សង្គមអន្តរជាតិ​
អន្តរជាតិ
វត្ថុ​ទាំង​ប្រាំ​ដែល​ចិន​បាន​បង្កើត​មុនគេ​ក្នុង​ប្រវត្តិសាស្ត្រ​
03, Feb 2019 , 10:59 pm        
រូបភាព
ប្រទេស​ចិន​ជា​ប្រទេសមួយ​ដែលមាន​អរិយធម៌ និង​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ​។ អាយុកាល​របស់​ប្រទេស​ចិន អាច​ត្រូវបាន​គេ​ប្រៀបធៀប​ជាមួយ​ប្រវត្តិសាស្ត្រ​នៃ​ក្រិ​ក ឥណ្ឌា ឬ​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល​ជាដើម ពោលគឺ​ជិត ៣០០០  ឆ្នាំ​។

 
​ក្នុង​រយៈពេល​ដ៏​យូរលង់​នេះ ប្រទេស​ចិន​បាន​បង្កើត​វត្ថុ​មួយចំនួន​ដែល​នៅតែមាន​ឥទ្ធិពល​សម្រាប់​មនុស្ស​ក្នុងពេល​សព្វថ្ងៃ​។ ដកស្រង់​ចេញពី​គេហទំព័រ​មានឈ្មោះ​ថា​science.howstuffswork.com ខាងក្រោម​នេះ​ជា​របស់​ដែល​បង្កើតឡើង​ដោយ​ការច្នៃប្រឌិត​របស់​ចិន​ពី បុរាណកាល​។ 
 
​ទី​១៖ ម្សៅ​រំសេវ​
សារធាតុ​នេះ​ត្រូវបាន​ប្រទេស​ជុំវិញ​ពិភពលោក​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​កាំភ្លើង អាវុធ កាំជ្រួច ផាវ គ្រាប់បែក និង​គ្រឿងផ្ទុះ​ដទៃទៀត​។ ប៉ុ​ន្តៃ​អ្នកស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​បានកំណត់​ដើមកំណើត​របស់​វា​មកពី​ប្រទេស​ចិន ក្នុងអំឡុង​សតវត្ស​ទី​១១​ក្រោយ​គ្រឹ​ស្ត​សករាជ​។ ក្នុងពេលនោះ ប្រជាជន​ចិន​ប្រើប្រាស់ ប៉ូ​តា​ស្យូ​ម​នីត្រាត ធ្យូង និង ស៊ុ​ល​ផួ ក្នុង​ការផលិត​រំសេវ​។ ដំបូង​ឡើយ​គេ​ប្រើ​វា​ក្នុង​គោលបំណង់​ធម្មតា​ប៉ុណ្ណោះ ដូចជា​កាំជ្រួច​លំអរ​ក្នុង​ពិធីបុណ្យ​ទេ​។ ក្រោយមក អ្នកជំនាញ​ជាច្រើន​អ្នក​ទៀត​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​គោលការណ៍​នៃ​ការ​បំផ្ទុះ​រំសេវ​នេះ ដើម្បី​ផលិត​កាំភ្លើង និង​ឧបករណ៍​សង្គ្រាម​ផ្សេងៗ​ទៀត​។ 
 
​ទី​២៖ ត្រីវិស័យ 
​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ មិន​ថា​តាម​សមុទ្រ ឬ​តាម​ដី​ទេ បច្ចុប្បន្ន​ពិភពលោក​មាន​ប្រព័ន្ធ GPS ទំនើប​ក្នុង​ការចង្អុល​ទិសដៅ និង​ចម្ងាយ​បាន​យ៉ាង​ច្បាស់លាស់​។ តែ​ពី​បុរាណកាល ត្រីវិស័យ​គឺជា​ឧបករណ៍​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អ្នកដំណើរ​រុករក​។ ហើយ​វា​ត្រូវបាន​គេ​កំណត់ថា មាន​ដើមកំណើត​ក្នុងប្រទេស​ចិន កាលពី​ជិត​៤០០​ឆ្នាំមុន​គ្រិស្តសករាជ​។ 
 
​ទី​៣៖ ក្រដាស 
​មុន​ក្រដាស​សរសេរ​ត្រូវបាន​គេ​បង្កើតឡើង មនុស្ស​សរសេរ​អក្សរ​នៅលើ​ស្លឹកឈើ បំពង់​ឬ​ស្សី បន្ទះក្តារ ឬ ដីឥដ្ឋ​។ ក្នុង​ឆ្នាំ​១០៥​ក្រោយ​គ្រិស្តសករាជ បុរស​ជនជាតិ​ចិន​ម្នាក់​មាន​ឈ្មោះថា Cai Lun បាន​ប្រើប្រាស់​កម្ទេច​ឈើ និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ក្នុង​ការផលិត​ក្រដាស​។ 
 
​ទី​៤៖ ឧបករណ៍​ប្រាប់​ពី​គ្រោះ​រញ្ជួយ​ដី​
​វា​មិនមែនជា​ឧបករណ៍​ទំនើប​ដែលមាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដូចនេះ​បច្ចុប្បន្ន​នោះទេ​។ កាលពី​ជិត​២០០០​ឆ្នាំមុន ក្នុង​រជ្ជកាល​របស់​រា​ជរ​ង្ស ហាន បុរស​ម្នាក់​មាន​ឈ្មោះថា Chang Heng បាន​បង្កើត​ឧបករណ៍​មួយ​ដែលមាន​គោលបំណង​ប្រាប់​ពី​រលក​រញ្ជួយ​ដី​។ វា​ធ្វើ​មកពី​ដែក លំអរ​ដោយ​រូប​នាគ និង​សត្វ​ជាច្រើន​ទៀត​។ ខាងក្នុង​មាន​បណ្តោង​ដែក​ដែល​អាច​រុញ​បាល់​ដែក​ចេញមកក្រៅ តម្រង់​ទៅរក​ទិសដៅ​នៃ​គ្រោះ​រញ្ជួយ​ដី​កើតឡើង​។ 
 
​ទី​៥៖ ក្រដាសប្រាក់​
នៅពេលដែល​ប្រទេស​ដទៃ​កំពុងតែ​ប្រើប្រាស់​មាស ប្រាក់ ឬ​គ្រឿង​មានតម្លៃ​សម្រាប់​ចាយ​
​វាយ​ប្រទេស​ចិន​បាន​បង្កើត​ក្រដាសប្រាក់​សម្រាប់​ចរាចរ​ក្នុង​ទីផ្សារ​តាំងពី​​សតវត្សទី ៧ នៃ​គ្រិស្តសករាជ​ណោះ​។ ការផ្លាស់ប្តូរ​វិធីសាស្ត្រ​ចាយវាយ​នេះ ត្រូវបាន​ប្រជាជន​ចិន​ធ្វើឡើង​ក្នុង​រជ្ជកាល​រាជរ​ង្ស តាំង​។ 

Tag:
 ចិន​
 ​ ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com