ហេតុអ្វី​គេ​និយម «​ដុត​ផាវ​,​លោត​ម៉ុង​សាយ​, ព្យួ​រ​គោម​ក្រហម​, ជូន​អាំង​ប៉ាវ និង​បិទ​ក្រដាស​ក្រហម​» នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​?
ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​គេ​និយម «​ដុត​ផាវ​,​លោត​ម៉ុង​សាយ​, ព្យួ​រ​គោម​ក្រហម​, ជូន​អាំង​ប៉ាវ និង​បិទ​ក្រដាស​ក្រហម​» នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​?
12, Feb 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
«​បុណ្យចូលឆ្នាំ​ចិន​» ឬ​ហៅ​ម្យ៉ាង​ទៀតថា​«​បុណ្យ​នា​និ​ទាឃ​រដូវ​» ដែលជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​ជនជាតិ​ចិន និង​វៀតណាម​។ សម្រាប់​ជនជាតិខ្មែរ​កាត់​ចិន ក៏​និយម​ប្រកាន់​ភ្ជាប់​ពិធីបុណ្យ​ប្រពៃណី​ចិន​នេះ​ផងដែរ​។ សម្រាប់​អ្នក​ដែល​មិន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ ពួកគេ​ប្រាកដជា​ស្រពេចស្រពិល​អំពី​ប្រវត្តិ​ពិត ថា​តើ​ហេតុអ្វី​បានជា​គេ​និយម «​លោត​ម៉ុង​សាយ​, ព្យួរ​គោម​ក្រហម​, ជូន​អាំង​ប៉ាវ និង​បិទ​ក្រដាស​ក្រហម​នៅតាម​ជញ្ជាំង​ផ្ទះ ។  តើ​ប្រពៃណី​ទាំងអស់នេះ មាន​ប្រវត្តិ​ពិតប្រាកដ​ដូចម្តេច​?


 
​ដើម្បី​ឲ្យ​ជ្រាប​កាន់តែច្បាស់ សូម​ស្តាប់​ការបកស្រាយ​របស់លោក លឹម ក​ញ្ច​រ៉ុង ទាក់ទង​នឹង​ប្រវត្តិ ដុត​ផាវ លោត​ម៉ុង​សាយ ព្យូ​រ​គោម​ក្រហម ជូន​អាំង​ប៉ាវ និង​បិទ​ក្រហម​ដូចតទៅ​៖ 


 
​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា​-​អាស៊ាន បាន​ប្រាប់ថា «​ការដុត​ផាវ​,​លោត​ម៉ុង​សាយ​, ព្យួ​រ​គោម​ក្រហម​, ជូន​អាំង​ប៉ាវ និង​បិទ​ក្រដាស​ក្រហម​» នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន គឺ​ទាក់ទង​នឹង​រឿងព្រេង​របស់​ជនជាតិ​ចិន ដែល​ដើមឡើយ​មាន​សត្វ​ចម្លែក​មួយ ឈ្មោះថា «​មាន​» ដែលមាន​រូបរាង​ដូចនឹង​សត្វ​ម៉ុង​សាយ​សព្វថ្ងៃ​។ 
 
​សត្វ​ចម្លែក​នេះ​តែងតែ​ចេញមក​ស៊ី​ក្មេងៗ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។  អ្នកភូមិ​ទាំងអស់​ក៏បាន​នាំគ្នារ​ត់ទៅ​កន្លែង​ដែល​ឆ្ងាយ ដើម្បី​រត់គេច​ពីស​ត្វ​ចម្លែក​នោះ​។ ដោយឡែក​មាន​តា​ចាស់​ម្នាក់ មិន​ព្រម​ចាក​ចេញពី​ភូមិ​នោះទេ ដោយសារ​លោកតា ចង់​ឃើញថា​រូបរាង​សត្វ​ចម្លែក​នោះ​។ តា​ចាស់​នោះ​មិន​ខ្លាច​នឹង​សត្វ​ចម្លែក​នោះ​ស៊ី​ទេ គាត់​បាន​ដុត​ភ្លើង​យ៉ាង​ធំ និង​បាន​យក​ដើម​ឬ​ស្សី​ជាច្រើន​ដើម មក​ធ្វើជា​សំឡេង​ចម្លែក​ផងដែរ​។ 
 
​លុះដល់​សត្វ​ចម្លែក​បានឃើញ​លោកតា​នោះ ក៏​វា​មិន​ហ៊ាន​ចូល​ស៊ី​លោកតា​ម្នាក់​នោះទេ ដោយសារតែ​សត្វ​នោះ​ខ្លាច​ភ្លើងពណ៌​ក្រហម និង​សម្លេង​ដើម​ឬ​ស្សី ដូច្នេះ​គេ​សន្មត​ថាស​ត្វ​នោះ​ខ្លាច​អ្វីៗ ដែលមាន​ពណ៌​ក្រហម និង​សម្លេង​ខ្លាំងៗ​ពី​ដើម​ឬ​ស្សី ទើប​គេ​បង្កើតបានជា​គោម​ក្រហម ក្រដាស​ក្រហម​សម្រាប់​បិទ​នៅមុខ​ផ្ទះ មុខទ្វារ ឬ​នៅលើ​ដើមឈើ និង​ជូន​អាំង​ប៉ាវ​ក្រហម ព្រមទាំង​ការដុត​ផាវ នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នោះ គឺ​ដើម្បី​បណ្តេញ​សត្វ​ចង្រៃ​នោះ​ចេញ​។ ពលរដ្ឋ​ចិន វៀតណាម និង​កូន​ខ្មែរ​កាត់​ចិន មានជំនឿថា ប្រពៃណី​ទាំងអស់នោះ នឹង​នាំ​សេចក្តីសុខ​ដល់​ក្រុមគ្រួសារ​ខ្លួន ទើប​ពួកគេ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ឡើង​មិនដែល​ខកខាន​ឡើយ​។ នេះ​បើតាម​ការបកស្រាយ​រប​ស់លោក លឺ​ម ក​ញ្ច​រ៉ុង ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​៕ 
  
 

Tag:
 ​ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com