ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដាំ​បន្លែ​ដំបូង​លោក សុខា រកចំណូលបាន​២​ដុល្លារ​ក្នុង​មួយថ្ងៃ តែ​ចំណាយ​៥​ពាន់​ដុល្លារ​ក្នុង​មួយខែ​
03, Feb 2019 , 9:30 pm        
រូបភាព
​សៀមរាប​៖ បើ​និយាយ​ពី​កសិកម្ម អ្នកណា​ក៏​ចេះ​ធ្វើ​ដែរ តែ​ការធ្វើ​ដែល​ជោគជ័យ​នោះទេ ដែលជា​ការលំបាក​។ ការដាំ​បន្លែ អាច​ចាត់ទុកថា​មាន​ភាពងាយស្រួល​ក៏​ថា​បាន តែ​វា​នឹង​លំបាក​ប្រសិនបើ​យើង​មិនដឹង​បច្ចេកទេស ពិសេស​ដាំ​ប្រភេទ​បន្លែ​ដែលមាន​ទីផ្សារ​ល្អ​។ កសិករ លោក ឃុ​ត សុខា បាន​ប្រើពេល​៧​ឆ្នាំ​ទម្រាំ​ក្លាយជា​កសិករ​ជោគជ័យ​មួយរូប ដែល​លោក​ចំណាយ​ទាំង​ធនធាន​កម្លាំង និង​ថវិកា​ទ្រង់ទ្រាយ​ធំ ដើម្បី​ដាំ​បន្លែ​បែប​ទំនើប​បំពេញតម្រូវការ​ទីផ្សារ ទើប​អាច​ប្រកួតប្រជែង​នឹង​ទីផ្សារ​ខាងក្រៅ​បាន​។ មុន​ជោគជ័យ​មកដល់​សព្វថ្ងៃ កសិករ​រូបនេះ​បាន​ជួបប្រទះ​បញ្ហា​ជាច្រើន ទាំង​បច្ចេកទេស​ដាំ និង​ការចំណាយ​។ ធ្វើ​កសិកម្ម​ដំបូង​កសិករ​ដាំ​បន្លែ​នៅ​ឃុំ​សសរស្តម្ភ ស្រុក​ពួក​រូបនេះ រកចំណូលបាន​ត្រឹម ២​ដុល្លារ​ក្នុង​មួយថ្ងៃ តែ​ការចំណាយ​ទូទៅ​រហូតដល់ ៥​ពាន់​ដុល្លារ​ឯណោះ​ក្នុង​មួយខែៗ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​ជីវ​ព័ត៌មាន​របស់លោក ឃុ​ត សុខា កសិករ​ដាំ​បន្លែ​សរីរាង្គ​ជោគជ័យ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖

 
 
​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម​មួយ​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ប្រទេស​នេះ​នៅ​មានការ​នាំចូល​បន្លែ​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ធំ​គួរឱ្យកត់សម្គាល់​ពី​ប្រទេសជិតខាង មាន​វៀតណាម និង​ថៃ​ជាដើម​។ ហេតុផល ព្រោះថា​ការដាំ​បន្លែ​នៅក្នុង​ប្រទេស ត្រូវបាន​គេ​មើលឃើញថា នៅមាន​ទំហំ​តូច មិនអាច​បំពេញតម្រូវកា​រ​ជាក់ស្ដែង​នៅឡើយ​។​
 
​គេ​សង្កេតឃើញថា ការដាំ​បន្លែ​របស់​កសិករ​ខ្មែរ នៅមានកម្រិត​នៅឡើយ ទាំង​បច្ចេកទេស និង​បរិមាណ​។ កសិដ្ឋាន​ដាំ​បន្លែ​ខ្នាត​ធំ មិនសូវមាន​ការវិនិយោគ​ច្រើន​ទេ ដែល​នេះ​ជា​អ្វីដែល​ធ្វើឱ្យ​បន្លែ​ពី​ប្រទេសជិតខាង បន្ត​ហូរ​ចូល​មិន​ឈប់ឈរ​។ លោក ឃុ​ត សុខា ជា​កសិករ​មួយរូប​ដែល​ហ៊ាន​វិនិយោគ​បោះទុន​ខ្នាត​ធំ សម្រាប់​ការដាំ​បន្លែ​សរីរាង្គ​បែប​ទំនើប ទាំង​បច្ចេកទេស និង​ទំហំ​ដាំ​ដុះ​។​
 
