អន្តរជាតិ
អ្វី​ជា​ក្ដី​សុបិន​ចិន​?
04, Feb 2019 , 11:08 am        
រូបភាព
​ក្ដី​សុបិន​ចិន ត្រូវបាន​លើក​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១២ ដោយ​លោក ស៊ី ជិន​ភីង ដែល​ពេលនោះ​ទើប​អង្គុយ​កៅអី​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​។ ចាប់ពីពេលនោះ ប្រព័ន្ធ​ឃោសនា​ចិន​ក៏​ចាប់ផ្ដើម​យុទ្ធនាការ​លើកកម្ពស់​ក្ដី​សុបិន​ចិន​។ ក្នុងពេល​ថ្លែង​សុន្ទរកថា​លើកដំបូង​ក្នុងនាម​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ​២០១៣ លោក ស៊ី បានលើកឡើង​ពី​ពាក្យ​មួយ​ម៉ាត់​នេះ​ជា​ញឹកញយ​។ អ្វី​ទៅជា​ក្ដី​សុបិន ដែល​មេដឹកនាំ​ចិន​និយាយ​មិន​ដាច់​ពី​មាត់​?

 
​ក្ដី​សុបិន​ចិន សំដៅ​ដល់​មហិច្ឆតា​ការធ្វើ​ឲ្យ​ចិន​រឹងមាំ រីកចម្រើន​ឡើងវិញ និង​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​ក្នុង​យុគសម័យ​ថ្មី​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ដាក់ចេញ​មហិច្ឆតា​នេះ ចាត់ទុក​ក្ដី​សុបិន​ចិន ជា​គោលដៅ​របស់​រួម​របស់​ប្រជាជន​ទាំងអស់ មិន​ថា​ក្នុង ឬ​ក្រៅ​ស្រុក​ឡើយ រាប់ទាំង​តៃវ៉ាន់​ផង​។ លោក ស៊ី ផ្ទាល់ បាន​ភ្ជាប់​ទស្សនវិស័យ​ធំ​នេះ​ទៅនឹង​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ទៀត ដែល​ត្រូវ​កើតឡើង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០៤៩ ។ 
 
​ឆ្នាំ​២០២១ គឺជា​ខួប​ទី​១០០ នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន ដែល​សព្វថ្ងៃ​មាន​លោក ស៊ី ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម ឯ​ឆ្នាំ​២០៤៩ ជា​ខួប​ទី​១០០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​លោក ស៊ី ជា​ប្រធានាធិបតី​ដែរ​។ ចិន​ដាក់​គោលដៅ​ថា នៅ​ឆ្នាំ​២០២១ ចិន​ត្រូវ​ក្លាយជា​សង្គម​ដែលមាន​កម្រិត​រស់នៅ​សមរម្យ​។ សម្រាប់​ឆ្នាំ​២០៤៩ វិញ ចិន​ត្រូវតែ​ក្លាយ​ប្រទេស​មហាអំណាច​លើ​គ្រប់​វិស័យ​។​
 
​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ឆ្នាំ​២០១៤ លោក ស៊ី បញ្ជាក់ថា​៖ «​នៅពេល​បច្ចុប្បន្ន ប្រជាជន​ចិន​ដែល​ចង់ឃើញ​ការសម្រេច​ឲ្យ​បាន​គោលដៅ​១០០​ឆ្នាំ​ទាំងពីរ និង​ការ​ក្ដី​សុបិន​ចិន​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​ខ្លាំងក្លា​ឡើងវិញ​»​។ ការភ្ជាប់​គោលដៅ​ធំ​ទាំងនេះ​ជាមួយគ្នា មានន័យ​ស្មើនឹង​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសម្រេច​ឲ្យ​ក្ដី​សុបិន​ក្នុង​យុគសម័យ​ថ្មី​នេះដែរ​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៩ នៅសល់​ពីរ​ឆ្នាំ​ទៀត​នឹង​គោលដៅ​ទីមួយ គឺ​សង្គម​មួយ​ដែលមាន​វិបុលភាព​ល្អប្រសើរ​។ តាំងពី​ពេល​ដាក់ចេញ​ទស្សនៈវិស័យ​រួចមក លោក ស៊ី បាន​កាច់ចង្កូត​ចិន​ទៅមុខ​ក្នុង​ល្បឿន​លឿន​គួរ​ឲ្យ​កត់សម្គាល់​។ ទោះជា​កំណើន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់ពី​៧,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៣ មក​៦,៦​ភាគរយ​នៅ​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​ចិន​នៅតែ​ជា​ក្បាលម៉ាស៊ីន​អូស​សេដ្ឋកិច្ច​សាកល​ដដែល​។ 
 
​ភាពក្រីក្រ​ដែល​សូចនាករ​សំខាន់​ដើម្បី​វាស់​ស្ទង់​ភាព​រីកចម្រើន​នោះ ក៏​ត្រូវបាន​កាត់បន្ថយ​ច្រើន​ដែរ​។ ប្រាក់ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ពី​ជិត​៦​ពាន់​ដុល្លារ​ទៅដល់​ជាង​៨២០០​ដុល្លារ​។ ចំនួន​ប្រជាជន​ក្រីក្រ​ក៏​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​ចន្លោះ​ឆ្នាំ​២០១៣-២០១៦ ប្រជាជន​៥៥​លាន​នាក់​រួច​ផុតពី​ភាពក្រីក្រ ដែល​វា​ច្រើនជាង​ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​ទៅទៀត​។ ក្រុង​ប៉េកាំង​ដាក់​គោលដៅ​លុបបំបាត់​ភាពក្រីក្រ​ឲ្យ​អស់​នៅត្រឹម​ឆ្នាំ​២០២០ ។​
 
​មុន​ដល់​ឆ្នាំ​២០៤៩ ដែលជា​ខួប​ទី​១០០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្នាក់ដឹកនាំ​ចិន​បានដាក់​គោលដៅ​មួយ គឺ​ប្រែក្លាយ​ចិន​ទៅជា​ប្រទេស​សង្គមនិយម​ទំនើប​នៅ​ឆ្នាំ​២០៣៥ ។ លោក ស៊ី អះអាងថា ក្នុង​រយៈពេល​១៥ ឆ្នាំ (២០២០-២០៣៥) ចិន​នឹង​ទៅជា​ប្រទេស​មាន​ដែលមាន​ការច្នៃប្រឌិត​ថ្មី ជា​មហាអំណាច​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ជំរុញ​កម្រិត​រស់នៅរ​បស់​ប្រជាជន ហើយ​កាត់បន្ថយ​គម្លាត​អ្នកមាន និង​អ្នកក្រ​ផង​។​
 
​ចាប់ពី​ឆ្នាំ​២០៣៥ ទៅ ចិន​នៅមាន​ពេល​១៥​ឆ្នាំ​ទៀត​ដើម្បី​ក្លាយជា​មហាអំណាច​គ្រប់​វិស័យ​របស់​ពិភពលោក​នៅ​ឆ្នាំ​២០៤៩ ។ នៅត្រឹម​ពាក់កណ្ដាល​សតវត្សរ៍​ទី​២១  ចិន​មាន​សេដ្ឋកិច្ច នយោបាយ និង​សង្គម​កម្រិត​ដ៏​ខ្ពស់​មួយ ហើយ​ចិន​គឺជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​លើ​ពិភពលោក​។ សម្រាប់​លោក ស៊ី ពេលនោះ​ហើយ ដែល​ប្រជាជន​ចិន​អាច​ងើបមុខ​ដោយ​មោទកភាព​៕

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com