អន្តរជាតិ
អាមេរិកនិងចិនជួបចរចាដោះស្រាយជម្លោះពាណិជ្ជកម្ម មុនឱសានវាទ៩០ថ្ងៃត្រូវផុត ប្រតិភូចិន និងអាមេរិកអង្កុយពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី ៣០ ខែមករា (រូបភាព៖ AFP)
× មន្ត្រីអាមេរិក និងចិនបានជួបចរចាគ្នាម្ដងទៀតនៅថ្ងៃទី៣០ ខែមករា ដើម្បីស្វែងរកដំណោះស្រាយរំងាប់ភាពតានតឹងលើវិស័យពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ប៉ុន្តែជំនួបនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកចោទក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ជុំវិញការលួចបច្ចេកវិទ្យា និងការបំពានច្បាប់អាមេរិកក្នុងការរកស៊ីជាមួយអ៊ីរ៉ង់។ ភាគីទាំងពីរមានពេល៣០ថ្ងៃទៀតដើម្បីស្វែងរកចំណុចរួម មុនអាមេរិកដាក់ពន្ធ២០០ពាន់លានដុល្លារលើទំនិញចិន។
ឧបនាយករដ្ឋមន្ត្រីចិន លីវ ហឺ និងប្រតិភូ៣០នាក់ បានជួបចរចាជាមួយមន្ត្រីអាមេរិកដឹកនាំដោយតំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer នៅថ្ងៃទី៣០ ខែមករា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ការត្រឡប់ចូលតុចរចានេះ កើតឡើងបន្ទាប់ពីមន្ត្រីថ្នាក់ក្រុមការងារប្រទេសទាំងពីរជួបគ្នានៅរដ្ឋធានីប៉េកាំង ដែលបានលេចចេញផ្លែផ្កាគួរឲ្យកត់សម្គាល់ខ្លះផង។
មុនជំនួបថ្ងៃទីមួយចាប់ផ្ដើម ប្រតិភូចិនក៏ជួបការតវ៉ាពីសំណាក់បាតុករ ខណៈចាកចេញពីសណ្ឋាគារឆ្ពោះទៅកាន់អាគារការិយាល័យរដ្ឋ Eisenhower នៅក្បែរសេតវិមាន ជាទីតាំងសម្រាប់ការចរចា។ អាមេរិក និងចិនមានពេលតែ៣០ថ្ងៃទៀតប៉ុណ្ណោះក្នុងការស្វែងរកដំណោះស្រាយបញ្ចៀសការរាលដាលជម្លោះ។ បើមិនអាចរកច្រកចេញបាន អាមេរិកនឹងពន្ធនាំចូលតម្លៃ២០០ពាន់លានដុល្លារលើទំនិញចិនដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកន្លងមក។
បញ្ហាសំខាន់ដែលត្រូវរកចំណុចរួមគ្នាមានការការពារកម្មសិទ្ធបញ្ញារបស់អាមេរិក, ការបង្ខំឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនចិន និងការបង្កើតយន្តការដើម្បីតាមដានការសន្យារបស់ចិនក្នុងការផ្លាស់ប្ដូររបៀបរបបរកស៊ីផង។ ចប់ការពិភាក្សាថ្ងៃទីមួយ រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin និយាយថា ភាគីទាំងពីរមានការសន្ទនាដ៏ល្អ។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ។
ដោយឡែកតំណាងចរចាអាមេរិក Lighthizer លើកឡើងថា មហាអំណាចសេដ្ឋកិច្ចទាំងពីរប្រជែងគ្នាដើម្បីការគ្រប់គ្រងឧស្សាហកម្មបច្ចេកវិទ្យានៅថ្ងៃអនាគត។ ចិនដែលកន្លងមកមិនសូវមានឥទ្ធិពលក្នុងវិស័យនេះ កំពុងអនុវត្តគោលនយោបាយដើម្បីក្លាយខ្លួនជាប្រទេសនាំមុខលើវិស័យអវកាស យានយន្ត មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត ខណៈដែលវិស័យទាំងនេះជាបេះដូងនៃឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិកតែម្ដង។
សូមរំឭកបន្តិចថា ជម្លោះពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនបានឈានដល់ខែទី៧ ហើយ បន្ទាប់រដ្ឋបាលលោក ត្រាំ ដាក់ពន្ធជាបន្តបន្ទាប់លើទំនិញចិន។ មកទល់ពេលនេះ អាមេរិកដែលចោទចិនថា រកស៊ីមិនយុត្តិធម៌ជាមួយខ្លួននោះ បានដាក់ពន្ធចំនួន២៥០ពាន់លានដុល្លាររួចហើយលើផលិតផលរាប់រយមុខរបស់ចិន ឯចិនវិញបានសងសឹកដោយដំឡើងពន្ធប្រមាណ១១០ពាន់លានដុល្លារវិញដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com