​រោង​កសិដ្ឋាន​របស់លោក សុខា មាន​ទីតាំង​ស្ថិតនៅ​ឃុំ​សសរស្តម្ភ ស្រុក​ពួក  ខេត្តសៀមរាប ដែលមាន​ទំហំ​ជាង ៣​ហិកតា ដែលមាន​រោង​ដាំ​បន្លែ​ជាង ៣០​រោង ដាំ​ដុះ​បន្លែ​ជា​ប្រភេទ​សាលាដ ប៉េងប៉ោះ ត្រប់ ជាដើម​។​ល​។ ក្រោយ​ចំណាយ​ទាំង​កម្លាំង ស្មារតី និង​ធនធាន​រយៈពេល​៧​ឆ្នាំ ការដាំ​បន្លែ​របស់លោក​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក​។​
 
​សម្រាប់​កសិករ សុខា ការដាំ​បន្លែ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ គឺ​ទាម​ទាម​ឱ្យមាន​ការអត់ធ្មត់​ខ្ពស់ ពិសេស​ហ៊ាន​បោះទុន​ធំ​ប្រសិនបើ​ចង់​ជោគជ័យ និង​ច្បាស់លាស់​ថា​ចង់​ធ្វើ​វា​។ លោក សុខា ដែលមាន​ការវិនិយោគ​ពី​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ផង​នោះ បាន​បោះទុន​ដាំ​បន្លែ​ខ្នាត​ធំ​នេះ ក្នុង​ទំហំ​សាច់ប្រាក់​ជាង ១​លាន​ដុល្លារ​អាមេរិក​។ 
 
​លោក សុខា រម្លឹកថា ការធ្វើ​កសិកម្ម​ដំបូង​គឺ​ពិបាក​ណាស់​សម្រាប់​លោក គឺ​ត្រូវ​ចំណាយ​ច្រើន និង​ទទួលបាន​ផលចំណេញ​តិចតួច​បំផុត​។ ផល​កសិកម្ម​ដែល​កសិករ​រូបនេះ​ទទួលបាន​ដំបូង គឺ​ត្រឹម​២​ដុល្លារ​ក្នុង​មួយថ្ងៃ បើ​ប្រៀបធៀប​នឹង​ចំណាយ​ប្រចាំខែ ៥​ពាន់​ដុល្លារ​ក្នុង​មួយខែ គឺមាន​គម្លាត​ខ្លាំង​។ ការណ៍​នេះ​ធ្វើឱ្យ​លោក​ហាក់​បាក់​ទឹកចិត្ត​បន្តិច តែ​ក្នុង​ចិត្ត​មាន​ឆ​ន្ទះ​មួយ​ថា គេ​ធ្វើបាន លោក​ក៏​អាចធ្វើ​បានដែរ ជំរុញ​ឱ្យ​លោក​បន្តធ្វើ​រហូតមក​។​
 
​ក្នុង​ការដាំ​បន្លែ​ដំបូង លោក សុខា បានរៀបចំ​ដី​ដាំ​ដុះ​ដូច​កសិករ​ទូទៅ​ដែរ គឺ​ដាំ​លើដី​ផ្ទាល់ ដោយ​ពុំទាន់​មាន​រោង​អ្វី​ឡើយ​។ ក្រោយ​មានចំណេះដឹង​ផ្នែក​កសិកម្ម​រៀង​គ្រាន់បើ​ហើយ​នោះ ការដាំដុះ​របស់លោក សុខា ក៏បាន​ចាប់ផ្តើម​ទទួលផល​តាម​អ្វីដែល​បាន​រំពឹងទុក​។ កសិករ​រូបនេះ​រម្លឹកថា ក្នុង​មួយថ្ងៃ គឺអាច​បេះ​ត្រសក់​លក់​នៅលើ​ទីផ្សារ​បាន​ជាង​មួយ​តោន ត្រឡាច​៥០០​ក្នុង​មួយថ្ងៃ ល្ពៅ​៥០០​គី​ឡួ​ក្រាម ម្រេះ​ខ្ទង់​១០០​គីឡូក្រាម​។ ពេលនោះ​កសិករ​រូបនេះ​យល់ថា ខ្លួន​ប្រហែល​ជោគជ័យ​លើ​ការដាំ​បន្លែ​នេះ តែ​ផល​លំបាក​ដែល​ប្រឈម​គឺ​ការប្រកួតប្រជែង​នឹង​ទីផ្សារ​បន្លែ​នាំចូល និង​បន្លែ​ក្នុងស្រុក​ខ្លះ​។ ដូច្នេះ​ដើម្បី​ជៀស​ពី​បញ្ហា​ប្រឈម​ទាំងនោះ លោក សុខា មានគំនិត​ថា គួរតែ​រក​ទីផ្សារ​តាម​សណ្ឋាគារ​ដោយផ្ទាល់ និង​រៀបចំ​សួន​បន្លែ​ដែលមាន​ស្ដង់ដា​មួយ​ត្រឹមត្រូវ​។​
 
