អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ចប់​ប្រតិបត្តិ​ការប្រឆាំង​អំពើពុករលួយ​, ប្រមូល​លុយ​បាន​១០៧​ពាន់​លាន​ដុល្លារ
01, Feb 2019 , 9:59 pm        
រូបភាព
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammad Bin Salman (រូបភាព AFP)
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammad Bin Salman (រូបភាព AFP)
​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​បញ្ចប់​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​ហើយ​។ មនុស្ស​ជាច្រើន​មាន​សមាជិក​រាជវង្ស មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនួញ​គ្រាក់ៗ ត្រូវបាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​នេះ ហើយ​ប្រមូល​លុយ​បាន​ដល់​ទៅ​១០៧​ពាន់​លាន​ដុល្លារ​ឯណោះ​ចូលក្នុង​ឃ្លាំង​រដ្ឋ​តាមរយៈ​ការប្រើ​លុយ​ដើម្បី​ប្ដូរ​យក​សេរីភាព​។ យុទ្ធនាការ​នេះ ក៏ត្រូវ​មើលឃើញថា ជាការ​បំបាក់ស្មារតី​គូប្រជែង​រជ្ជទាយាទ Mohammed bin Salman ដែរ​។​

 
​ពីរ​ឆ្នាំក្រោយ​ការចាប់ផ្ដើម យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​បានបញ្ចប់​ទៅវិញ​។ មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះ​ចៅ​សាល​ម៉ាន បាន​ឯកភាព​លើ​ការបិទ​បញ្ចប់​យុទ្ធនាការ​នេះ​នៅ​ថ្ងៃទី​៣០ ខែមករា​កន្លងទៅ​។ រជ្ជទាយាទ Mohammed bin Salman ដែល​គេ​ស្គាល់​ជាទូទៅ​ថា MBS និង​ជា​រាជបុត្រ​របស់​មហាក្សត្រ​ផង​នោះ ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​បោសសម្អាត​អំពើពុករលួយ​រប​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​នេះ​។​
 
​តាំងពី​ឆ្នាំ​២០១៧ សមាជិក​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​រាប់រយ​អង្គ រដ្ឋមន្ត្រី និង​ពាណិជ្ជករ​ធំៗ បាន​ត្រូវបាន​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​ប្រណីត Ritz-Carlton ក្នុង​រាជធានី​រី​យ៉ា​ដ ហើយ​ការឃុំខ្លួន ធ្វើឡើង​ច្រើន​សប្ដាហ៍​ក្នុង​សណ្ឋាគារ​នេះ​។ ប៉ុន្តែ​អ្នកខ្លះ​ក៏ត្រូវ​បាន​ដោះលែង​វិញ​ជា​បន្តបន្ទាប់​ដែរ​តាមរយៈ​ការបង់ប្រាក់​រាប់សិប​លាន​ដុល្លារ ឯ​អ្នក​ខ្លះទៀត​ក៏​នៅតែ​ស្ថិតក្រោម​ការឃ្លាំមើល​ដដែល ព្រោះ​មិន​ដោះស្រាយ​ការចោទប្រកាន់​របស់ខ្លួន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បដិសេធ​ដោះស្រាយ​សំណុំរឿង​ជាមួយ​មនុស្ស​ចំនួន​៥៦​នាក់ ព្រោះ​កំពុងមាន​ក្ដីក្ដាំ​ជាប់​ខ្លួន​។ សំណុំរឿង​ចំនួន​៨ ត្រូវបញ្ជូន​ទៅកាន់​រដ្ឋ​អាជ្ញា ដ្បិត​ពួកគេ​មិន​ព្រម​ដោះស្រាយ​ដោយ​ការបង់ប្រាក់ ឯម​នុស្ស​៨៧​នាក់​យល់ព្រម​ដោះស្រាយ​បញ្ហា​តាម​ស្រួល បន្ទាប់ពី​សារភាព​កំហុស​របស់​ពួកគេ​។ 
 
​សរុប​មកវិញ លុយ​ចំនួន​១០៧​ពាន់​ដុល្លារ​ត្រូវបាន​ប្រមូល​ចូល​ឃ្លាំង​រដ្ឋ​ក្រោមរូបភាព​ជា​អចលនទ្រព្យ លុយ ក្រុមហ៊ុន និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​។ បុគ្គល​សំខាន់​ដែល​ត្រូវ​ចាប់ខ្លួន ហើយ​ដោះលែង​វិញ​មាន ព្រះអង្គម្ចាស់ Miteb bin Abdullah ប្រមុខ​កង​ឆ្មាំ​ជាតិ និង​មហាសេដ្ឋី Alwaleed bin Talal ដែលជា​សមាជិក​រាជវង្ស​ដែរ​។ ទ្រង់ Miteb បាន​ចំណាយលុយ​ច្រើនជាង​មួយ​ពាន់​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​សេរីភាព ខណៈ​ទ្រង់ Alwaleed ក៏​ចំណាយលុយ​ប្រហែល​គ្នា​នេះដែរ​។​
 
​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​នេះ ធ្វើ​ឲ្យ​មាន​ពាក្យរិះគន់​ខ្លាំង​លើ​រជ្ជទាយាទ Mohammed bin Salman ដោយ​ថា នេះ​ជាការ​ក្រឡុក​នយោបាយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជាការ​បង្ក្រាប​គូប្រជែង​អំណាច​របស់​ទ្រង់​។ ប៉ុន្តែ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រឹង​បកស្រាយ​នេះ និង​និយាយថា វា​ជាការ​បោសសម្អាត​អំពើពុករលួយ​សុទ្ធសាធ​៕ 
 

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  Mohammed bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com