ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​ចិន ចំអក​ឲ្យ​អាមេរិក​ថា ការធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា មិន​ជាប់ទាក់ទង​អាមេរិក​ទេ តែ​ជាប់​ពាក់ព័ន្ធ​នឹង CIA
02, Feb 2019 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​អាមេរិក ចោទ​ចិន​នៅ​ពីក្រោយ លន់ នល់ ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា ទូត​ចិន​ក៏​មិន​នៅ​ស្ងៀម ហើយ​ចេញមក​រិះគន់​អាមេរិក​វិញ​លើ​បញ្ហា​នេះ​។



​ក្នុង​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ប្រមាណ​ជា៤​បន្ទាត់ បាន​ឆ្លើយ​ចំអក​ទៅ​អាមេរិក ដែល​ថ្លែង​ការពារ​ខ្លួន ជុំវិញ​ករណី​រដ្ឋប្រហា​រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៧០​នោះ​ថា ការធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាមេរិក​ទេ ប៉ុន្តែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ចារកម្ម​របស់​អាមេរិក​។
 
​ស្ថានទូត​ចិន បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុងពេល​ថ្មីៗ​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​ប្រចាំ​កម្ពុជា​បានលើកឡើង​ជា​សាធារណៈ​ថា​ប្រទេស​ខ្លួន​មិនមាន​ជាប់ទាក់ទង​អ្វី​ជាមួយនឹង​រដ្ឋប្រហា​សម័យ លន់ នល់ នៅក្នុង​ប្រទេស​កម្ពុជា​កា​លពី​ដើម​ទសវត្សរ៍​ទី​៧០ នៃ​សតវត្សរ៍​មុន​ទេ​។ ជាការ​ពិតណាស់ រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​ស​ង្ក្រា​ម​រ៉ាំ​រៃ​អស់​រយៈពេល​យ៉ាងយូរ​នោះ មិនមាន​ទំនាក់ទំនង​អ្វី​នឹង​អាមេរិក​(US)​ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង​ក្រុម​CIA» ។​
 
​កាលពី​ថ្ងៃទី​៣០​មករា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ស្រាប់តែ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ដែល​អបអរ​ព្រឹត្តិការណ៍​៧​មករា និង​ថ្កោលទោស​របប​ខ្មែរក្រហម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​បាន​ឆ្លើយតប​ទៅនឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​ចោទ​មកលើ​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​នោះ យ៉ាង​ដូច្នេះ​៖« តែ​យើង​សូម​ធ្វើការ​កត់សំគាល់ថា សហរដ្ឋអាមេរិក​មិនបាន​ពាក់ព័ន្ធ នៅក្នុង​រដ្ឋប្រហារ​ដែល​នាំអោយ​លោក លន់ នល់ ឡើងកាន់​អំណាច​នោះទេ​។ រហូតមកដល់​ពេលនេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការពាក់ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ទេ​»​។ 
 
​នៅក្នុង​សារ​ឆ្លើយតប​ដដែល ស្ថានទូត​អាមេរិក​បានលើកឡើង​ចំៗ​តែម្តង​ថា​ប្រទេស​ចិន​បាន​គាំទ្រ​របប​ខ្មែរក្រហម​។ ស្ថានទូត​អាមេរិក​បាន​សរសេរ​ប​ន្ត​យ៉ាង​ដូច្នេះ​៖«​ផ្ទុយទៅវិញ មាន​ភស្តុតាង​យ៉ាងច្រើន​ដែល​បង្ហាញថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​ក្នុង​រយៈកាល​ក្រោយពី​នោះមក​»៕

Tag:
 អាមេរិក​
  ចិន​
  រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com