អន្តរជាតិ
អាមេរិក ស្នើរុស្ស៊ីនិងចិនឲ្យបើកចំហកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកការគ្រប់អាវុធ និងសន្តិសុខអន្តរជាតិ Andrea Thompson នាកិច្ចប្រជុំនៅប៉េកាំង។ (រូបភាព AFP)
× មន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី៣០ ខែមករា បានចោទរុស្ស៊ី និងចិនថា មិនបានបញ្ចេញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឲ្យមានតម្លាភាពឡើយ។ អំឡុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់ការសាយភាយ និងការរំសាយនុយក្លេអ៊ែរ លោកស្រី Andrea Thompson រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក បានស្នើឲ្យប្រទេសទាំងអស់ធ្វើអ្វីឲ្យមានតម្លាភាពដូចដែលបានព្រមព្រៀងគ្នា។ ប៉ុន្តែមន្ត្រីរុស្ស៊ីបានរិះគន់អាមេរិកដែលធ្វើសកម្មភាពឯកតោភាគីតាមរយៈការដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ។
កិច្ចប្រជុំស្ដីពីការទប់ស្កាត់ការសាយភាយ និងការរំសាយនុយក្លេអ៊ែរ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ដល់ទី៣១ ខែមករា នៅរដ្ឋធានីប៉េកាំង។ សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋនុយក្លេអ៊ែរផងនោះ សុទ្ធតែបញ្ជូនមន្ត្រីជាន់ខ្ពស់ឲ្យចូលរួម។ ចំពោះមុខមន្ត្រីចិន និងរុស្ស៊ី មន្ត្រីអាមេរិកក៏រិះគន់មហាអំណាចទាំងពីរនេះថា មិនបានរាយការណ៍ពីកម្មវិធីនុយក្លេអ៊ែរឲ្យមានតម្លាភាពឡើយ។
លោកស្រី Andrea Thompson រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិបានថ្លែងក្នុងកិច្ចប្រជុំថា វាមានភាពមិនស្មើគ្នាឡើយក្នុងការជំរុញតម្លាភាពស្របតាមសន្ធិសញ្ញាទប់ស្កាត់ការសាយភាពនុយក្លេអ៊ែរ។ លោកស្រីបន្តថា យើងបានឯកភាពគ្នាលើគោលការណ៍ដើម្បីរាយការណ៍ពីកម្មវិធីនុយក្លេអ៊ែររៀងៗខ្លួន ប៉ុន្តែកម្រិតនៃការបញ្ចេញព័ត៌មានរវាងអាមេរិក ជាមួយរុស្ស៊ីនិងចិន មិនស្មើគ្នាឡើយ។
ជាមួយនឹងគម្លាតបែបនេះ មន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះអះអាងថា អាមេរិកនឹងទន្ទឹងចាំការជជែកគ្នាដើម្បីរកផ្លូវពង្រឹងតម្លាភាព សំដៅធានាដល់ការអនុវត្តឲ្យពេញលេញតាមកាតព្វកិច្ច និងការប្ដេជ្ញាចិត្តទប់ស្កាត់ការរាលដាលនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អ្វីគួរឲ្យកត់សម្គាល់នោះ ការលើកឡើងរបស់លោកស្រី Andrea Thompson ធ្វើឡើងបន្ទាប់ពីអាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់មីស៊ីលបាលីស្ទិកចម្ងាយមធ្យម (INF) ដែលជាសន្ធិសញ្ញាទ្វេភាគីជាមួយរុស្ស៊ី។ ដោយមិននិយាយចំសកម្មភាពអាមេរិកនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Ryabkov និយាយថា សកម្មភាពជាឯកតោភាគីនេះ គឺជាការគំរាមកំហែងចំពោះការទប់ស្កាត់ការសាយភាពនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ទាំងអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំងផងនោះ សុទ្ធសឹងជាសមាជិកនៃសន្ធិសញ្ញាទប់ស្កាត់ការសាយភាយនុយក្លេអ៊ែរ (NPT) ។ សន្ធិសញ្ញានេះ ត្រូវបានបង្កើតនៅឆ្នាំ១៩៦៨ និងចូលជាធរមាននៅឆ្នាំ១៩៧០ ហើយមកទល់ពេលនេះ ប្រទេស១៩១ បានចូលជាសមាជិក ខណៈប្រទេសដែលមាននុយក្លេអ៊ែរខ្លះដូចជា អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើងជាដើមនោះ មិនមែនជាសមាជិកឡើយ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជាស្ថាប័នទទួលបន្ទុកតាមដាន និងត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញា NPT នេះ។ ទោះគោលដៅធំ គឺទប់ស្កាត់ការរីករាល និងការរំសាយនុយក្លេអ៊ែរមែន NPT ក៏បើកផ្លូវដល់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរតាមផ្លូវសន្តិភាព និងធានាថា រដ្ឋសមាជិកទាំងអស់សុទ្ធតែអាចប្រើប្រាស់ថាមពលនេះបាន លើកលែងតែគោលបំណងផលិតអាវុធប៉ុណ្ណោះ៕
Tag:
ចិន
រុស្ស៊ី
អាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com