​ដ្បិតថា ការរក​ទីផ្សារ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ជៀស​ពី​ការប្រកួតប្រជែង​បន្លែ​ក្នុងស្រុក និង​នាំចូល​ក៏ពិតមែន តែ​លោក សុខា ថា​ដំបូង​ក៏មាន​ភាពលំបាក​ដែរ ដោយសារ​កសិដ្ឋាន​លោក​ថ្មីថ្មោង ពិសេស​តាម​សណ្ឋាគារ​ភាគច្រើន​គេ​មាន​អ្នកផ្គត់ផ្គង់​រួចហើយ​ដែរ​។ យ៉ាងណា លោក​ថា ដោយសារ​គុណភាព និង​បរិមាណ​បន្លែ​ក្នុង​កសិដ្ឋាន ហែប​ភី អែន កូ របស់លោក​ដែល​អាច​ធានា​គុណភាព និង​បរិ​មានបាន ទើប​ងាយស្រួល​រក​ទីផ្សារ​បាន​ដោយ​ជោគជ័យ​។​
 
​លោក សុខា ជា​អ្នកភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ លោក​មាន​បងប្អូន​៥​នាក់ ដែលមាន​ឱ​ពុក​ម្តាយ​ជា​កសិករ​។ ឆ្នាំនេះ​លោក សុខា មាន​អាយុ​៣៦​ឆ្នាំ​ហើយ​។ មាន​មាឌធំ កម្ពស់​មិន​ខ្ពស់​មិន​ទាប សប្បុរ​ស្រអែម ដៃជើង​ធំៗ សុខា រម្លឹកថា ខ្លួន​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ស្រុក​ពួក​ក្នុង​ឆ្នាំ ២០០២ និង​បាន​ឡើងមក​ធ្វើការ​ក្នុង​សណ្ឋាគារ​នៅ​ក្រុង​សៀមរាប​។ អំឡុង​ធ្វើការ​នោះ ថៅកែ​ដែលជា​ជនជាតិ​អូស្ដ្រាលី និង​បាន​ជួយ​លោក​បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​នេះ ផ្គត់​ឱ្យ​លោក​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ភាសា​មួយ លុះដល់​អាយុ​២៥​ឆ្នាំ ទើប​សុខា​មានឱកាស​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គ្រប់គ្រង​។​
 
​ពេល​កំពុង​រៀន​ឆ្នាំ​ទី​២ សុខា បាន​ប្រឡង​ជាប់​មគ្គុទ្ទេសក៍​។ ក្នុងអំឡុង​ឆ្នាំ​២០០៨ ពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ពុំ​សូវ​មាន​ភ្ញៀវទេសចរ​មក​សៀមរាប​ទេ ដូច្នេះ​តាម​សណ្ឋាគារ​មួយចំនួន​ចាប់ផ្តើម​កាត់បន្ថយ​បុគ្គលិក ពេលនោះ​ហើយ​ដែល សុខា សម្រេច​ទុក​កន្លែង​ការងារ​ឱ្យ​មិត្តភក្ដិ ហើយ​ខ្លួន​ដាក់​ពេញ​ធ្វើការ​នៅ​ធនាគារ​វិញ​ម្ដង​។ ធ្វើជា​មន្ត្រី​ឥណទាន​បាន​ប្រហែល ៤​ឆ្នាំ ដោយមាន​ការអូសទាញ​ពី​អតីត​ថៅកែ​ជនជាតិ​អូស្ដ្រាលី ដែល​ស្រឡាញ់​សុខា និង​ចាត់ទុក​ដូច​គ្រួសារ​នោះ បបួល​មក​ធ្វើ​អាជីវកម្ម​ខ្លួនឯង ដែល​ផ្តើមដំបូង​លើ​ផ្នែក​ស្រូវ​អង្ករ​នាំ​ចេញទៅ​ក្រៅប្រទេស​។ តែ​តាម​ការសិក្សា​មាន​ភាពស្មុគស្មាញ ក៏បាន​ប្ដូរ​មក​ចាប់​អាជីព​ដាំ​បន្លែ​រហូតមកដល់​សព្វ​ថ្ងៃនេះ​វិញ​។​
 
​ចាប់​ផ្តើមដំបូង គួបផ្សំ​នឹង​គ្មាន​ជំនាញ​ផ្នែក​នេះ​ផង ធ្វើឱ្យ​យុវជន សុខា ជួប​ការលំបាក​ច្រើន ទាំង​ផ្នែក​ដាំ​ដុះ ចំណេះ​ជំនាញ និង​បច្ចេកទេស​។ ពេលខ្លះ សុខា អង្គុយ​អស់សង្ឃឹម​ម្នាក់ឯង​ក៏មាន​។​
 
