ជាតិ
សេដ្ឋកិច្ច
ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៨ ជាង​២​ពាន់​លាន​ដុល្លារ​
30, Jan 2019 , 8:59 pm        
រូបភាព
អគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ប្រមូល​ពន្ធដារ​បាន​ចំនួន ៨,៧៩១.៤០ ប៊ី​លាន​រៀល (​ប្រមាណ ២,១៩៧.៨៥ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង​ចំន​នួន​១,០៣៦.៥៩ ប៊ី​លាន​រៀល (​ប្រមាណ ២៥៩,១៥ លាន​ដុល្លារ​) ស្មើនឹង ១៣,៣៧​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧។ នេះ​បើ​យើង​តាម​របាយ​ការណ៍បូកសរុប​ចំណូល​ពន្ធ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ២០១៨​។

 
​ក្នុង​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ បាន​បញ្ជាក់ថា ទំហំ​ចំណូល​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ​លើស​ផែនការ​ប្រចាំឆ្នាំ ចំនួន ១, ០៩៧.៩០ ប៊ី​លាន​រៀល (​ប្រមាណ ២៧៤, ៤៧ លាន​ដុល្លារ​) ស្មើនឹង ១១៤, ២៧ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។​
 
​ដោយឡែក​ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន ៥៧០,០៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៤២,៥២ លាន​ដុល្លារអាមេរិក​) ស្មើនឹង ៧,៤១​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំណូល​ពន្ធអាករ​ក្នុង​ខែធ្នូ​នេះ មានការ​កើនឡើង​ចំនួន ១២៥,៧៧ ប៊ី​លាន​រៀល(​ប្រមាណ​ជា ៣១,៤៤ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ២៨,៣១​ភាគរយ បើ​ប្រៀបធៀប នឹង​ចំណូល​ពន្ធ​-​អាករ ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ ។​
 
​របាយការណ៍​ដដែល បាន​បន្ថែមថា ក្នុង​រយៈពេល​៥​ចុងក្រោយ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេចបាន​នូវ​កំណើន​ចំណូល​ពន្ធ ក្នុង​រង្វង់​ប្រមាណ ២០​ភាគរយ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​ចំណូល​ពន្ធ​ឆ្នាំ​២០១៤ បាន​ចំនួន​៤២៦៧ ប៊ី​លាន​រៀល (១០៦៧​លាន​ដុល្លារ​)​។​ ដោយឡែក​ចំណូល​ពន្ធ ឆ្នាំ​២០១៥ មាន​ចំនួន​៥២១០ ប៊ី​លាន​រៀល(១៣០២​លាន​ដុល្លារ​)។ រីឯ​ឆ្នាំ​២០១៦ មាន​ចំនួន ៦០១០​ប៊ី​លាន​រៀល(១៥០២​លាន​ដុល្លារ​)​។ ចំណែក​ឆ្នាំ​២០១៧ មាន​ចំនួន​៧៩០៦​ប៊ី​លាន​រៀល(១៩៧៦​លាន​ដុល្លារ​) និង​ឆ្នាំ​២០១៨ មាន​ចំនួន​៨៧៩១​ប៊ី​លាន​រៀល(២១៩៧​លាន​ដុល្លារ​)៕

Tag:
 ពន្ធដារ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com