ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ផាន់ គា​រ៉ា ៖​ចង់​ដឹកនាំ​គេ ដំបូង​ត្រូវ​ចេះ​ដឹកនាំ​ខ្លួនឯង​ជាមុនសិន​
03, Feb 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ លោក ផាន់ គា​រ៉ា នាយក​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ខេត្តសៀមរាប និង​ជា​សាស្ដ្រាចារ្យ​ផង កាលពីពេល​ថ្មីៗ​នេះ បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល មាន​ចំណងជើង​ថា «៦៩ សារ​អំពី​ភាពជា​អ្នកដឹកនាំ​»​។ ភាពជា​អ្នកដឹកនាំ ដែល​លោក ផាន់ គា​រ៉ា ចង់​និយាយ​នៅក្នុង​សៀវភៅ​នេះ គឺ​របៀប​ដឹកនាំ​បែប​ខ្មែរ ដែល​លោក​បាន​រៀនសូត្រ និង​ឆ្លងកាត់​បទពិសោធន៍​ការងារ​ផ្ទាល់ខ្លួន​ជាង​១៥​ឆ្នាំ​មកនេះ​។ សម្រាប់​សាស្ដ្រាចារ្យ​រូបនេះ ភាពជា​អ្នកដឹកនាំ​បែប​ខ្មែរ និង​បរទេស​មិន​ខុសប្លែក​គ្នាច្រើន​ទេ គ្រាន់តែ​ខុស​ត្រង់​ទីកន្លែង បរិយាកាស និង​វប្បធម៌​តាម​ប្រទេស​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។ លោក ផាន់ គា​រ៉ា ផ្តល់​ដំបូន្មាន​ថា បើ​ចង់​ដឹកនាំ​គេ​បាន ដំបូង​បុគ្គល​នោះ ត្រូវ​ចេះ​ដឹកនាំ​ខ្លួនឯង​ជាមុនសិន គឺត្រូវធ្វើ​ខ្លួន​ជា​មនុស្ស​មាន​សមត្ថភាព​ទាំង​ចំណេះ និង​ជំនាញ​។​ល​។​

 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​លោក ផាន់ គា​រ៉ា អ្នកសរសេរ​សៀវភៅ ៦៩​សារ​អំពី​ភាពជា​អ្នកដឹកនាំ ដូចតទៅ​៖


 
 
​សារសំខាន់ៗ​ដែល​លោក ផាន់ គា​រ៉ា បាន​បង្កប់​ក្នុង​សៀវភៅ​របស់លោក មាន​៣​ចំណុច គឺ​ទី​១ ការចេះ​ដឹកនាំ​ខ្លួនឯង ទី​២ ឱ្យ​ចេះ​យល់​ពី​អ្នកដទៃ​ក្រៅពី​ខ្លួនឯង និង​ទី​៣ ការចេះ​ធ្វើ​ការងារ​ជា​ក្រុម​។ លោក ផាន់ គា​រ៉ា ពន្យល់ថា ជំនាញ​ទន់ ពិតជា​សំខាន់​ណាស់​សម្រាប់​ការរស់នៅ នាពេល​បច្ចុប្បន្ន ពិសេស​យុវជន ហើយ​ពួកគេ​អាច​ស្វែងយល់​ជំនាញ​ទាំងនោះ នៅក្នុង​សៀវភៅ​ភាពជា​អ្នកដឹកនាំ​របស់លោក​បាន​។​
 
​គួរ​បញ្ជាក់ថា លោក ផាន់ គា​រ៉ា បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ដ្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ ២០០២​។ ក្នុង​ជីវិត​ការងារ លោក​បានធ្វើការ​ជាមួយ​ស្ថាប័ន​ជាច្រើន មាន​ទាំង​អង្គការក្រៅរដ្ឋាភិបាល សាលារៀន ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុន​ទឹកស្អាត រួម​នឹង​ស្ថាប័ន​ជាតិ និង​អន្ដរជាតិ​មួយចំនួនទៀត ហើយ​លោក​ក៏​ជា​អតីត​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៧ ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com