សហគមន៍ចារកម្មអាមេរិក នៅថ្ងៃទី២៩ ខែមករា បានបង្ហាញជំហរផ្ទុយគ្នាពីប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Dan Coat នាយកចារកម្មជាតិអាមេរិក បានប្រាប់ព្រឹទ្ធសភាអាមេរិកថា របបដឹកនាំក្រុងព្យុងយ៉ាង នឹងមិនបោះបង់នុយក្លេអ៊ែររបស់ខ្លួនចោលដូចដែលលោក ត្រាំ កំពុងជឿនោះឡើយ ហើយកំពុងតែប្រើប្រាស់ការចរចាដើម្បីកាត់បន្ថយការគំរាមកំហែងលើសន្តិសុខខ្លួនទៀតផង។
ទីភ្នាក់ងារចារកម្មអាមេរិក មិនយល់ស្របនឹងការអួតក្ដែងៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងលើកឡើងពីភាពជឿនលឿនក្នុងដំណើរលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ។ ទោះជាកូរ៉េខាងជើងបានធ្វើសកម្មភាពខ្លះក្នុងការដំណើរការនេះមែន កូរ៉េខាងជើងនៅតែចាត់ទុកនុយក្លេអ៊ែរជាខែលការពាររបបដឹកនាំរបស់ខ្លួនដែលមិនអាចបោះបង់ចោលបាន។
នាយកការិយាល័យចារកម្មជាតិអាមេរិក (DNI) លោក Dan Coats វាយតម្លៃដូចខាងលើក្នុងការផ្ដល់សក្ខីកម្មចពោះមុខគណៈកម្មាធិការចារកម្មព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី២៩ ខែមករា។ ការវាយតម្លៃនេះ ធ្វើឡើងតែប៉ុន្មានសប្ដាហ៍មុនជំនួបរវាងប្រធានាធិបតី ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ លោក ត្រាំ ដែលធ្លាប់ជួបលោក គីម ម្ដងហើយនោះ តែអួតពីលទ្ធផលវិជ្ជមានដែលកើតចេញពីការប្រឹងប្រែងរបស់លោក ទោះជាធាតុពិតផ្លែផ្កាមែនទែនមានតិចនៅឡើយ។
ក្នុងរបាយការណ៍ «ការវាយតម្លៃការគំរាមទូទាំងពិភពលោក» ផ្សាយដោយការិយាល័យលោក Coats ដែលជាមេកើយអង្គភាពចារកម្មទាំងអស់នៅអាមេរិក សហគមន៍ចារកម្មអាមេរិកទទួលស្គាល់ថា កូរ៉េខាងជើងមិនបានសាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលជាងមួយឆ្នាំហើយ និងបានគាំទ្រដំណើរការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផង។ លើសពីនោះ ក្រុងព្យុងយ៉ាងក៏កម្ទេចទីតាំងបម្រើកម្មវិធីអាវុធមហាប្រល័យផងដែរ។
«យ៉ាងណាមិញ យើងបន្តវាយតម្លៃថា កូរ៉េខាងជើងទំនងជាមិនបោះបង់អាវុធនុយក្លេអ៊ែរ ឬសមត្ថភាពផលិតអាវុធនេះទាំងស្រុងឡើយ ស្របពេលនោះ កូរ៉េខាងជើងក៏ស្វែងរកការរំសាយនុយក្លេអ៊ែរដោយផ្នែក ដើម្បីទទួលបានសម្បទានពីអាមេរិក និងសហគមន៍អន្តរជាតិ។» នេះបើតាមរបាយការណ៍របស់ការិយាល័យចារកម្មជាតិដែលគ្រប់គ្រងទីភ្នាក់ងារ និងការិយាល័យចារកម្មចំនួន១៧ នៅអាមេរិក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Coats លើកឡើងថា ការវាយតម្លៃនេះ ធ្វើឡើងបន្ទាប់ពីការសង្កេតដែលបង្ហាញថា កូរ៉េខាងជើងធ្វើសកម្មភាពមិនស្របនឹងដំណើរការលុបបំបាត់នុយក្លេអ៊ែរឡើយ។ ប្រធានចារកម្មអាមេរិករូបនេះក៏បញ្ជាក់ទៀតថា មេដឹកនាំកូរ៉េខាងមើលឃើញនុយក្លេអ៊ែរ ជាចំណុចស្លាប់រស់របស់របបដឹកនាំខ្លួន។
សូមបញ្ជាក់ថា ក្នុងចំណោមអង្គភាពចារកម្មសំខាន់ៗទាំង១៧ មានអង្គភាពចម្បង៥ គឺការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) មានលោក Christopher Wray ជានាយក, ទីភ្នាក់ងារចារកម្មកណ្ដាល (CIA) មានអ្នកស្រី Gina Haspel គ្រប់គ្រង, ទីភ្នាក់ងារចារកម្មការពារជាតិ (DIA) មានឧត្តមសេនីយ៍ Robert Ashley ជានាយក, ទីភ្នាក់ងារសន្តិសុខជាតិ (NSA) ដឹកនាំដោយឧត្តមសេនីយ៍ Paul Nakasone និងទីភ្នាក់ងារកំណត់ចារកម្មភូមិសាស្ត្រ (NGIA) ដឹកនាំដោយលោក Robert Cardillo ៕