​តាមពិតទៅ សុខា ធ្លាប់មាន​ក្ដី​ស្រមៃ​ថា​ចង់​ដាំ​ឈើ​ហូប​ផ្លែ និង​ផលិត​ផ្លែឈើ​ទាំងនោះ ជា​ភេសជ្ជៈ​ទេ តែ​ការងារ​ទាំងនោះ​ត្រូវ​ចាយ​ទុន​ច្រើនពេក ដែល​វា​ស្ថិតក្នុង​ដំណាក់កាល​ដែល​គេ​កំពុង​គិតដល់​។ ក្រោយ​ប្រឡូក​លើ​ការដាំ​បន្លែ​ចាប់ពី​ឆ្នាំ​២០១៣​មកនេះ ធ្វើឱ្យ​យុវជន សុខា ហាក់​មាន​ជំនឿ​ចិត្ត​ថា​ខ្លួន​កាន់តែ​ប្រសព្វ និង​ស្រឡាញ់​វិស័យ​កសិកម្ម​ខ្លាំង​ឡើងៗ​។ សម្រាប់ សុខា អ្វីដែល​គេ​នឹងធ្វើ​បន្តទៀត គឺ​ពង្រីក​ការដាំ​បន្លែ​ឱ្យ​ធំ​ជាង​នេះ ដើម្បី​បំពេញតម្រូវការ​អតិថិជន និង​ផ្ទេរ​ជំនាញ​នេះ​ឱ្យដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឱ្យមាន​ជំនាញ​ត្រឹមត្រូវ​មួយ​។ ជា​ដំបូន្មាន​ដល់​កសិករ​ដទៃ សម្រាប់ សុខា ការធ្វើ​កសិកម្ម​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ទាល់តែ​ចេះ​អភិវឌ្ឍន៍​តាម​បច្ចេកវិទ្យា​តាម​សម័យកាល ដើម្បីឱ្យ​ទិន្នផល​កើន​ទាំង​បរិមាណ និង​គុណភាព​។​
 
​ដោយសារ​ជីវិត​រស់នៅ​ជាមួយ​សួន​បន្លែ​ជាប់​រហូត ធ្វើឱ្យ​កសិករ សុខា ចាត់ទុក​រោងបន្លែ​ថា​ជា​កន្លែង​ដែល​ផ្តល់​សុភមង្គល​ឱ្យ​ខ្លួន ហើយ​មាន​អារម្មណ៍​ថា​ដូច​មិត្តភក្ដិ​របស់ខ្លួន​ដូច្នោះ​ដែរ​។ សុខា រម្លឹកថា ពេលខ្លះ​គេង​មិន​លក់​ពេលយប់ គេ​ក្រោក​មក​មើល​បន្លែ​ទាំង​កណ្ដាល​អាធា​ត្រ​ក៏មាន គឺ​ចង់ដឹង​ពី​សុខទុក្ខ​ដូច​ជីវិត​មនុស្ស​ដូច្នោះ​ដែរ​។ ការណ៍​នេះហើយ ទើប​កសិករ សុខា បញ្ជាក់ថា ខ្លួន​មិន​រកស៊ី​អ្វី​ផ្សេង​ឡើយ​ក្រៅពី​ដាំ​បន្លែ ទោះ​គេ​មាន​លុយ​ច្រើនយ៉ាង​ណាក៏ដោយ​។​
 
​យ៉ាងណាក៏ដោយ ក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន កសិករ សុខា សង្កេតឃើញថា មាន​ផល​លំបាក​ខ្លះ​សម្រាប់​កសិករ​។ ក្នុងនោះ​ដូចជា​ការជ្រើសរើស​គ្រាប់ពូជ ជី តម្លៃ​អគ្គិសនី​នៅ​ខ្ពស់ និង​ទីផ្សារ​ជាដើម ជា​អ្វីដែល​ធ្វើឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហាក់​ដើរ​យឺត និង​មាន​តម្រូវការ​បន្លែ​ពី​ប្រទេសជិតខាង​នៅឡើយ​។ ក្រៅពី​ការខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​ចង់ឃើញ​វិស័យ​កសិកម្ម​កម្ពុជា​រីកចម្រើន​ហើយ​នោះ ក្នុងនោះ​សុខា ក៏​ចង់ឃើញ​ការចូលរួម​ពី​អ្នកមាន​ទ្រព្យធន​មួយចំនួន ក្នុង​វិស័យ​នេះដែរ​។ សុខា ថា អ្នកមាន​គួរ​វិនិយោគ​លើ​វិស័យនេះ​ឱ្យបាន​ច្រើន ព្រោះថា​ចង់​ដាំ​បន្លែ​ដែល​ជោគជ័យ​ទៅបាន គួរ​បោះទុន​ច្រើន ហើយ​គួរតែមាន​ការវិនិយោគ​ពី​អ្នកមាន​ក្នុងស្រុក​ឱ្យបាន​ច្រើន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com