់​ឲ្យ​អង្គការ សមាគម​លើ​យក​បញ្ហា​ប្រឈម​នានា និង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​និង​បទបញ្ញត្តិ​ជា​ធរមាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សក្តិ​សមជា​នីតិរដ្ឋ​។​
 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅមាន​សុពលភាព ។ ក្នុងនោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីបអាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែលមាន​គម្រោង​សំខាន់ៗ​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន​។ ដោយឡែក​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​ដៃគូ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ត្រូវ​បន្ត​សហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គ​ការដែល​នៅមាន​សុពលភាព MoU ជាមួយ​ក្រសួងការបរទេស ក្នុង​កិច្ចប្រតិបត្តិការ​សកម្ម​ភាព​របស់​ពួកគេ​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​
 
​តែ​យ៉ាងណា​លោក ប្រាក់ សុខុន ក៏​ស្នើ​ឲ្យ​អង្គការ សមាគម​ទាំងអស់ បំពេញការងារ​ដោយ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដែល​ស្ថិត​នៅត្រឹម​ដែន​កំណត់​សិទ្ធិ​ប្រតិបត្តិការ​របស់ខ្លួន​។ «​រាជរដ្ឋាភិបាល​កម្ពុជា តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​បរិ​យា​ប័ន្ន ហើយ​តែង​ឲ្យ​តម្លៃ​ជានិច្ច​ដល់​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែលជា​ផ្នែក​មួយ​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​អង្គ​ដែល​ទទួលបាន​អាណត្តិ​ស្របច្បាប់​តែមួយគត់ ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ក្នុងការ​ដឹកនាំ​, រាជរដ្ឋាភិបាល​មានបំណង​ប្រាថ្នា​តែមួយគត់ គឺ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​ការចូលរួម​ទាំងនោះ​ប្រព្រឹត្ត​ទៅដោយ​ការគោរព​គ្នា​ទៅវិញទៅមក​នូវ​អាណត្តិ​កិច្ច និង​ស្ថិត​ត្រឹម​ដែន​កំណត់​នៃ​សិទ្ធិ ក្នុង​កិច្ចប្រតិបត្តិការ​រៀងៗ​ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​៕

Tag:
 អង្គការ​សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com