ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាពគ្នា​ជំរុញ​ឲ្យ​ទីក្រុង​បុរាណ​ពីរ ឲ្យ​ក្លាយជា​គោលដៅ​តែមួយ​
02, Feb 2019 , 4:25 pm        
រូបភាព
(ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ច ទិន  រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
(ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ច ទិន រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​ឯកភាព​ជំរុញ​យុទ្ធនាការ «​អង្គរ​-​បា​ហ្កា​ន​» ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ទីក្រុង​បុរាណ​ពីរ​នេះ ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា - មី​យ៉ាន់​ម៉ា (JCBC) លើក​ទី ២ នៅ​រដ្ឋធានី​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា កាលពីពេល​ថ្មី​នេះ​។



​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ជើងហោះហើរ​ត្រង់​ត​ភ្ជាប់​ខេត្តសៀមរាប និង​បា​ហ្កា​ន ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​ទាំងពីរ ក៏ដូចជា​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​យុទ្ធនាការ អង្គរ​-​បា​ហ្កា​ន​៖ ទីក្រុង​បុរាណ​ពីរ - គោលដៅ​តែមួយ​»​។​
 
​ក្រៅពី​ពិភាក្សា​ពី​រឿង​ទេសចរណ៍ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា ក៏បាន​លើកយក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​មក​ពិភាក្សា ដើម្បី​ពង្រីក​ទំហំ​សេដ្ឋកិច្ច​បន្ថែមទៀត​។ ដោយ​កត់សម្គាល់ឃើញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​ឆ្នាំ ២០១៨ ភាគី​ទាំង​ពីរបាន​ឯកភាព​ពិភាក្សា​អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​ថ្មី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សាសនា ភាគី​ទាំងពីរ​ឯកភាព​ពិចារណា​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ទាំងពីរ​នេះ​។​
 
​កិច្ចប្រជុំ JCBC ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេរ​ភាគី និង​វិធានការ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ដូចជា កិច្ច​ពិគ្រោះ​យោបល់​នយោបាយ ពាណិជ្ជកម្ម និង​វិនិយោគ ទេសចរណ៍ អាកាសចរ​ស៊ីវិល វប្បធម៌ សាសនា អប់រំ កសិកម្ម និង​បរិស្ថាន ហិរញ្ញវត្ថុ និង​ធនាគារ​។​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ឯ​ភាគី​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ លោក ច ទីន រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​៕
 

Tag:
 ប្រាក់ សុខុន​
  កម្ពុជា​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com