ជាតិ
សង្គមជាតិ
UPR៖ កម្ពុជា​អះអាង​ពី​ជំហរ​ខ្លួន​លើការ​គោរព​សិទ្ធិ LGBT ទោះ​ច្បាប់​មិនទាន់​ទទួលស្គាល់​
31, Jan 2019 , 11:36 am        
រូបភាព
លោក កែវ រ៉េមី ប្រធាន​ប្រតិភូ​កម្ពុជា
លោក កែវ រ៉េមី ប្រធាន​ប្រតិភូ​កម្ពុជា
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​តំណាង​ប្រទេស​ចំនួន​៥​ក្នុងចំណោម​៧៣​ប្រទេស បានផ្តល់​យោបល់​ដល់ក​ម្ពុ​ជា​ក្នុងការ​ពង្រឹង​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់់​ភេទ​ដូចគ្នា (LGBT) ជាពិសេស​ការបង្កើត​ច្បាប់​សំដៅ​ដល់​ការលើកកម្ពស់​និន្នាការ​ភេទ និង​អត្ត​ញ្ញាណ​យេនឌ័រ​។ អនុសាសន៍​ទាំងនេះ ត្រូវបាន​លើកឡើង ខណៈដែល​កម្ពុជា​បង្ហាញ​របាយការណ៍​ជាតិ​ស្តីពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (URP) ជុំ​ទី​បី​សម្រាប់​កម្ពុជា នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ។​




​លោកស្រី Sandra Maertha Elfride Lyngdorf តំណាង​ប្រទេស​អ៊ី​ស្លង់ ស្នើ​ឲ្យ​កម្ពុជា​លុបបំបាត់​ឲ្យ​នូវ​រាល់​ទម្រង់​នៃ​ការរើសអើង​ទៅលើ​អ្នក​ដែលមាន​និន្នាការ​ភេទ និង​ផ្តល់​សិទ្ធិ​ស្របច្បាប់​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​លោក Jasper van Mastright តំណាង​ប្រទេស​ហូ​ឡង់ ជុំរុញ​ឲ្យ​កម្ពុជា​ពង្រឹង​កម្មវិធី​អប់រំ និង​ពិចារណា​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​បើក​ច្រក​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​លើ​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​លោកស្រី Veronkia Bard តំណាង​ប្រទេស​ស៊ុយអែត លោកស្រី Carla Giovanoni Perez នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ និង​លោក Diego Ruiz Gayol នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏បាន​ស្នើ​ឲ្យ​កម្ពុជា​ផ្តោត​យកចិត្តទុកដាក់​ការទទួលស្គាល់​ផ្លូវច្បាប់ និង​ការអប់រំ​នានា​ផងដែរ ដើម្បី​ឲ្យ​សហគមន៍ LGBT គេច​ផុតពី​ការរើសអើង​ក្នុងសង្គម​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការផ្តល់​អនុសាសន៍​នានា លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​អះអាង​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់ និង​ផ្តល់​តម្លៃ​ដល់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំង​ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។​

​លោក កែវ រ៉េមី អះអាងថា ក្រុម LGBT នៅ​កម្ពុជា អនុវត្ត​សកម្មភាព​របស់ខ្លួន​ដោយ​សេរី និង​គ្មាន​ការ​រឹតត្បិត​ពី​រដ្ឋាភិបាល​នោះឡើយ បើទោះបីជា​ច្បាប់​មិន​ទទួលស្គាល់​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​ក៏ដោយ​។​

​ជាមួយគ្នានេះ​ប្រធាន​ប្រតិភូ​កម្ពុជា បាន​បញ្ជាក់ថា រដ្ឋាភិបាល​បន្ត​លើក​កម្ពុជា​ការចូលរួម និង​សកម្មភាព​គាំទ្រ​បន្ថែមទៀត ដើម្បី​ឲ្យ​សហគមន៍ LGBT កាន់តែ​មានការ​ទទួល​ស្គាល់​ក្នុងសង្គម​។ លោក​គូសបញ្ជាក់​ផងដែរ​ថា អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ដូចគ្នា​ប្រមាណ​១០០០​គូ​ហើយ ដែល​ត្រូវបាន​រៀបចំឡើង​តាម​ក្បួន និង​ពិធី​ប្រពៃណី​របស់​ខ្មែរ​៕




Tag:
 LGBT
  UPR
  កែវ រ៉េមី
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com