អន្តរជាតិ
ប្រធានាធិបតី​បណ្ដោះអាសន្ន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រាប់​ចិន​និង​រុស្ស៊ី​ឲ្យ​ឈប់​គាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ
01, Feb 2019 , 2:03 pm        
រូបភាព
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ (រូបភាព AFP)
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ (រូបភាព AFP)
​ប្រធានាធិបតី​បណ្ដោះអាសន្ន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ កំពុង​ព្យាយាម​អូសទាញ​រុស្ស៊ី និង​ចិន​ឲ្យ​ចេញ​ឆ្ងាយ​ពី​គូប្រជែង​នយោបាយ​របស់ខ្លួន គឺ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ លោក ក្វៃ​ដូ អះអាងថា វា​ជា​រឿង​ល្អ​សម្រាប់​មហាអំណាច​ទាំងពីរ​ក្នុងការ​ទទួលស្គាល់​រូបលោក​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជំនួស​លោក ម៉ា​ឌុយ​រ៉ូ ដែល​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​។ រុស្ស៊ី និង​ចិន​បានប្រកាស​ឈរ​ខាង​លោក ម៉ា​ឌុយ​រ៉ូ ក្នុង​ជម្លោះ​នៅ​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​។

 
​ស្របពេល​មាន​អាមេរិក​ជា​ខ្នងបង្អែក​ធំ មេដឹកនាំ​បណ្ដោះអាសន្ន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ កំពុង​ងាក​រក​រុស្ស៊ី និង​ចិន​ដែល​បន្ត​គាំទ្រ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ មហាអំណាច​ធំៗ​ទាំងនេះ ប្រកាស​គាំទ្រ​ភាគី​ផ្សេងៗ​ក្នុង​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ផុង​ជ្រៅ​កាន់តែខ្លាំង​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា និយាយថា លោក​បាន​ទាក់ទង​ជាមួយ​រុស្ស៊ី និង​ចិន ដែលជា​ម្ចាស់បំណុល​ធំ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ជា​អ្នក​នៅ​ពីក្រោយ​លោក ម៉ា​ឌុយ​រ៉ូ ។ រុស្ស៊ី និង​ចិន​នៅតែ​ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​ស្របច្បាប់​តែមួយគត់​របស់​រដ្ឋ​អាមេរិក​ខាងត្បូង​មួយ​នេះ ទោះជា​មានការ​បារម្ភ​ថា ក្រុង​កា​រ៉ា​កាស់​អាច​គ្មាន​លទ្ធភាព​សងបំណុល​ក្ដី​។​
 
​អ្នកនយោបាយ​វ័យ​៣៥​ឆ្នាំ​ដែល​ទើប​លេច​មុខមាត់​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ បញ្ជាក់ថា ផលប្រយោជន៍​របស់​រុស្ស៊ី និង​ចិន នឹងត្រូវ​បាន​ធានា​បើ​ពួកគេ​ផ្លាស់ប្ដូរ​ជំហរ​។ បើតាម​លោក ក្វៃ​ដូ អ្វីដែល​ល្អ​បំផុត​សម្រាប់​មហាអំណាច​ទាំងពីរ​នេះ គឺ​ស្ថិរភាព​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល ព្រោះ​លោក ម៉ា​ឌុយ​រ៉ូ មិនបាន​ការពារ​ប្រជាជន មិន​គាំទ្រ​ការវិនិយោគ​បរទេស ហើយ​លោក ម៉ា​ឌុយ​រ៉ូ ក៏​មនុស្ស​ល្អ​សម្រាប់​ប្រទេស​ទាំង​នោះដែរ​។​
 
​ទាំង​លោក ក្វៃ​ដូ ទាំង​អាមេរិក កំពុង​ប្រឹងប្រែង​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​លោក ម៉ា​ឌុយ​រ៉ូ ដើម្បី​បង្ខំ​ឲ្យ​លោក​លាលែង​តាម​សម្រួល​។ នៅ​ឆាក​អន្តរជាតិ អាមេរិក​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហាម​អង់គ្លេស​មិន​ឲ្យ​បញ្ជូន​មាស​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ និង​ស្នើ​ឲ្យ​ប្រទេស​នានា​ទទួលស្គាល់​លោក ក្វៃ​ដូ វិញ​។ ក្នុងស្រុក​ឯណេះ ក្រុមប្រឆាំង​អំពាវនាវ​ឲ្យ​យោធា​រត់ចោល​លោក ម៉ា​ឌុយ​រ៉ូ ហើយ​ស្នើ​ប្រជាជន​ធ្វើបាតុកម្ម​ទៀតផង​។​
 
​ទោះជា​យ៉ាងណា មេដឹកនាំ​ប្រឆាំង​ដដែល​នេះ អះអាងថា វិបត្តិ​នយោបាយ​បច្ចុប្បន្ន នឹងមិន​រាលដាល​រហូត​ក្លាយជា​សង្គ្រាមស៊ីវិល​ឡើយ ព្រោះ​ជនរួមជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​ច្រើន​លើសលប់​គាំទ្រ​លោក ហើយ​ចង់​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចុះចេញ​។ ប៉ុន្តែ​លោក ក្វៃ​ដូ ក៏​ព្រមាន​ដែរ​ថា អំពើហិង្សា​អាច​ផ្ទុះ​ចេញពី​ភាគី​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ដែល​ប្រើប្រាស់​ក​ម្លាំ​ពិសេស​ក្នុង​បង្ក្រាប​គូប្រជែង​របស់ខ្លួន​៕    

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ចិន​
  រុស្ស៊ី​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com